គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 5:10-25 Khmer Standard Version (KHSV)

10. ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល គង់​នៅ​ជា​មួយ។

11. ព្រះ‌បាទ​ហ៊ី‌រ៉ាម ជា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តា‌ត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។

12. ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ស្ដេច​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​ស្ដេច​បាន​ចម្រុង‌ចម្រើន​ឡើង ព្រោះ​តែ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ។

13. ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេប្រូន​មក​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​មាន​ស្នំ​ឯក និង​មហេសី​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ថ្វាយ​ស្ដេច។

14. នេះ​ជា​បញ្ជី​រាយ​នាម​បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​សាំមួរ សូបាប់ ណាថាន សាឡូម៉ូន

15. យីប‌ហារ អេលី‌សួ នេផេក យ៉ាភា

16. អេលី‌សាម៉ា អេលា‌ដា និង​អេលី‌ផាលេត។

17. កាល​ជន‌ជាតិ​ភីលីស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​យាង​ទៅ​ជ្រក​ក្នុង​ជម្រក​មួយ។

18. ជន‌ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម។

19. ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះ‌អង្គ​ប្រ គល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ដែរ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។

20. ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ដល់​បាល-‌ពេរ៉ា‌ស៊ីម ហើយ​វាយ​ឈ្នះ​ពួក​ភីលីស្ទីន​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​មុខ​ខ្ញុំ ដូច​ទឹក​បាក់​ទំនប់»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បាល-‌ពេរ៉ា‌ស៊ីម។

21. ពេល​បាក់​ទ័ព​រត់​ទៅ កង‌ទ័ព​ភីលីស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​គេ នៅ​នឹង​កន្លែង។ ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​បាន​ប្រមូល​យក​រូប​ព្រះ​ទាំង​នោះ។

22. ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព​នៅ​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម​សា​ជា​ថ្មី។

23. ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​មក​វិញ។

24. កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ដ្បិត​គឺ​ពេល​នោះ​ហើយ ដែល​យើង​ជា​ព្រះ‌អម្ចាស់​នាំ​មុខ​អ្នក​វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។

25. ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ទ្រង់​វាយ​ឈ្នះ​ពួក​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេ‌បា រហូត​ដល់​ក្រុង​កេ‌ស៊ើរ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 5