គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 19:9-14 Khmer Standard Version (KHSV)

9. នៅ​តាម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ប្រជា‌ជន​ទាំង​មូល​ពិភាក្សា​គ្នា​ថា៖ «ព្រះ‌បាទ​ដាវីឌ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ជា​ពិសេស រំដោះ​យើង​ឲ្យ​រួច​ពី​ពួក​ភីលីស្ទីន តែ​ឥឡូវ​នេះ ព្រះ‌រាជា​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក ព្រោះ​តែ​ស្ដេច​អាប់‌សា‌ឡុម។

10. រីឯ​ស្ដេច​អាប់‌សា‌ឡុម​ដែល​យើង​ចាក់​ប្រេង​អភិ‌សេក​ជា​ស្ដេច​នោះ បាន​សោយ​ទិវង្គត​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់‌ចាំ​អ្វី​ទៀត ម្ដេច​មិន​ទៅ​យាង​ព្រះ‌រាជា​ឲ្យ​ត្រឡប់​មក​វិញ?»។

11. រីឯ​ព្រះ‌បាទ​ដាវីឌ ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្ដេច​ក៏​មិន​យាង​ស្ដេច​ចូល​ក្នុង​ដំណាក់​វិញ? ស្ដេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ហើយ។

12. អស់​លោក​ជា​បង‌ប្អូន និង​ជា​សាច់‌ញាតិ​របស់​ស្ដេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​យាង​ស្ដេច​មក​វិញ​នោះ​ឡើយ។

13. បន្ទាប់​មក សូម​លោក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ា‌សា​ផង​ថា “លោក​ជា​សាច់‌ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​យើង​ចុះ”»។

14. ព្រះ‌បាទ​ដាវីឌ​ធ្វើ​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​ទន់​ចិត្ត ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​មក​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌ករុណា​ចុះ»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 19