គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 19:29-43 Khmer Standard Version (KHSV)

29. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឈប់​និយាយ​ទៅ! យើង​សម្រេច​ឲ្យ​អ្នក និង​ស៊ីបា បែង​ចែក​ដី​ស្រែ​ចម្ការ​របស់​ព្រះ‌បាទ​សូល»។

30. លោក​មេភី‌បូសែត​ទូល​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ចុះ! ព្រះ‌ករុណា​ជា​អម្ចាស់​វិល​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​ដូច្នេះ ទូលបង្គំ​ស្កប់​ចិត្ត​ហើយ!»។

31. លោក​បាស៊ី‌ឡៃ​ជា​អ្នក​ស្រុក​កាឡាដ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​រ៉ូគី‌លីម​មក​ទន្លេ​យ័រដាន់​ដែរ ដើម្បី​ជូន​ដំណើរ​ស្ដេច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។

32. លោក​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែត‌សិប​ឆ្នាំ។ ពេល​ស្ដេច​គង់​នៅ​ក្រុង​ម៉ាហា‌ណែម លោក​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ត្រូវ​ការ ដ្បិត​លោក​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ។

33. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​លោក​ត្រូវ​ការ»។

34. លោក​បាស៊ី‌ឡៃ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះ‌ករុណា​ធ្វើ​អ្វី ទូលបង្គំ​រស់​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ!

35. ពេល​នេះ ទូលបង្គំ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ​ហើយ ទូលបង្គំ​លែង​ដឹង​រស‌ជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ ទូលបង្គំ​លែង​ដឹង​រស‌ជាតិ​អាហារ និង​ស្រា​ដែល​ទូលបង្គំ​ទទួល​ទាន ហើយ​ទូលបង្គំ​ក៏​ស្ដាប់​សំឡេង​អ្នក​ចម្រៀង​ប្រុស​ស្រី​លែង​ឮ​ដែរ។ ដូច្នេះ មិន​បាច់​ឲ្យ​ទូលបង្គំ​ទៅ​នាំ​តែ​អំពល់​ទុក្ខ​ព្រះ‌ករុណា​ឡើយ។

36. ទូលបង្គំ​មក​នេះ គឺ​គ្រាន់​តែ​ជូន​ដំណើរ​ព្រះ‌ករុណា​ឆ្លង​ទន្លេ​យ័រដាន់​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ទូលបង្គំ​មិន​សម​នឹង​ទទួល​រង្វាន់​នេះ​ពី​ព្រះ‌ករុណា​ទេ!

37. សូម​ព្រះ‌ករុណា​មេត្តា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​កាន់​ទីក្រុង​របស់​ទូលបង្គំ​វិញ​ចុះ។ ទូលបង្គំ​នឹង​ស្លាប់​នៅ​ទី​នោះ ក្បែរ​ផ្នូរ​ឪពុក‌ម្ដាយ​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​សូម​ផ្ញើ​គីម‌ហាំ ជា​កូន​ប្រុស​របស់​ទូលបង្គំ ឲ្យ​តាម​ដង្ហែ​ព្រះ‌ករុណា សូម​មេត្តា​ប្រោស​ដល់​វា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផង»។

38. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ឲ្យ​គីម‌ហាំ​ទៅ​ជា​មួយ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គាត់ តាម​បំណង​របស់​លោក។ អ្វីៗ​ដែល​លោក​ចង់​បាន ខ្ញុំ​នឹង​បំពេញ​ជូន​ទាំង​អស់»។

39. ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ស្ដេច​ក៏​ឆ្លង​ទៅ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ឱប​លោក​បា‌ស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​លោក​ផង។ បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។

40. ព្រះ‌បាទ​ដាវីឌ​បាន​បន្ត​ដំណើរ​ទៅ​ដល់​គីល‌កាល់ ដោយ​មាន​លោក​គីម‌ហាំ​ដង្ហែ​ទៅ​ជា​មួយ​ផង។ ជន‌ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ចំនួន​ពាក់​កណ្ដាល នាំ​គ្នា​ដង្ហែ​ស្ដេច​ឆ្លង​ទន្លេ​យ័រដាន់។

41. អ្នក​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ទុក​ឲ្យ​តែ​បង‌ប្អូន​ជន‌ជាតិ​យូដា​ដង្ហែ​ព្រះ‌ករុណា ដោយ​នាំ​ព្រះ‌ករុណា និង​រាជ‌វង្សា‌នុវង្ស ឆ្លង​ទន្លេ​យ័រដាន់​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ក៏​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ?»។

42. ជន‌ជាតិ​យូដា​ទាំង​អស់​តប​ទៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពួក​យើង​ជាប់​សាច់‌ញាតិ​នឹង​ព្រះ‌ករុណា​ជិត​ជាង​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខឹង‌សម្បារ​ដូច្នេះ? ពួក​យើង​មិន​មែន​រស់​ដោយ‌សារ​ស្ដេច​ទេ ហើយ​ពួក​យើង​ក៏​មិន​បាន​ទទួល​អំណោយ​អ្វី​ពី​ស្ដេច​ដែរ»។

43. ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​តប​ទៅ​ជន‌ជាតិ​យូដា​វិញ​ថា៖ «យើង​មាន​សិទ្ធិ​ដប់​ដង​លើស​អ្នក​រាល់​គ្នា ក្នុង​ការ​ទទួល​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច​របស់​យើង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើល‌ងាយ​ពួក​យើង​ដូច្នេះ? គឺ​ពួក​យើង​ទេ​តើ​ដែល​បាន​ផ្ដើម​គំនិត​យាង​ស្ដេច​របស់​យើង ឲ្យ​វិល​មក​វិញ​មុន​គេ!»។ ប៉ុន្តែ ជន‌ជាតិ​យូដា​និយាយ​ម៉ឺង‌ម៉ាត់​ជាង​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 19