គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 2:11-22 Khmer Standard Version (KHSV)

11. ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ជន‌ជាតិ​យូដា អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ នៅ​ក្រុង​ហេប្រូន។

12. លោក​អប៊ី‌នើរ​ជា​កូន​របស់​លោក​នើរ និង​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល បាន​ចាក​ចេញ​ពី​ក្រុង​ម៉ាហា‌ណែម​ឆ្ពោះ​ទៅ​ក្រុង​គីបៀន។

13. លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​រាជ​បម្រើ​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​ដែរ។ កង‌ទ័ព​ទាំង​ពីរ​បាន​មក​ជួប​គ្នា​នៅ​ត្រង់​បឹង​គីបៀន ហើយ​បោះ​ទ័ព​ទល់​មុខ​គ្នា​នៅ​មាត់​បឹង។

14. លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ចូរ​ឲ្យ​ពួក​យុវជន​ក្រោក​ឡើង​ប្រកួត​គ្នា​នៅ​ចំពោះ​មុខ​យើង​ទាំង​ពីរ!»។ លោក​យ៉ូអាប់​តប​វិញ​ថា៖ «ឲ្យ​គេ​ក្រោក​ឡើង​ប្រកួត​គ្នា​ចុះ!»។

15. យុវជន​ទាំង​នោះ​ក៏​ចេញ​មក​មាន​ចំនួន​ស្មើ​គ្នា គឺ​ដប់‌ពីរ​នាក់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ខាង​ព្រះ‌បាទ​អ៊ីស‌បូសែត ហើយ​ដប់‌ពីរ​នាក់​ទៀត​ជា​រាជ​បម្រើ​ព្រះ‌បាទ​ដាវីឌ។

16. ពួក​គេ​ចាប់​ក្បាល​គូ​សត្រូវ​របស់​ខ្លួន ហើយ​ហូត​ដាវ​ចាក់​ត្រង់​ឆ្អឹង​ជំនីរ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ដួល​ស្លាប់​ទាំង​អស់​គ្នា។ គេ​បាន​ហៅ​កន្លែង​នៅ​ជិត​បឹង​គីបៀន​នោះ​ថា «ហេល‌កាត-‌ហាស៊ូ‌រីម»។

17. ការ​ប្រយុទ្ធ​មួយ​យ៉ាង​សាហាវ​បាន​ផ្ទុះ​ឡើង នៅ​ថ្ងៃ​នោះ។ លោក​អប៊ី‌នើរ ព្រម​ទាំង​ទាហាន​របស់​លោក វាយ​ចាញ់​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ។

18. កូន​ប្រុស​ទាំង​បី​រូប​របស់​អ្នក​ស្រី​សេរូយ៉ា​នៅ​ទី​នោះ​ទាំង​អស់​គ្នា គឺ​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អេសា‌អែល។ លោក​អេសា‌អែល​រត់​លឿន​ដូច​ប្រើស

19. លោក​ដេញ​តាម​លោក​អប៊ី‌នើរ​យ៉ាង​ប្រកិត ឥត​ងាក​ឆ្វេង ឬ​ស្ដាំ​ឡើយ។

20. លោក​អប៊ី‌នើរ​ងាក​ក្រោយ​សួរ​ថា៖ «តើ​អ្នក​ជា​អេសា‌អែល​ឬ?»។ លោក​អេសា‌អែល​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ហើយ!»។

21. លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដេញ​តាម​ក្មេង​ណា​ម្នាក់​នៅ​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ហើយ​ចាប់​ដោះ​យក​គ្រឿង​អាវុធ​របស់​គេ​ទៅ»។ ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​តាម​លោក​អប៊ី‌នើរ​ទេ។

22. លោក​អប៊ី‌នើរ​ពោល​មក​កាន់​លោក​អេសា‌អែល​ទៀត​ថា៖ «ចូរ​ឈប់​ដេញ​តាម​ខ្ញុំ​ទៅ! ហេតុ​អ្វី​បាន​ជា​បង្ខំ​ខ្ញុំ​ឲ្យ​សម្លាប់​អ្នក? ធ្វើ​ដូច្នេះ នៅ​ពេល​ក្រោយ តើ​ឲ្យ​ខ្ញុំ​មើល​មុខ​លោក​យ៉ូអាប់ ជា​បង​របស់​អ្នក​ដូច​ម្ដេច​បាន?»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 2