គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 18:23-33 Khmer Standard Version (KHSV)

23. លោក​អហ៊ី‌ម៉ាស់​តប​ថា៖ «ទោះ​មាន​រឿង​អ្វី​ក៏​ដោយ ខ្ញុំ​នឹង​រត់​ទៅ!»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «រត់​ទៅ​ចុះ!»។ លោក​អហ៊ី‌ម៉ាស់​រត់​ចេញ​ទៅ​តាម​ផ្លូវ​វាល​ទំនាប​ទន្លេ​យ័រដាន់ ហើយ​រត់​ទៅ​មុន​ជន‌ជាតិ​អេត្យូ‌ពី។

24. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ត្រង់​ចន្លោះ​ទ្វារ​ខាង​ក្រៅ និង​ទ្វារ​ខាង​ក្នុង​នៃ​កំពែង​ក្រុង។ អ្នក​យាម​ម្នាក់​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​សម្លឹង​មើល​ទៅ​ឃើញ​មនុស្ស​ម្នាក់​កំពុង​រត់​តម្រង់​មក។

25. គេ​ស្រែក​ទូល​ស្ដេច ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​គេ​មក​តែ​ម្នាក់​ឯង គេ​មុខ​ជា​នាំ​ដំណឹង‌ល្អ​មក​ហើយ»។ អ្នក​នោះ​រត់​ចូល​មក​កាន់​តែ​ជិត។

26. អ្នក​យាម​ក្រឡេក​ទៅ​ឃើញ​មនុស្ស​ម្នាក់​ទៀត​រត់​តម្រង់​មក គេ​ក៏​ស្រែក​ប្រាប់​អ្នក​យាម​ទ្វារ​ថា៖ «មាន​ម្នាក់​ទៀត​រត់​តម្រង់​មក​ដែរ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​នោះ​ក៏​នាំ​ដំណឹង‌ល្អ​មក​ដែរ»។

27. អ្នក​យាម​ទូល​ថា៖ «តាម​មើល​របៀប​រត់​នេះ ទូលបង្គំ​ស្គាល់​ច្បាស់​ថា​អ្នក​ដែល​រត់​មក​មុន គឺ​លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​លោក​សាដុក»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «គាត់​ជា​មនុស្ស​ល្អ គាត់​ពិត​ជា​នាំ​ដំណឹង‌ល្អ​មក​ហើយ»។

28. ពេល​មក​ដល់ លោក​អហ៊ី‌ម៉ាស់​ទូល​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា!»។ គាត់​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច​ដល់​ដី ហើយ​ទូល​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដែល​បាន​ប្រគល់​ពួក​បះ‌បោរ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា!»។

29. ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ទេ?»។ លោក​អហ៊ី‌ម៉ាស​ទូល​ថា៖ «ពេល​លោក​យ៉ូអាប់​ចាត់​ទូលបង្គំ និង​អ្នក​បម្រើ​ម្នាក់​ទៀត​មក​នោះ ទូលបង្គំ​សង្កេត​ឃើញ​មាន​ការ​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ ទូលបង្គំ​មិន​ដឹង​ថា​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ទេ»។

30. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ថយ​ទៅ​ឈរ​នៅ​ជិត​នោះ​ចុះ»។ លោក​អហ៊ី‌ម៉ាស់​ក៏​ដក​ខ្លួន ហើយ​ឈរ​ចាំ។

31. រំពេច​នោះ ជន‌ជាតិ​អេត្យូ‌ពី​មក​ដល់ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​នាំ​ដំណឹង‌ល្អ​មក​ថ្វាយ​ព្រះ‌ករុណា។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​បាន​រក​យុត្តិធម៌​ថ្វាយ​ព្រះ‌ករុណា​ហើយ ព្រះ‌អង្គ​បាន​រំដោះ​ព្រះ‌ករុណា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​បះ‌បោរ​ទាំង​ប៉ុន្មាន»។

32. ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ឬ​ទេ?»។ ជន‌ជាតិ​អេត្យូ‌ពី ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​ឲ្យ​ខ្មាំង​សត្រូវ និង​ពួក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ករុណា ត្រូវ​វិនាស​ដូច​យុវជន​នោះ​ចុះ!»។

33. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក្ដុក‌ក្ដួល​ក្នុង​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ស្ដេច​យាង​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​ទ្រង់​ព្រះ‌កន្សែង។ ស្ដេច​យាង​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់‌សា‌ឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់‌សា‌ឡុម បុត្រ​បិតា​អើយ! គួរ​តែ​ឲ្យ​បិតា​ស្លាប់​ជំនួស​បុត្រ​វិញ! អាប់‌សា‌ឡុម បុត្រ​បិតា ឱ​បុត្រ​បិតា​អើយ!»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 18