គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 4:6-12 Khmer Standard Version (KHSV)

6. ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ដំណាក់​ស្ដេច ធ្វើ​ហាក់​ដូច​ជា​ទៅ​យក​ស្រូវ ហើយ​ចាក់​ស្ដេច​មួយ​កាំបិត​ត្រង់​ពោះ​។ បន្ទាប់​មក លោក​រេកាប និង​លោក​បាណា ជា​ប្អូន ក៏​នាំ​គ្នា​រត់​ចេញ​ទៅ។

7. មុន​ដំបូង ពួក​គេ​ចូល​ទៅ​ក្នុង​ដំណាក់ នៅ​ពេល​ដែល​ព្រះ‌បាទ​អ៊ីស‌បូសែត​កំពុង​ផ្ទំ​លើ​ព្រះ‌ទែន ក្នុង​ក្រឡា‌បន្ទំ។ ពួក​គេ​ធ្វើ​គុត​ស្ដេច ហើយ​កាត់​យក​ព្រះ‌សិរសា រួច​នាំ​គ្នា​ចេញ​ទៅ។ ពួក​គេ​ដើរ​អស់​មួយ​យប់ កាត់​តាម​តំបន់​អារ៉ា‌បា។

8. ពួក​គេ​យក​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត​ទៅ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ហើយ​ទូល​ព្រះ‌រាជា​ថា៖ «នេះ​ជា​ព្រះ‌សិរសា​របស់​ស្ដេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ដែល​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា។ ព្រះ‌បាទ​សូល​តែងតែ​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ករុណា ថ្ងៃ​នេះ ព្រះ‌អម្ចាស់ បាន​សង‌សឹក​ព្រះ‌បាទ​សូល និង​រាជ‌វង្ស ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់​ហើយ!»។

9. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​រេកាប និង​លោក​បាណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បៀរ៉ុត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា

10. ពេល​បុរស​ម្នាក់​មក​ប្រាប់​ខ្ញុំ​អំពី​ព្រះ‌បាទ​សូល​សោយ​ទិវង្គត​នោះ គេ​នឹក​ស្មាន​ថា ខ្លួន​នាំ​ដំណឹង‌ល្អ​មក​ប្រាប់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​អ្នក​នោះ​សម្លាប់ នៅ​ក្រុង​ស៊ីគ‌ឡាក់ ដើម្បី​តប​ស្នង​នឹង​ដំណឹង‌ល្អ​របស់​គេ!

11. ឥឡូវ​នេះ ពេល​មនុស្ស​អាក្រក់​ធ្វើ​ឃាត​មនុស្ស​សុចរិត​ដែល​កំពុង​តែ​ដេក​លក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន តើ​ខ្ញុំ​គួរ​យក​អ្វី​ទៅ​តប​ស្នង​វិញ ក្រៅ​ពី​លុប​បំបាត់​ឃាត‌ក​ចេញ​ពី​ផែនដី?»។

12. ព្រះ‌បាទ​ដាវីឌ​បាន​បញ្ជា​ឲ្យ​ពួក​ទាហាន​យក​លោក​រេកាប និង​លោក​បាណា​ទៅ​សម្លាប់។ គេ​កាត់​ដៃ​កាត់​ជើង​អ្នក​ទាំង​ពីរ យក​ទៅ​ចង​ព្យួរ​ជិត​បឹង​នៅ​ក្រុង​ហេប្រូន។ រីឯ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត​វិញ គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​អប៊ី‌នើរ នៅ​ក្រុង​ហេប្រូន។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 4