គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 20:8-26 Khmer Standard Version (KHSV)

8. នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​ធំ​នៅ​ក្រុង​គីបៀន លោក​អម៉ា‌សា​ក៏​មក​ជួប​នឹង​ពួក​គេ។ លោក​យ៉ូអាប់​ពាក់​អាវ‌ក្រោះ ព្រម​ទាំង​ពាក់​ខ្សែ​ក្រវាត់​ដែល​មាន​ដាវ​ស៊ក​ក្នុង​ស្រោម​ភ្ជាប់​ជា​មួយ​ផង។ នៅ​ពេល​លោក​យ៉ូអាប់​ដើរ​ទៅ​មុខ ដាវ​នោះ​ក៏​ជ្រុះ។

9. លោក​យ៉ូអាប់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «សុខ​សប្បាយ​ជា​ទេ លោក​ប្អូន!»។ លោក​ក៏​លូក​ដៃ​ស្ដាំ​ទៅ​ចាប់​ពុក​ចង្កា​របស់​លោក​អម៉ា‌សា ដើម្បី​ឱប។

10. លោក​អម៉ា‌សា​ពុំ​បាន​ចាប់​អារម្មណ៍​នឹង​ដាវ ដែល​ស្ថិត​ក្នុង​ដៃ​ឆ្វេង​របស់​លោក​យ៉ូអាប់​ទេ។ លោក​យ៉ូអាប់​ក៏​ចាក់​មួយ​ដាវ ចំ​ត្រង់​ពោះ ហើយ​ធ្លាយ​ពោះ​វៀន​ចេញ​មក​ដល់​ដី។ លោក​ស្លាប់​ដោយ​មិន​បាច់​ឲ្យ​លោក​យ៉ូអាប់​ថែម​មួយ​ដាវ​ទៀត​ឡើយ។ បន្ទាប់​មក លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន នាំ​គ្នា​បន្ត​ដំណើរ​ទៅ​មុខ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។

11. មាន​ទាហាន​ម្នាក់​របស់​លោក​យ៉ូអាប់ ដែល​ឈរ​នៅ​ជិត​សព​របស់​លោក​អម៉ា‌សា ពោល​ឡើង​ថា៖ «អ្នក​ណា​នៅ​ខាង​លោក​យ៉ូអាប់ និង​នៅ​ខាង​ព្រះ‌បាទ​ដាវីឌ ចូរ​ទៅ​តាម​លោក​យ៉ូអាប់​ចុះ!»។

12. លោក​អម៉ា‌សា​ដេក​ក្នុង​ថ្លុក​ឈាម នៅ​កណ្ដាល​ផ្លូវ។ ទាហាន​នោះ​សង្កេត​ឃើញ​ថា ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់​ស្ងៀម។ ដូច្នេះ គេ​ក៏​ទាញ​សព​ចេញ​ពី​ផ្លូវ ដាក់​ក្នុង​ស្រែ​មួយ​ក្បែរ​នោះ ហើយ​បោះ​អាវ​ធំ​មួយ​គ្រប​ពី​លើ។

13. នៅ​ពេល​ទាហាន​នោះ​ទាញ​សព​ចេញ​ពី​ផ្លូវ​ហើយ ទាហាន​ទាំង​អស់​នាំ​គ្នា​បន្ត​ដំណើរ​តាម​ពី​ក្រោយ​លោក​យ៉ូអាប់ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។

14. លោក​យ៉ូអាប់​ដើរ​កាត់​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អេបិល-‌បេត‌ម៉ាកា។ រីឯ​ជន‌ជាតិ​បេរី​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​តាម​លោក​ដែរ។

15. លោក​យ៉ូអាប់ ព្រម​ទាំង​ពល​ទាហាន​ឡោម‌ព័ទ្ធ​លោក​សេបា ដែល​ស្នាក់​នៅ​ទីក្រុង​នេះ។ ពួក​ទាហាន​នាំ​គ្នា​លើក​ដី​ឲ្យ​ខ្ពស់ ស្មើ​នឹង​កំពែង​ក្រុង។ ពួក​គេ​ជីក​រំលើង​កំពែង​ក្រុង​ឲ្យ​រលំ។

