គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 23:14-23 Khmer Standard Version (KHSV)

14. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង‌មាំ​មួយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កង‌ទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

15. ព្រះ‌បាទ​ដាវីឌ​ស្រេក​ទឹក ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម មក​ឲ្យ​យើង?»។

16. ពេល​នោះ ទាហាន​ដ៏​អង់‌អាច​ទាំង​បី​រូប​នាំ​គ្នា​សម្រុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ភីលីស្ទីន ហើយ​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។ ប៉ុន្តែ ស្ដេច​មិន​ព្រម​សោយ​ទេ ទ្រង់​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី ថ្វាយ​ព្រះ‌អម្ចាស់។

17. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​ទឹក​នេះ​ទេ ដ្បិត​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន​ដែល​បាន​ប្រថុយ​ជីវិត ដើម្បី​ទៅ​ដង​យក​មក»។ ដូច្នេះ ស្ដេច​មិន​ព្រម​សោយ​ទឹក​នោះ​ទេ។ នេះ​ហើយ​ជា​ស្នា‌ដៃ​ដែល​ទាហាន​អង់‌អាច​ទាំង​បី​រូប​បាន​ប្រព្រឹត្ត។

18. លោក​អប៊ី‌សាយ​ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​ប្រមុខ​នៃ​មេ‌ទ័ព​ទាំង​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ក្រុម​មេ‌ទ័ព​ទាំង​បី។

19. ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី លោក​ទទួល​កិត្តិយស​ខ្លាំង​ជាង​គេ លោក​ជា​ប្រមុខ​លើ​មេ‌ទ័ព​ទាំង​បី តែ​លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេ‌ទ័ព​បី​រូប​ទៀត​ឡើយ។

20. លោក​បេណា‌យ៉ា អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នា‌ដៃ​យ៉ាង​ច្រើន គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អរាល​ពីរ​នាក់​ពី​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ធ្លាក់​ទឹក​កក។

21. លោក​ក៏​បាន​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​រូប​រាង​ធំ​សម្បើម ប្រដាប់​ដោយ​លំពែង។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នោះ​បាន ហើយ​ចាក់​សម្លាប់​គេ​នឹង​លំពែង​នោះ​ទៅ។

22. នេះ​ហើយ​ជា​ស្នា‌ដៃ​របស់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ក្រុម​ទាំង​បី​រូប។

23. ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ តែ​លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​មេ‌ទ័ព​ទាំង​បី​រូប​បាន​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ‌រក្ស។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 23