គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 3:21-34 Khmer Standard Version (KHSV)

21. លោក​អប៊ី‌នើរ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ប្រុង​ប្រៀប​ខ្លួន នឹង​ចេញ​ទៅ​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ជា​អម្ចាស់។ ពួក​គេ​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌ករុណា ហើយ​ពេល​នោះ ព្រះ‌ករុណា​គ្រង​រាជ្យ​លើ​ស្រុក​នេះ​ទាំង​មូល តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា»។ ព្រះ‌បាទ​ដាវីឌ​អនុញ្ញាត​ឲ្យ​លោក​អប៊ី‌នើរ​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។

22. បន្តិច​ក្រោយ​មក លោក​យ៉ូអាប់ និង​ពល​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ វិល​មក​ពី​ច្បាំង​វិញ ទាំង​នាំ​យក​ជយ‌ភ័ណ្ឌ​យ៉ាង​សន្ធឹក​សន្ធាប់​មក​ជា​មួយ​ផង។ ពេល​នោះ លោក​អប៊ី‌នើរ​ពុំ​បាន​នៅ​ក្នុង​ក្រុង​ហេប្រូន​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ទេ ដ្បិត​ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​លោក​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។

23. កាល​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល​ដែល​នៅ​ជា​មួយ​លោក​មក​ដល់ មាន​គេ​ជម្រាប​លោក​ថា៖ «លោក​អប៊ី‌នើរ ជា​កូន​របស់​នើរ បាន​ចូល​មក​គាល់​ព្រះ‌រាជា ហើយ​ស្ដេច​អនុញ្ញាត​ឲ្យ​គាត់​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត»។

24. លោក​យ៉ូអាប់​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ធ្វើ​ដូច្នេះ? អប៊ី‌នើរ​ចូល​មក​គាល់​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ ដោយ​ស្រួល។

25. ព្រះ‌ករុណា​ស្គាល់​អប៊ី‌នើរ ដែល​ជា​កូន​របស់​លោក​នើរ​ស្រាប់​ហើយ! គឺ​គេ​មក​នេះ ដើម្បី​បោក​បញ្ឆោត​ព្រះ‌ករុណា ដើម្បី​ស៊ើប‌ការណ៍​អំពី​ក្បួន​យុទ្ធ‌សាស្ត្រ​របស់​ព្រះ‌ករុណា និង​ដឹង​អំពី​គ្រប់​កិច្ចការ​ដែល​ព្រះ‌ករុណា​កំពុង​ធ្វើ»។

26. លោក​យ៉ូអាប់​ចាក​ចេញ​ពី​ស្ដេច ហើយ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​តាម​លោក​អប៊ី‌នើរ។ ពួក​គេ​ហៅ​លោក​អប៊ី‌នើរ​ពី​អណ្ដូង​ទឹក​ស៊ីរ៉ា​មក​វិញ។ ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ជ្រាប​ពី​រឿង​នេះ​ទេ។

27. កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់ ដោយ​សម្ងាត់។ នៅ​ទី​នោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។

28. ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​ជ្រាប​អំពី​រឿង​នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់​ជ្រាប​ថា ខ្ញុំ និង​រាជ្យ​របស់​ខ្ញុំ ឥត​មាន​ពាក់‌ព័ន្ធ​នឹង​រឿង​ឃាត‌កម្ម​លើ​រូប​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ទេ។

29. សូម​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់! សូម​ឲ្យ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅ‌ងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។

30. លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន បាន​សម្លាប់​លោក​អប៊ី‌នើរ ព្រោះ​លោក​អប៊ី‌នើរ​បាន​សម្លាប់​លោក​អេសា‌អែល ជា​ប្អូន​របស់​ពួក​លោក ក្នុង​ពេល​ប្រយុទ្ធ​នៅ​គីបៀន។

31. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​ហែក​សម្លៀក‌បំពាក់ រួច​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​សព​របស់​លោក​អប៊ី‌នើរ​ទៅ»។ ព្រះ‌បាទ​ដាវីឌ​យាង​តាម​ក្រោយ​មឈូស។

32. គេ​បាន​បញ្ចុះ​សព​លោក​អប៊ី‌នើរ​នៅ​ក្រុង​ហេប្រូន។ ព្រះ‌រាជា​ទ្រង់​ព្រះ‌កន្សែង ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​យំ​ដែរ។

33. បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​លើក​ទំនុក​មួយ​រំឭក​ពី​លោក​អប៊ី‌នើរ ដូច​ត​ទៅ៖«អប៊ី‌នើរ​អើយ លោក​មិន​គួរ​ស្លាប់ដូច​មនុស្ស​លេលា​បែប​នេះ​សោះ!

34. ដៃ​របស់​លោក​គ្មាន​ជាប់​ចំណងជើង​របស់​លោក​ក៏​គ្មាន​ជាប់​ច្រវាក់​ដែរតែ​លោក​បាន​ដួល​ស្លាប់ដូច​គេ​ដួល​ស្លាប់​នៅ​មុខ​ជន​ទុច្ចរិត»។ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ស្ដាយ​លោក​អប៊ី‌នើរ​សា​ជា​ថ្មី។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 3