16. គ្រា​នោះ មាន​ស្ត្រី​ឈ្លាស​វៃ​ម្នាក់​ស្រែក​ពី​ក្នុង​ក្រុង​មក​ថា៖ «សូម​មេត្តា​ស្ដាប់​សិន! សូម​អញ្ជើញ​លោក​យ៉ូអាប់​មក​ទី​នេះ នាង​ខ្ញុំ​មាន​ការ​ចង់​ជម្រាប​លោក»។

17. លោក​យ៉ូអាប់​ចូល​ទៅ​ជិត ស្ត្រី​នោះ​សួរ​លោក​ថា៖ «តើ​លោក​ជា​លោក​យ៉ូអាប់​ឬ?» លោក​យ៉ូអាប់​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ស្ត្រី​នោះ​ពោល​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​ស្ដាប់​នាង​ខ្ញុំ​សិន»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «និយាយ​មក​ចុះ!»។

18. ស្ត្រី​នោះ ពោល​បន្ត​ទៀត​ថា៖ «ពី​ដើម គេ​មាន​ទម្លាប់​ពោល​ថា ត្រូវ​តែ​ពិគ្រោះ​គ្នា​ជា​មួយ​អ្នក​ក្រុង​អេបិល​សិន ទើប​កិច្ចការ​បាន​សម្រេច។

19. ក្រុង​របស់​យើង​ខ្ញុំ​ជា​ក្រុង​មួយ​ចង់​បាន​តែ​សេចក្ដី​សុខ និង​ស្មោះ​ត្រង់​ជាង​គេ ក្នុង​ស្រុក​អ៊ីស្រា‌អែល។ រីឯ​លោក​វិញ លោក​ចង់​បំផ្លាញ​ក្រុង​នេះ ដែល​ជា​ក្រុង​ដ៏​សំខាន់​ក្នុង​ស្រុក​អ៊ីស្រា‌អែល! ហេតុ​អ្វី​បាន​ជា​លោក​ចង់​បំផ្លាញ​ក្រុង​ជា​មត៌ក​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។

20. លោក​យ៉ូអាប់​តប​ថា៖ «ទេ! ខ្ញុំ​គ្មាន​បំណង​នឹង​កម្ទេច ឬ​បំផ្លាញ​ក្រុង​នេះ​ទាល់​តែ​សោះ។

21. ពួក​យើង​គ្មាន​បំណង​ដូច្នេះ​ទេ! ប៉ុន្តែ មាន​បុរស​ម្នាក់​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌បាទ​ដាវីឌ។ ចូរ​ប្រគល់​អ្នក​នោះ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ដក​ទ័ព​ចេញ​ពី​ក្រុង​នោះ​ភ្លាម»។ ស្ត្រី​នោះ​ពោល​ថា៖ «ដូច្នេះ យើង​ខ្ញុំ​នឹង​បោះ​ក្បាល​អ្នក​នោះ​ពី​លើ​កំពែង​ទៅ​ជូន​លោក»។

22. នាង​ក៏​ទៅ​ពន្យល់​ណែ‌នាំ​ប្រជា‌ជន​ទាំង​មូល តាម​ប្រាជ្ញា​ឈ្លាស​វៃ​របស់​នាង។ ដូច្នេះ គេ​កាត់​ក​លោក​សេបា ហើយ​បោះ​ក្បាល​មក​ជូន​លោក​យ៉ូអាប់។ លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ពល​ទាហាន​ក៏​ដក​ទ័ព​ចេញ​ពី​ក្រុង ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។ រីឯ​លោក​យ៉ូអាប់​ក៏​វិល​ត្រឡប់​ទៅ​គាល់​ស្ដេច នៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ដែរ។

23. លោក​យ៉ូអាប់​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​កង‌ពល​កេរេ‌ធីម និង​ពេលេ‌ធីម។

24. លោក​អដូ‌រ៉ាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។ លោក​យ៉ូសា‌ផាត​ជា​កូន​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។

25. លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ លោក​សាដុក និង​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។

26. លោក​អ៊ីរ៉ា​ពី​អំបូរ​យ៉ា‌អៀរ ក៏​ជា​បូជា‌ចារ្យ​ផ្ទាល់​របស់​ព្រះ‌បាទ​ដាវីឌ​ដែរ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 20