គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 21:9-17 Khmer Standard Version (KHSV)

9. ព្រះ‌រាជា​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​អ្នក​ស្រុក​គីបៀន ដើម្បី​យក​ទៅ​ចង ក នៅ​លើ​ភ្នំ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ពួក​គេ​ទាំង​ប្រាំ‌ពីរ​នាក់​បាន​ស្លាប់​ជា​មួយ​គ្នា នៅ​ដើម​រដូវ​ចម្រូត។

10. នាង​រីស‌ប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាក‌សព។ នៅ​ពេល​ថ្ងៃ នាង​ដេញ​សត្វ​មិន​ឲ្យ​ហើរ​មក​ទំ​លើ​សាក‌សព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។

11. គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ពី​ការ​ដែល​នាង​រីស‌ប៉ា ជា​កូន​របស់​លោក​អយ៉ា និង​ជា​ស្នំ​របស់​ព្រះ‌បាទ​សូល​បាន​ប្រព្រឹត្ត។

12. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ពី​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ។ ក្រោយ​ពេល​ព្រះ‌បាទ​សូល​ទទួល​បរា‌ជ័យ​នៅ​គីល‌បោ ជន‌ជាតិ​ភីលីស្ទីន​បាន​យក​សព​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ ទៅ​ព្យួរ​នៅ​ទីធ្លា​ក្រុង​បេត‌សាន ហើយ​អ្នក​ក្រុង​យ៉ាបេស​នាំ​គ្នា​លួច​យក​មក​វិញ។

13. ព្រះ‌បាទ​ដាវីឌ​នាំ​យក​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ព្រម​ទាំង​ប្រមូល​យក​អដ្ឋិ‌ធាតុ​របស់​អ្នក​ទាំង​ប្រាំ‌ពីរ ដែល​គេ​ចង​ក​នោះ​មក​ដែរ។

14. គេ​បាន​បញ្ចុះ​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ក្នុង​ផ្នូរ​របស់​លោក​គីស ជា​បិតា​របស់​ព្រះ‌បាទ​សូល​នៅ​សេឡា ក្នុង​ស្រុក​បេន‌យ៉ាមីន។ គេ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​បញ្ជា​របស់​ស្ដេច ហើយ​ព្រះ‌ជាម្ចាស់​ទ្រង់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដល់​ស្រុក​នោះ​វិញ។

15. ពេល​នោះ ជន‌ជាតិ​ភីលីស្ទីន​បាន​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី។ ព្រះ‌បាទ​ដាវីឌ​នាំ​ពល​ទាហាន​ចេញ​ទៅ​វាយ​ជន‌ជាតិ​ភីលីស្ទីន។ ព្រះ‌បាទ​ដាវីឌ​នឿយ‌ហត់​ជា​ខ្លាំង។

16. ជន‌ជាតិ​ភីលីស្ទីន​ម្នាក់​ឈ្មោះ​យីសប៊ី-‌បេណូប ជា​កូន​ចៅ​ហារ៉ាផា គាត់​មាន​លំពែង​លង្ហិន​មួយ ទម្ងន់​ជាង​បី​គីឡូ​ក្រាម និង​ប្រដាប់​ដោយ​អាវុធ​ថ្មី។ គាត់​មាន​បំណង​នឹង​ធ្វើ​គុត​ព្រះ‌បាទ​ដាវីឌ។

17. ប៉ុន្តែ លោក​អប៊ី‌សាយ ជា​កូន​របស់​លោក​ស្រី​សេរូយ៉ា ទៅ​ជួយ​ព្រះ‌បាទ​ដាវីឌ ហើយ​សម្លាប់​ជន‌ជាតិ​ភីលីស្ទីន​នោះ។ ពល​ទាហាន​ទាំង​អស់​ទទូច​អង្វរ​ព្រះ‌បាទ​ដាវីឌ សូម​កុំ​ឲ្យ​ស្ដេច​យាង​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាត់​បង់​ស្ដេច។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 21