គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 20:5-16 Khmer Standard Version (KHSV)

5. លោក​អម៉ា‌សា​ចេញ​ទៅ​ប្រមូល​កង‌ទ័ព​យូដា​តាម​បញ្ជា​របស់​ស្ដេច ប៉ុន្តែ លោក​មក​មិន​ទាន់​ពេល​ដែល​ស្ដេច​បាន​កំណត់​ទុក។

6. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អប៊ី‌សាយ​ថា៖ «សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​នឹង​នាំ​អន្តរាយ​មក​លើ​យើង ខ្លាំង​ជាង​អាប់‌សា‌ឡុម​ទៅ​ទៀត។ ដូច្នេះ ចូរ​លោក​នាំ​ទាហាន​របស់​យើង​ផ្ទាល់​ចេញ​ទៅ​ដេញ​តាម​អ្នក​នោះ មុន​ពេល​ដែល​គេ​រក​បាន​ជម្រក​តាម​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ហើយ​គេច​បាត់​ពី​យើង»។

7. ដូច្នេះ ទាហាន​របស់​លោក​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​លោក​អប៊ី‌សាយ ដេញ​តាម​លោក​សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី។

8. នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​ធំ​នៅ​ក្រុង​គីបៀន លោក​អម៉ា‌សា​ក៏​មក​ជួប​នឹង​ពួក​គេ។ លោក​យ៉ូអាប់​ពាក់​អាវ‌ក្រោះ ព្រម​ទាំង​ពាក់​ខ្សែ​ក្រវាត់​ដែល​មាន​ដាវ​ស៊ក​ក្នុង​ស្រោម​ភ្ជាប់​ជា​មួយ​ផង។ នៅ​ពេល​លោក​យ៉ូអាប់​ដើរ​ទៅ​មុខ ដាវ​នោះ​ក៏​ជ្រុះ។

9. លោក​យ៉ូអាប់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «សុខ​សប្បាយ​ជា​ទេ លោក​ប្អូន!»។ លោក​ក៏​លូក​ដៃ​ស្ដាំ​ទៅ​ចាប់​ពុក​ចង្កា​របស់​លោក​អម៉ា‌សា ដើម្បី​ឱប។

10. លោក​អម៉ា‌សា​ពុំ​បាន​ចាប់​អារម្មណ៍​នឹង​ដាវ ដែល​ស្ថិត​ក្នុង​ដៃ​ឆ្វេង​របស់​លោក​យ៉ូអាប់​ទេ។ លោក​យ៉ូអាប់​ក៏​ចាក់​មួយ​ដាវ ចំ​ត្រង់​ពោះ ហើយ​ធ្លាយ​ពោះ​វៀន​ចេញ​មក​ដល់​ដី។ លោក​ស្លាប់​ដោយ​មិន​បាច់​ឲ្យ​លោក​យ៉ូអាប់​ថែម​មួយ​ដាវ​ទៀត​ឡើយ។ បន្ទាប់​មក លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន នាំ​គ្នា​បន្ត​ដំណើរ​ទៅ​មុខ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។

11. មាន​ទាហាន​ម្នាក់​របស់​លោក​យ៉ូអាប់ ដែល​ឈរ​នៅ​ជិត​សព​របស់​លោក​អម៉ា‌សា ពោល​ឡើង​ថា៖ «អ្នក​ណា​នៅ​ខាង​លោក​យ៉ូអាប់ និង​នៅ​ខាង​ព្រះ‌បាទ​ដាវីឌ ចូរ​ទៅ​តាម​លោក​យ៉ូអាប់​ចុះ!»។

12. លោក​អម៉ា‌សា​ដេក​ក្នុង​ថ្លុក​ឈាម នៅ​កណ្ដាល​ផ្លូវ។ ទាហាន​នោះ​សង្កេត​ឃើញ​ថា ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់​ស្ងៀម។ ដូច្នេះ គេ​ក៏​ទាញ​សព​ចេញ​ពី​ផ្លូវ ដាក់​ក្នុង​ស្រែ​មួយ​ក្បែរ​នោះ ហើយ​បោះ​អាវ​ធំ​មួយ​គ្រប​ពី​លើ។

13. នៅ​ពេល​ទាហាន​នោះ​ទាញ​សព​ចេញ​ពី​ផ្លូវ​ហើយ ទាហាន​ទាំង​អស់​នាំ​គ្នា​បន្ត​ដំណើរ​តាម​ពី​ក្រោយ​លោក​យ៉ូអាប់ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។

14. លោក​យ៉ូអាប់​ដើរ​កាត់​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អេបិល-‌បេត‌ម៉ាកា។ រីឯ​ជន‌ជាតិ​បេរី​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​តាម​លោក​ដែរ។

15. លោក​យ៉ូអាប់ ព្រម​ទាំង​ពល​ទាហាន​ឡោម‌ព័ទ្ធ​លោក​សេបា ដែល​ស្នាក់​នៅ​ទីក្រុង​នេះ។ ពួក​ទាហាន​នាំ​គ្នា​លើក​ដី​ឲ្យ​ខ្ពស់ ស្មើ​នឹង​កំពែង​ក្រុង។ ពួក​គេ​ជីក​រំលើង​កំពែង​ក្រុង​ឲ្យ​រលំ។

16. គ្រា​នោះ មាន​ស្ត្រី​ឈ្លាស​វៃ​ម្នាក់​ស្រែក​ពី​ក្នុង​ក្រុង​មក​ថា៖ «សូម​មេត្តា​ស្ដាប់​សិន! សូម​អញ្ជើញ​លោក​យ៉ូអាប់​មក​ទី​នេះ នាង​ខ្ញុំ​មាន​ការ​ចង់​ជម្រាប​លោក»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 20