ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 2 Khmer Standard Version (KHSV)

ប្រជា‌ជន​ស្រុក​យូដា​អភិ‌សេក​លោក​ដាវីឌ ជា​ស្ដេច​នៅ​ក្រុង​ហេប្រូន

1. ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​គួរ​ទៅ​ក្រុង​ណា​មួយ​ក្នុង​ស្រុក​យូដា​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ!»។ លោក​ដាវីឌ​ទូល​សួរ​ថា៖ «ទូលបង្គំ​ត្រូវ​ទៅ​ក្រុង​ណា​ដែរ?»។ ព្រះ‌អម្ចាស់​ឆ្លើយ​ថា៖ «ក្រុង​ហេប្រូន»។

2. លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ហេប្រូន ដោយ​នាំ​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ផង គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ី‌កែល ជា​ភរិយា​របស់​សព​លោក​ណាបាល​នៅ​ភូមិ​កើមែល។

3. លោក​ដាវីឌ​បាន​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក និង​គ្រួសារ​របស់​អ្នក​ទាំង​នោះ​ទៅ​ជា​មួយ​ដែរ រួច​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​នានា ជុំ‌វិញ​ក្រុង​ហេប្រូន។

4. ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេប្រូន ហើយ​ចាក់​ប្រេង​អភិ‌សេក​លោក​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ព្រះ‌បាទ​សូល។

5. ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​សម្តែង​ភក្ដី‌ភាព​ចំពោះ​ព្រះ‌បាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដោយ​បាន​បញ្ចុះ​សព​ស្ដេច។

6. ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​អ្នក​រាល់​គ្នា​វិញ។ ដោយ‌សារ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ខ្ញុំ​ក៏​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។

7. ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​ក្លាហាន​ឡើង! ព្រះ‌បាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ។ ចំណែក​ខ្ញុំ​វិញ អ្នក​ស្រុក​យូដា​បាន​ចាក់​ប្រេង​អភិ‌សេក​ខ្ញុំ ជា​ស្ដេច​គ្រប់‌គ្រង​លើ​ពួក​គេ»។

លោក​អប៊ី‌នើរ​តែង‌តាំង​សម្ដេច​អ៊ីស‌បូសែត ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល

8. លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេ‌ទ័ព​របស់​ព្រះ‌បាទ​សូល បាន​នាំ​សម្ដេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហា‌ណែម។

9. នៅ​ទី​នោះ លោក​អប៊ី‌នើរ​តែង‌តាំង​សម្ដេច​អ៊ីស‌បូសែត​ជា​ស្ដេច គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ស្រុក​អេ‌ស៊ើរ ស្រុក​យេសរាល ស្រុក​អេប្រាអ៊ីម ស្រុក​បេន‌យ៉ាមីន ពោល​គឺ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។

10. ពេល​ព្រះ‌បាទ​អ៊ីស‌បូសែត​ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌ជន្ម​សែ‌សិប​វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ មាន​តែ​ស្រុក​យូដា​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​ដាវីឌ។

11. ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ជន‌ជាតិ​យូដា អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ នៅ​ក្រុង​ហេប្រូន។

សង្គ្រាម​រវាង​យូដា និង​អ៊ីស្រា‌អែល នៅ​គីបៀន

12. លោក​អប៊ី‌នើរ​ជា​កូន​របស់​លោក​នើរ និង​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល បាន​ចាក​ចេញ​ពី​ក្រុង​ម៉ាហា‌ណែម​ឆ្ពោះ​ទៅ​ក្រុង​គីបៀន។

13. លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​រាជ​បម្រើ​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​ដែរ។ កង‌ទ័ព​ទាំង​ពីរ​បាន​មក​ជួប​គ្នា​នៅ​ត្រង់​បឹង​គីបៀន ហើយ​បោះ​ទ័ព​ទល់​មុខ​គ្នា​នៅ​មាត់​បឹង។

14. លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ចូរ​ឲ្យ​ពួក​យុវជន​ក្រោក​ឡើង​ប្រកួត​គ្នា​នៅ​ចំពោះ​មុខ​យើង​ទាំង​ពីរ!»។ លោក​យ៉ូអាប់​តប​វិញ​ថា៖ «ឲ្យ​គេ​ក្រោក​ឡើង​ប្រកួត​គ្នា​ចុះ!»។

15. យុវជន​ទាំង​នោះ​ក៏​ចេញ​មក​មាន​ចំនួន​ស្មើ​គ្នា គឺ​ដប់‌ពីរ​នាក់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ខាង​ព្រះ‌បាទ​អ៊ីស‌បូសែត ហើយ​ដប់‌ពីរ​នាក់​ទៀត​ជា​រាជ​បម្រើ​ព្រះ‌បាទ​ដាវីឌ។

16. ពួក​គេ​ចាប់​ក្បាល​គូ​សត្រូវ​របស់​ខ្លួន ហើយ​ហូត​ដាវ​ចាក់​ត្រង់​ឆ្អឹង​ជំនីរ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ដួល​ស្លាប់​ទាំង​អស់​គ្នា។ គេ​បាន​ហៅ​កន្លែង​នៅ​ជិត​បឹង​គីបៀន​នោះ​ថា «ហេល‌កាត-‌ហាស៊ូ‌រីម»។

17. ការ​ប្រយុទ្ធ​មួយ​យ៉ាង​សាហាវ​បាន​ផ្ទុះ​ឡើង នៅ​ថ្ងៃ​នោះ។ លោក​អប៊ី‌នើរ ព្រម​ទាំង​ទាហាន​របស់​លោក វាយ​ចាញ់​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ។

18. កូន​ប្រុស​ទាំង​បី​រូប​របស់​អ្នក​ស្រី​សេរូយ៉ា​នៅ​ទី​នោះ​ទាំង​អស់​គ្នា គឺ​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អេសា‌អែល។ លោក​អេសា‌អែល​រត់​លឿន​ដូច​ប្រើស

19. លោក​ដេញ​តាម​លោក​អប៊ី‌នើរ​យ៉ាង​ប្រកិត ឥត​ងាក​ឆ្វេង ឬ​ស្ដាំ​ឡើយ។

20. លោក​អប៊ី‌នើរ​ងាក​ក្រោយ​សួរ​ថា៖ «តើ​អ្នក​ជា​អេសា‌អែល​ឬ?»។ លោក​អេសា‌អែល​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ហើយ!»។

21. លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដេញ​តាម​ក្មេង​ណា​ម្នាក់​នៅ​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ហើយ​ចាប់​ដោះ​យក​គ្រឿង​អាវុធ​របស់​គេ​ទៅ»។ ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​តាម​លោក​អប៊ី‌នើរ​ទេ។

22. លោក​អប៊ី‌នើរ​ពោល​មក​កាន់​លោក​អេសា‌អែល​ទៀត​ថា៖ «ចូរ​ឈប់​ដេញ​តាម​ខ្ញុំ​ទៅ! ហេតុ​អ្វី​បាន​ជា​បង្ខំ​ខ្ញុំ​ឲ្យ​សម្លាប់​អ្នក? ធ្វើ​ដូច្នេះ នៅ​ពេល​ក្រោយ តើ​ឲ្យ​ខ្ញុំ​មើល​មុខ​លោក​យ៉ូអាប់ ជា​បង​របស់​អ្នក​ដូច​ម្ដេច​បាន?»។

23. ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​ទេ។ ពេល​នោះ លោក​អប៊ី‌នើរ​ក៏​ចាក់​លោក​អេសា‌អែល​មួយ​លំពែង ត្រូវ​ត្រង់​ពោះ​ធ្លុះ​ដល់​ខ្នង។ លោក​អេសា‌អែល​ដួល​ស្លាប់​នៅ​នឹង​កន្លែង។ អស់​អ្នក​ដែល​រត់​មក​ដល់​កន្លែង​លោក​អេសា‌អែល​ដួល​ស្លាប់​នោះ ក៏​នាំ​គ្នា​ឈប់។

