8. ក្រោយពីបានធ្វើដំណើរកាត់ស្រុកទាំងមូលអស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃមក ពួកគេក៏វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។
9. លោកយ៉ូអាប់ចូលទៅទូលស្ដេចអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រាអែល មានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន ៨០០ ០០០ នាក់ និងនៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។
10. ព្រះបាទដាវីឌដឹងខ្លួនប្រព្រឹត្តខុសដោយបានជំរឿនប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
11. នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖
12. «ចូរទៅប្រាប់ស្ដេចដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។
13. លោកកាដចូលទៅគាល់ព្រះបាទដាវីឌទូលថា៖ «តើព្រះករុណាសព្វព្រះទ័យឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលប្រាំពីរឆ្នាំ ឬក៏ព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខខ្មាំងសត្រូវអស់រយៈពេលបីខែ ឬក៏ចង់ឲ្យជំងឺអាសន្នរោគកើតឡើងនៅក្នុងស្រុកអស់រយៈពេលបីថ្ងៃ? សូមព្រះករុណាពិចារណាមើលចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ ដែលចាត់ទូលបង្គំឲ្យមក»។