គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 24:1-16 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​ទ្រង់​ពិរោធ​សា​ជា​ថ្មី ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌អង្គ​ជំរុញ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​បង្ក​វិបត្តិ​មួយ​ដល់​ពួក​គេ ដោយ​បង្គាប់​ស្ដេច​ឲ្យ​ធ្វើ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា។

2. ពេល​លោក​យ៉ូអាប់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព នៅ​ជា​មួយ​ស្ដេច ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ចូរ​លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល គឺ​ចាប់​ពី​ក្រុង​ដាន់​រហូត​ទៅ​ដល់​ក្រុង​បៀរ‌សេបា ហើយ​ធ្វើ​ជំរឿន​ប្រជា‌ជន ដ្បិត​យើង​ចង់​ដឹង​ថា ពួក​គេ​មាន​ចំនួន​ប៉ុន្មាន»។

3. លោក​យ៉ូអាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ ហើយ​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​ទត​ឃើញ​ផ្ទាល់​នឹង​ព្រះ‌នេត្រ​ផង។ ប៉ុន្តែ ហេតុ​អ្វី​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ប្រព្រឹត្ត​អំពើ​នេះ?»។

4. ដោយ​បញ្ជា​របស់​ស្ដេច​មាន​លក្ខណៈ​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់ និង​មេ‌ទ័ព​ឯ​ទៀតៗ ត្រូវ​តែ​អនុវត្ត​តាម។ គេ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះ‌រាជា ដើម្បី​ទៅ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល។

5. ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ជំរំ​នៅ​ខាង​ត្បូង​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​កាដ រួច​ទៅ​ក្រុង​យ៉ា‌ស៊ើរ។

6. បន្ទាប់​មក ពួក​គេ​ទៅ​ដល់​ស្រុក​កាឡាដ និង​ស្រុក​ថាសធីម-‌ហុដស៊ី រួច​ទៅ​ស្រុក​ដាន់‌យ៉ាអន និង​តំបន់​ស៊ីដូន។

7. ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរ‌សេបា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។

8. ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​មូល​អស់​រយៈ​ពេល​ប្រាំ​បួន​ខែ​ម្ភៃ​ថ្ងៃ​មក ពួក​គេ​ក៏​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

9. លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ស្ដេច​អំពី​ចំនួន​ប្រជា‌ជន គឺ​នៅ​ស្រុក​អ៊ីស្រា‌អែល មាន​ពល​ទាហាន​ដែល​អាច​ប្រដាប់​អាវុធ​ធ្វើ​សឹក​បាន ៨០០ ០០០ នាក់ និង​នៅ​ស្រុក​យូដា​មាន​ចំនួន ៥០០ ០០០ នាក់។

10. ព្រះ‌បាទ​ដាវីឌ​ដឹង​ខ្លួន​ប្រព្រឹត្ត​ខុស​ដោយ​បាន​ជំរឿន​ប្រជា‌ជន​ដូច្នេះ ស្ដេច​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​អត់‌ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។

11. នៅ​ថ្ងៃ​បន្ទាប់ ពេល​ព្រះ‌បាទ​ដាវីឌ​តើន​ឡើង ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្យាការី​កាដ ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​ដាវីឌ ដូច​ត​ទៅ៖

12. «ចូរ​ទៅ​ប្រាប់​ស្ដេច​ដាវីឌ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ!”»។

13. លោក​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ឬ​ក៏​ព្រះ‌ករុណា​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ព្រះ‌ករុណា​ពិចារណា​មើល​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​ចាត់​ទូលបង្គំ​ឲ្យ​មក»។

14. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌អម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង»។

15. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ព្រឹក​នោះ​រហូត​ដល់​ពេល​កំណត់។ ពី​ក្រុង​ដាន់​ដល់​ក្រុង​បៀរ‌សេបា មាន​ប្រជា‌ជន​ស្លាប់​ទាំង​អស់ ៧០ ០០០​នាក់។

16. កាល​ទេវតា​លើក​ដៃ​ឡើង​បម្រុង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ព្រះ‌អម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​អាណិត មិន​ព្រម​ដាក់​ទោស​ក្រុង​នេះ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា ដែល​កំពុង​បំផ្លាញ​ប្រជា‌ជន​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេ‌ប៊ូស។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 24