គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 3:29-39 Khmer Standard Version (KHSV)

29. សូម​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់! សូម​ឲ្យ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅ‌ងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។

30. លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន បាន​សម្លាប់​លោក​អប៊ី‌នើរ ព្រោះ​លោក​អប៊ី‌នើរ​បាន​សម្លាប់​លោក​អេសា‌អែល ជា​ប្អូន​របស់​ពួក​លោក ក្នុង​ពេល​ប្រយុទ្ធ​នៅ​គីបៀន។

31. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​ហែក​សម្លៀក‌បំពាក់ រួច​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​សព​របស់​លោក​អប៊ី‌នើរ​ទៅ»។ ព្រះ‌បាទ​ដាវីឌ​យាង​តាម​ក្រោយ​មឈូស។

32. គេ​បាន​បញ្ចុះ​សព​លោក​អប៊ី‌នើរ​នៅ​ក្រុង​ហេប្រូន។ ព្រះ‌រាជា​ទ្រង់​ព្រះ‌កន្សែង ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​យំ​ដែរ។

33. បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​លើក​ទំនុក​មួយ​រំឭក​ពី​លោក​អប៊ី‌នើរ ដូច​ត​ទៅ៖«អប៊ី‌នើរ​អើយ លោក​មិន​គួរ​ស្លាប់ដូច​មនុស្ស​លេលា​បែប​នេះ​សោះ!

34. ដៃ​របស់​លោក​គ្មាន​ជាប់​ចំណងជើង​របស់​លោក​ក៏​គ្មាន​ជាប់​ច្រវាក់​ដែរតែ​លោក​បាន​ដួល​ស្លាប់ដូច​គេ​ដួល​ស្លាប់​នៅ​មុខ​ជន​ទុច្ចរិត»។ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ស្ដាយ​លោក​អប៊ី‌នើរ​សា​ជា​ថ្មី។

35. បន្ទាប់​មក ពួក​គេ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ដើម្បី​ថ្វាយ​ព្រះ‌ស្ងោយ​ទាន់​មេឃ​នៅ​ភ្លឺ ប៉ុន្តែ ព្រះ‌រាជា​សច្ចា​ថា៖ «ប្រសិន​បើ​យើង​បរិភោគ​នំប៉័ង ឬ​អ្វី​ក៏​ដោយ មុន​ពេល​ថ្ងៃ​លិច សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​យើង​ចុះ!»។

36. ឃើញ​ដូច្នេះ ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​ណាស់ គឺ​ដូច​គេ​តែងតែ​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​ឯ​ទៀតៗ ដែល​ព្រះ‌រាជា​បាន​ធ្វើ​ដែរ។

37. នៅ​ថ្ងៃ​នោះ កង‌ទ័ព និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ថា ព្រះ‌រាជា​មិន​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ទេ។

38. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ដឹង​ទេ​ថា ថ្ងៃ​នេះ អ៊ីស្រា‌អែល​បាត់​បង់​វរ‌ជន​មួយ​រូប ដែល​ជា​មេ​ដឹក​នាំ​ដ៏​សំខាន់!

39. ទោះ​បី​ព្រះ‌ជាម្ចាស់​បាន​ចាក់​ប្រេង​អភិ‌សេក​ខ្ញុំ​ជា​ស្ដេច​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូយ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 3