24. ប៉ុន្តែ លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​នៅ​តែ​ដេញ​តាម​លោក​អប៊ី‌នើរ ហើយ​ទៅ​ដល់​ជម្រាល​ភ្នំ​អាំម៉ា ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​គីយ៉ា តាម​ផ្លូវ​ទៅ​វាល​រហោ‌ស្ថាន​គីបៀន នៅ​ពេល​ថ្ងៃ​លិច។

25. ពល​ទាហាន​បេន‌យ៉ាមីន​ប្រមូល​គ្នា​មក​នៅ​ពី​ក្រោយ​លោក​អប៊ី‌នើរ។ គេ​ផ្ដុំ​គ្នា​ជា​ក្រុម ហើយ​ឈប់​នៅ​លើ​កំពូល​ភ្នំ។

26. លោក​អប៊ី‌នើរ​ស្រែក​សួរ​លោក​យ៉ូអាប់​ថា៖ «តើ​យើង​នៅ​តែ​ច្បាំង​គ្នា​រហូត​ឬ? តើ​អ្នក​មិន​យល់​ថា ការ​នេះ​ត្រូវ​បញ្ចប់​ដោយ​ជូរ​ចត់​ទេ​ឬ? តើ​នៅ​រង់‌ចាំ​ដល់​ពេល​ណា ទើប​បញ្ជា​ទាហាន​ឲ្យ​ឈប់​ដេញ​តាម​បង‌ប្អូន​របស់​ខ្លួន​ទៀត?»។

27. លោក​យ៉ូអាប់​ស្រែក​ប្រាប់​ទៅ​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ប្រសិន​បើ​អ្នក​មិន​សុំ​ឲ្យ​ខ្ញុំ​ឈប់​ដេញ​តាម​ទេ នោះ​ទាហាន​របស់​ខ្ញុំ​មុខ​ជា​នៅ​តែ​ដេញ​តាម​អ្នក​រាល់​គ្នា រហូត​ដល់​ព្រឹក​ស្អែក»។

28. លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ហើយ​ពួក​ពល​ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់។ ពួក​គេ​លែង​ដេញ​តាម​កង‌ទ័ព​អ៊ីស្រា‌អែល និង​លែង​ប្រយុទ្ធ​គ្នា​ទៀត។

29. លោក​អប៊ី‌នើរ និង​ពល​ទាហាន​របស់​លោក នាំ​គ្នា​បន្ត​ដំណើរ​ពេញ​មួយ​យប់ ដោយ​ដើរ​កាត់​វាល​ទំនាប​ទន្លេ​យ័រដាន់ រួច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ បន្ទាប់​ពី​ដើរ​អស់​មួយ​ព្រឹក​ទៀត ពួក​គេ​ឆ្លង​កាត់​វាល​ប៊ី‌ត្រោន ហើយ​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម​វិញ។

30. កាល​លោក​យ៉ូអាប់​វិល​មក​ពី​ដេញ​តាម​លោក​អប៊ី‌នើរ​វិញ លោក​ប្រមូល​ផ្ដុំ​ពល​ទាហាន ឃើញ​មាន​បាត់​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ ចំនួន​ដប់​ប្រាំ​បួន​នាក់ និង​លោក​អេសា‌អែល​ម្នាក់​ទៀត។

31. ប៉ុន្តែ ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​បាន​សម្លាប់​ទាហាន​របស់​ពួក​បេន‌យ៉ាមីន និង​ទាហាន​របស់​លោក​អប៊ី‌នើរ អស់​បី​រយ​ហុក‌សិប​នាក់។

32. គេ​បាន​នាំ​យក​សព​លោក​អេសា‌អែល​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ ដែល​ជា​កម្មសិទ្ធិ​របស់​ឪពុក​លោក នៅ​បេថ្លេ‌ហិម។ បន្ទាប់​មក លោក​យ៉ូអាប់ និង​ទាហាន​របស់​លោក នាំ​គ្នា​ដើរ​ពេញ​មួយ​យប់ ហើយ​ទៅ​ដល់​ក្រុង​ហេប្រូន​នៅ​ពេល​ថ្ងៃ​រះ។