1. គ្រានោះ នៅក្រុងគីលកាល់មានមនុស្សពាលម្នាក់ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានផ្លុំត្រែឡើង ហើយប្រកាសថា៖ «ពួកយើងគ្មានជាប់សាច់ញាតិអ្វីនឹងព្រះបាទដាវីឌទេ ហើយក៏គ្មានពាក់ព័ន្ធអ្វីជាមួយកូនរបស់លោកអ៊ីសាយដែរ! ជនជាតិអ៊ីស្រាអែលអើយ! សូមវិលត្រឡប់ទៅទីលំនៅរៀងៗខ្លួនវិញ!»។
2. ពេលនោះ ជនជាតិអ៊ីស្រាអែលទាំងអស់បោះបង់ចោលព្រះបាទដាវីឌ នាំគ្នាទៅតាមលោកសេបាជាកូនរបស់លោកប៊ីគ្រីវិញ។ មានតែជនជាតិយូដាប៉ុណ្ណោះដែលនៅជាប់ជាមួយស្ដេចរបស់គេ ហើយតាមដង្ហែស្ដេចចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡឹម។
3. ពេលព្រះបាទដាវីឌវិលទៅដល់ដំណាក់នៅក្រុងយេរូសាឡឹមវិញ ស្ដេចចាត់គេឲ្យទៅរកស្រីស្នំទាំងដប់នាក់ ដែលស្ដេចបានទុកឲ្យនៅថែរក្សាដំណាក់។ ស្ដេចយកស្រីស្នំទាំងនោះទៅបង្ខាំងទុកក្នុងផ្ទះមួយ ហើយចិញ្ចឹមពួកនាង ប៉ុន្តែ ស្ដេចពុំយាងចូលទៅរកពួកនាងទៀតឡើយ។ ពួកនាងត្រូវគេបង្ឃាំងឲ្យនៅជាស្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
4. បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកអម៉ាសាថា៖ «ចូរប្រមូលកងទ័ពយូដាក្នុងរយៈពេលបីថ្ងៃ ឲ្យមកបង្ហាញខ្លួននៅទីនេះជាមួយលោក»។
5. លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ស្ដេច ប៉ុន្តែ លោកមកមិនទាន់ពេលដែលស្ដេចបានកំណត់ទុក។
6. ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយថា៖ «សេបាជាកូនរបស់លោកប៊ីគ្រីនឹងនាំអន្តរាយមកលើយើង ខ្លាំងជាងអាប់សាឡុមទៅទៀត។ ដូច្នេះ ចូរលោកនាំទាហានរបស់យើងផ្ទាល់ចេញទៅដេញតាមអ្នកនោះ មុនពេលដែលគេរកបានជម្រកតាមក្រុងដែលមានកំពែងដ៏រឹងមាំ ហើយគេចបាត់ពីយើង»។
7. ដូច្នេះ ទាហានរបស់លោកយ៉ូអាប់ ព្រមទាំងពួកកេរេធីម ពួកពេលេធីម និងពលទាហានដ៏ខ្លាំងពូកែ នាំគ្នាចេញពីក្រុងយេរូសាឡឹមជាមួយលោកអប៊ីសាយ ដេញតាមលោកសេបាជាកូនរបស់លោកប៊ីគ្រី។
8. នៅពេលដែលពួកគេទៅដល់ផ្ទាំងថ្មធំនៅក្រុងគីបៀន លោកអម៉ាសាក៏មកជួបនឹងពួកគេ។ លោកយ៉ូអាប់ពាក់អាវក្រោះ ព្រមទាំងពាក់ខ្សែក្រវាត់ដែលមានដាវស៊កក្នុងស្រោមភ្ជាប់ជាមួយផង។ នៅពេលលោកយ៉ូអាប់ដើរទៅមុខ ដាវនោះក៏ជ្រុះ។