គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 24:17-25 Khmer Standard Version (KHSV)

17. កាល​ព្រះ‌បាទ​ដាវីឌ​ឃើញ​ទេវតា​ប្រហារ​ជីវិត​ប្រជា‌ជន​ដូច្នេះ ស្ដេច​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​ទេ​តើ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប! ទូលបង្គំ​បាន​ប្រព្រឹត្ត​ខុស រីឯ​ប្រជា‌ជន​នេះ​វិញ​ពុំ​បាន​ធ្វើ​អំពើ​អាក្រក់​ណា​ទេ។ សូម​ព្រះ‌អង្គ​ដាក់​ទោស​ទូលបង្គំ និង​ក្រុម​គ្រួសារ​ទូលបង្គំ​ចុះ!»។

18. នៅ​ថ្ងៃ​ដដែល​នោះ ព្យាការី​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ហើយ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ទី​នោះ​ចុះ!»។

19. ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​តាម​ពាក្យ​របស់​លោក​កាដ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់។

20. កាល​លោក​អរ៉ៅ‌ណា​ក្រឡេក​ទៅ​ឃើញ​ស្ដេច ព្រម​ទាំង​ពួក​នាម៉ឺន កំពុង​ចូល​មក​រក​លោក លោក​ក៏​ចេញ​ទៅ​ទទួល ហើយ​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច អោន​មុខ​ដល់​ដី។

21. លោក​អរ៉ៅ‌ណា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! ទ្រង់​យាង​មក​ផ្ទះ​ទូលបង្គំ​មាន​ការ​អ្វី​ដែរ?»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មក​ទិញ​លាន​បោក​ស្រូវ​របស់​អ្នក សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ផុត​ពី​គ្រោះ​កាច»។

22. លោក​អរ៉ៅ‌ណា​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «សូម​ព្រះ‌ករុណា​ជា​អម្ចាស់​យក​អ្វីៗ​តាម​តែ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចុះ ហើយ​សូម​យក​គោ​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះ‌អម្ចាស់ យក​រនាស់ និង​នឹម​ធ្វើ​ជា​អុស។

23. បពិត្រ​ព្រះ‌រាជា ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់​ដល់​ព្រះ‌រាជា ឲ្យ​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ករុណា​សព្វ​ព្រះ‌ហឫទ័យ​ទទួល​តង្វាយ​នេះ!»។

24. ប៉ុន្តែ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នេះ​ពី​លោក​ពេញ​ថ្លៃ។ យើង​មិន​អាច​យក​យញ្ញ‌បូជា​ដែល​យើង​មិន​បង់​ប្រាក់ ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​នោះ​ឡើយ!»។ ព្រះ‌បាទ​ដាវីឌ​ទិញ​លាន​បោក​ស្រូវ និង​គោ អស់​ប្រាក់​សុទ្ធ​ចំនួន​ហា‌សិប​ស្លឹង។

25. ព្រះ‌បាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​កន្លែង​នោះ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ព្រះ‌អម្ចាស់​ក៏​ប្រណី​សន្ដោស​ស្រុក​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​បាន​រួច​ផុត​ពី​គ្រោះ​កាច។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 24