គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 2:19-32 Khmer Standard Version (KHSV)

19. លោក​ដេញ​តាម​លោក​អប៊ី‌នើរ​យ៉ាង​ប្រកិត ឥត​ងាក​ឆ្វេង ឬ​ស្ដាំ​ឡើយ។

20. លោក​អប៊ី‌នើរ​ងាក​ក្រោយ​សួរ​ថា៖ «តើ​អ្នក​ជា​អេសា‌អែល​ឬ?»។ លោក​អេសា‌អែល​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ហើយ!»។

21. លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដេញ​តាម​ក្មេង​ណា​ម្នាក់​នៅ​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ហើយ​ចាប់​ដោះ​យក​គ្រឿង​អាវុធ​របស់​គេ​ទៅ»។ ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​តាម​លោក​អប៊ី‌នើរ​ទេ។

22. លោក​អប៊ី‌នើរ​ពោល​មក​កាន់​លោក​អេសា‌អែល​ទៀត​ថា៖ «ចូរ​ឈប់​ដេញ​តាម​ខ្ញុំ​ទៅ! ហេតុ​អ្វី​បាន​ជា​បង្ខំ​ខ្ញុំ​ឲ្យ​សម្លាប់​អ្នក? ធ្វើ​ដូច្នេះ នៅ​ពេល​ក្រោយ តើ​ឲ្យ​ខ្ញុំ​មើល​មុខ​លោក​យ៉ូអាប់ ជា​បង​របស់​អ្នក​ដូច​ម្ដេច​បាន?»។

23. ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​ទេ។ ពេល​នោះ លោក​អប៊ី‌នើរ​ក៏​ចាក់​លោក​អេសា‌អែល​មួយ​លំពែង ត្រូវ​ត្រង់​ពោះ​ធ្លុះ​ដល់​ខ្នង។ លោក​អេសា‌អែល​ដួល​ស្លាប់​នៅ​នឹង​កន្លែង។ អស់​អ្នក​ដែល​រត់​មក​ដល់​កន្លែង​លោក​អេសា‌អែល​ដួល​ស្លាប់​នោះ ក៏​នាំ​គ្នា​ឈប់។

24. ប៉ុន្តែ លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​នៅ​តែ​ដេញ​តាម​លោក​អប៊ី‌នើរ ហើយ​ទៅ​ដល់​ជម្រាល​ភ្នំ​អាំម៉ា ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​គីយ៉ា តាម​ផ្លូវ​ទៅ​វាល​រហោ‌ស្ថាន​គីបៀន នៅ​ពេល​ថ្ងៃ​លិច។

25. ពល​ទាហាន​បេន‌យ៉ាមីន​ប្រមូល​គ្នា​មក​នៅ​ពី​ក្រោយ​លោក​អប៊ី‌នើរ។ គេ​ផ្ដុំ​គ្នា​ជា​ក្រុម ហើយ​ឈប់​នៅ​លើ​កំពូល​ភ្នំ។

26. លោក​អប៊ី‌នើរ​ស្រែក​សួរ​លោក​យ៉ូអាប់​ថា៖ «តើ​យើង​នៅ​តែ​ច្បាំង​គ្នា​រហូត​ឬ? តើ​អ្នក​មិន​យល់​ថា ការ​នេះ​ត្រូវ​បញ្ចប់​ដោយ​ជូរ​ចត់​ទេ​ឬ? តើ​នៅ​រង់‌ចាំ​ដល់​ពេល​ណា ទើប​បញ្ជា​ទាហាន​ឲ្យ​ឈប់​ដេញ​តាម​បង‌ប្អូន​របស់​ខ្លួន​ទៀត?»។

27. លោក​យ៉ូអាប់​ស្រែក​ប្រាប់​ទៅ​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ប្រសិន​បើ​អ្នក​មិន​សុំ​ឲ្យ​ខ្ញុំ​ឈប់​ដេញ​តាម​ទេ នោះ​ទាហាន​របស់​ខ្ញុំ​មុខ​ជា​នៅ​តែ​ដេញ​តាម​អ្នក​រាល់​គ្នា រហូត​ដល់​ព្រឹក​ស្អែក»។

28. លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ហើយ​ពួក​ពល​ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់។ ពួក​គេ​លែង​ដេញ​តាម​កង‌ទ័ព​អ៊ីស្រា‌អែល និង​លែង​ប្រយុទ្ធ​គ្នា​ទៀត។

29. លោក​អប៊ី‌នើរ និង​ពល​ទាហាន​របស់​លោក នាំ​គ្នា​បន្ត​ដំណើរ​ពេញ​មួយ​យប់ ដោយ​ដើរ​កាត់​វាល​ទំនាប​ទន្លេ​យ័រដាន់ រួច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ បន្ទាប់​ពី​ដើរ​អស់​មួយ​ព្រឹក​ទៀត ពួក​គេ​ឆ្លង​កាត់​វាល​ប៊ី‌ត្រោន ហើយ​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម​វិញ។

30. កាល​លោក​យ៉ូអាប់​វិល​មក​ពី​ដេញ​តាម​លោក​អប៊ី‌នើរ​វិញ លោក​ប្រមូល​ផ្ដុំ​ពល​ទាហាន ឃើញ​មាន​បាត់​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ ចំនួន​ដប់​ប្រាំ​បួន​នាក់ និង​លោក​អេសា‌អែល​ម្នាក់​ទៀត។

31. ប៉ុន្តែ ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​បាន​សម្លាប់​ទាហាន​របស់​ពួក​បេន‌យ៉ាមីន និង​ទាហាន​របស់​លោក​អប៊ី‌នើរ អស់​បី​រយ​ហុក‌សិប​នាក់។

32. គេ​បាន​នាំ​យក​សព​លោក​អេសា‌អែល​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ ដែល​ជា​កម្មសិទ្ធិ​របស់​ឪពុក​លោក នៅ​បេថ្លេ‌ហិម។ បន្ទាប់​មក លោក​យ៉ូអាប់ និង​ទាហាន​របស់​លោក នាំ​គ្នា​ដើរ​ពេញ​មួយ​យប់ ហើយ​ទៅ​ដល់​ក្រុង​ហេប្រូន​នៅ​ពេល​ថ្ងៃ​រះ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 2