គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 24:11-16 Khmer Standard Version (KHSV)

11. នៅ​ថ្ងៃ​បន្ទាប់ ពេល​ព្រះ‌បាទ​ដាវីឌ​តើន​ឡើង ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្យាការី​កាដ ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​ដាវីឌ ដូច​ត​ទៅ៖

12. «ចូរ​ទៅ​ប្រាប់​ស្ដេច​ដាវីឌ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ!”»។

13. លោក​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ឬ​ក៏​ព្រះ‌ករុណា​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ព្រះ‌ករុណា​ពិចារណា​មើល​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​ចាត់​ទូលបង្គំ​ឲ្យ​មក»។

14. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌អម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង»។

15. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ព្រឹក​នោះ​រហូត​ដល់​ពេល​កំណត់។ ពី​ក្រុង​ដាន់​ដល់​ក្រុង​បៀរ‌សេបា មាន​ប្រជា‌ជន​ស្លាប់​ទាំង​អស់ ៧០ ០០០​នាក់។

16. កាល​ទេវតា​លើក​ដៃ​ឡើង​បម្រុង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ព្រះ‌អម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​អាណិត មិន​ព្រម​ដាក់​ទោស​ក្រុង​នេះ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា ដែល​កំពុង​បំផ្លាញ​ប្រជា‌ជន​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេ‌ប៊ូស។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 24