គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 2:4-21 Khmer Standard Version (KHSV)

4. ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេប្រូន ហើយ​ចាក់​ប្រេង​អភិ‌សេក​លោក​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ព្រះ‌បាទ​សូល។

5. ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​សម្តែង​ភក្ដី‌ភាព​ចំពោះ​ព្រះ‌បាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដោយ​បាន​បញ្ចុះ​សព​ស្ដេច។

6. ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​អ្នក​រាល់​គ្នា​វិញ។ ដោយ‌សារ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ខ្ញុំ​ក៏​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។

7. ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​ក្លាហាន​ឡើង! ព្រះ‌បាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ។ ចំណែក​ខ្ញុំ​វិញ អ្នក​ស្រុក​យូដា​បាន​ចាក់​ប្រេង​អភិ‌សេក​ខ្ញុំ ជា​ស្ដេច​គ្រប់‌គ្រង​លើ​ពួក​គេ»។

8. លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេ‌ទ័ព​របស់​ព្រះ‌បាទ​សូល បាន​នាំ​សម្ដេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហា‌ណែម។

9. នៅ​ទី​នោះ លោក​អប៊ី‌នើរ​តែង‌តាំង​សម្ដេច​អ៊ីស‌បូសែត​ជា​ស្ដេច គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ស្រុក​អេ‌ស៊ើរ ស្រុក​យេសរាល ស្រុក​អេប្រាអ៊ីម ស្រុក​បេន‌យ៉ាមីន ពោល​គឺ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។

10. ពេល​ព្រះ‌បាទ​អ៊ីស‌បូសែត​ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌ជន្ម​សែ‌សិប​វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ មាន​តែ​ស្រុក​យូដា​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​ដាវីឌ។

11. ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ជន‌ជាតិ​យូដា អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ នៅ​ក្រុង​ហេប្រូន។

12. លោក​អប៊ី‌នើរ​ជា​កូន​របស់​លោក​នើរ និង​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល បាន​ចាក​ចេញ​ពី​ក្រុង​ម៉ាហា‌ណែម​ឆ្ពោះ​ទៅ​ក្រុង​គីបៀន។

13. លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​រាជ​បម្រើ​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​ដែរ។ កង‌ទ័ព​ទាំង​ពីរ​បាន​មក​ជួប​គ្នា​នៅ​ត្រង់​បឹង​គីបៀន ហើយ​បោះ​ទ័ព​ទល់​មុខ​គ្នា​នៅ​មាត់​បឹង។

14. លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ចូរ​ឲ្យ​ពួក​យុវជន​ក្រោក​ឡើង​ប្រកួត​គ្នា​នៅ​ចំពោះ​មុខ​យើង​ទាំង​ពីរ!»។ លោក​យ៉ូអាប់​តប​វិញ​ថា៖ «ឲ្យ​គេ​ក្រោក​ឡើង​ប្រកួត​គ្នា​ចុះ!»។

15. យុវជន​ទាំង​នោះ​ក៏​ចេញ​មក​មាន​ចំនួន​ស្មើ​គ្នា គឺ​ដប់‌ពីរ​នាក់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ខាង​ព្រះ‌បាទ​អ៊ីស‌បូសែត ហើយ​ដប់‌ពីរ​នាក់​ទៀត​ជា​រាជ​បម្រើ​ព្រះ‌បាទ​ដាវីឌ។

16. ពួក​គេ​ចាប់​ក្បាល​គូ​សត្រូវ​របស់​ខ្លួន ហើយ​ហូត​ដាវ​ចាក់​ត្រង់​ឆ្អឹង​ជំនីរ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ដួល​ស្លាប់​ទាំង​អស់​គ្នា។ គេ​បាន​ហៅ​កន្លែង​នៅ​ជិត​បឹង​គីបៀន​នោះ​ថា «ហេល‌កាត-‌ហាស៊ូ‌រីម»។

17. ការ​ប្រយុទ្ធ​មួយ​យ៉ាង​សាហាវ​បាន​ផ្ទុះ​ឡើង នៅ​ថ្ងៃ​នោះ។ លោក​អប៊ី‌នើរ ព្រម​ទាំង​ទាហាន​របស់​លោក វាយ​ចាញ់​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ។

18. កូន​ប្រុស​ទាំង​បី​រូប​របស់​អ្នក​ស្រី​សេរូយ៉ា​នៅ​ទី​នោះ​ទាំង​អស់​គ្នា គឺ​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អេសា‌អែល។ លោក​អេសា‌អែល​រត់​លឿន​ដូច​ប្រើស

19. លោក​ដេញ​តាម​លោក​អប៊ី‌នើរ​យ៉ាង​ប្រកិត ឥត​ងាក​ឆ្វេង ឬ​ស្ដាំ​ឡើយ។

20. លោក​អប៊ី‌នើរ​ងាក​ក្រោយ​សួរ​ថា៖ «តើ​អ្នក​ជា​អេសា‌អែល​ឬ?»។ លោក​អេសា‌អែល​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ហើយ!»។

21. លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដេញ​តាម​ក្មេង​ណា​ម្នាក់​នៅ​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ហើយ​ចាប់​ដោះ​យក​គ្រឿង​អាវុធ​របស់​គេ​ទៅ»។ ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​តាម​លោក​អប៊ី‌នើរ​ទេ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 2