គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 21:1-10 Khmer Standard Version (KHSV)

1. ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​បណ្ដាល​មក​ពី​សូល និង​ពូជ‌ពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​គីបៀន»។

2. ព្រះ‌រាជា​បាន​កោះ​ហៅ​អ្នក​ស្រុក​គីបៀន​មក ដើម្បី​សាក​សួរ (អ្នក​ស្រុក​ពុំ​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូរី​ដែល​នៅ​សេស‌សល់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ស្បថ​ថា ទុក​ជីវិត​ឲ្យ​ពួក​គេ ប៉ុន្តែ ព្រះ‌បាទ​សូល​រក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ដើម្បី​សម្តែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា​ឃើញ​ថា​ស្ដេច​ស្នេហា​ជាតិ)។

3. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ពួក​គេ​ថា៖ «តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ្នក​រាល់​គ្នា? តើ​យើង​អាច​លាង​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ពិធី​ណា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជូន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់»។

4. អ្នក​ស្រុក​គីបៀន​តប​ថា៖ «បំណុល​ដែល​ព្រះ‌បាទ​សូល និង​រាជ‌វង្សា‌នុវង្ស​ជំពាក់​យើង​ខ្ញុំ ពុំ​អាច​សង​ដោយ​មាស ឬ​ប្រាក់​ទេ ឬ​ដោយ​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ឡើយ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ចង់​បាន យើង​នឹង​ធ្វើ​តាម»។

5. អ្នក​ស្រុក​គីបៀន​ទូល​ស្ដេច​ថា៖ «ព្រះ‌បាទ​សូល​មាន​គោល​បំណង​កម្ទេច និង​ប្រល័យ​យើង​ខ្ញុំ​ឲ្យ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​ឲ្យ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ឡើយ។

6. ដូច្នេះ សូម​ព្រះ‌ករុណា​ប្រគល់​មនុស្ស​ប្រាំ‌ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង​ក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​គីបៀរ ជា​ក្រុង​របស់​ព្រះ‌បាទ​សូល ជា​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។

7. ព្រះ‌បាទ​ដាវីឌ​សន្ដោស​ប្រណី​ដល់​លោក​មេភី‌បូសែត ជា​បុត្រ​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល ព្រោះ​តែ​ពាក្យ​ដែល​ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

8. ព្រះ‌រាជា​បង្គាប់​គេ​ឲ្យ​ទៅ​ចាប់​លោក​អើ‌ម៉ូនី និង​លោក​មេភី‌បូសែត ជា​កូន​របស់​នាង​រីស‌ប៉ា ដែល​ជា​កូន​ស្រី​របស់​លោក​អយ៉ា គឺ​បុត្រ​ដែល​នាង​បាន​បង្កើត​ថ្វាយ​ព្រះ‌បាទ​សូល។ ព្រះ‌រាជា​ក៏​ឲ្យ​គេ​ចាប់​កូន​ប្រុស​ទាំង​ប្រាំ​របស់​នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល គឺ​ជា​កូន​ដែល​នាង​បាន​បង្កើត​ជូន​លោក​អទ្រី‌អែល ជា​កូន​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​មហូ‌ឡា។

9. ព្រះ‌រាជា​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​អ្នក​ស្រុក​គីបៀន ដើម្បី​យក​ទៅ​ចង ក នៅ​លើ​ភ្នំ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ពួក​គេ​ទាំង​ប្រាំ‌ពីរ​នាក់​បាន​ស្លាប់​ជា​មួយ​គ្នា នៅ​ដើម​រដូវ​ចម្រូត។

10. នាង​រីស‌ប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាក‌សព។ នៅ​ពេល​ថ្ងៃ នាង​ដេញ​សត្វ​មិន​ឲ្យ​ហើរ​មក​ទំ​លើ​សាក‌សព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 21