គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 18:14-27 Khmer Standard Version (KHSV)

14. លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ចង់​ខាត​ពេល​វេលា​ជា​មួយ​ឯង​ទេ!»។ លោក​ចាប់​យក​ជន្លួញ​បី​ដើម​មក​ចាក់​ទម្លុះ​ត្រង់​បេះ‌ដូង​ស្ដេច​អាប់‌សា‌ឡុម ដែល​នៅ​រស់ ហើយ​ទាក់​ជាប់​នឹង​មែក​ឈើ។

15. ពល​ទាហាន​កំលោះៗ​ចំនួន​ដប់​នាក់ ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ នាំ​គ្នា​ឡោម‌ព័ទ្ធ​ស្ដេច​អាប់‌សា‌ឡុម ហើយ​វាយ​ប្រហារ​ឲ្យ​សុគត​ទៅ។

16. បន្ទាប់​មក លោក​យ៉ូអាប់​បញ្ជា​ឲ្យ​គេ​ផ្លុំ​ត្រែ​បញ្ឈប់​ការ​ប្រយុទ្ធ។ ដូច្នេះ ពល​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ឈប់​ដេញ​តាម​កង‌ទ័ព​អ៊ីស្រា‌អែល។

17. គេ​យក​សព​ស្ដេច​អាប់‌សា‌ឡុម​ទៅ​បោះ​ចោល​ក្នុង​រណ្ដៅ​មួយ​ដ៏​ធំ នៅ​កណ្ដាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា‌អែល​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។

18. កាល​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ស្ដេច​អាប់‌សា‌ឡុម​បាន​ឲ្យ​គេ​កសាង​បង្គោល​ថ្ម​មួយ​នៅ​ជ្រលង​ភ្នំ​ស្ដេច ដ្បិត​ស្តេច​គិត​ថា៖ «យើង​គ្មាន​កូន​ប្រុស​បន្ត​វង្ស​ត្រកូល​ទេ»។ ដូច្នេះ ស្ដេច​ក៏​ដាក់​ឈ្មោះ​ខ្លួន​ផ្ទាល់​លើ​បង្គោល​ថ្ម​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​បង្គោល​នោះ​ថា «ស្តូប​អាប់‌សា‌ឡុម»​រហូត​ដល់​សព្វ​ថ្ងៃ។

19. លោក​អហ៊ី‌ម៉ាស់​ជា​កូន​របស់​លោក​សាដុក ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «សូម​ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​ទូល​ព្រះ‌ករុណា​អំពី​ដំណឹង‌ល្អ​ថា ព្រះ‌អម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ព្រះ‌ករុណា ដោយ​រំដោះ​ព្រះ‌ករុណា​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ»។

20. លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «ទេ! ចាំ​ថ្ងៃ​ក្រោយ សឹម​លោក​នាំ​ដំណឹង​ទៅ ថ្ងៃ​នេះ លោក​មិន​មែន​នាំ​ដំណឹង‌ល្អ​ទេ ពី‌ព្រោះ​បុត្រ​របស់​ស្ដេច​សោយ​ទិវង្គត»។

21. លោក​យ៉ូអាប់​បង្គាប់​ទៅ​ជន‌ជាតិ​អេត្យូ‌ពីម្នាក់​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​តាម​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ចុះ!»។ ជន‌ជាតិ​អេត្យូ‌ពី​នោះ ក្រាប​សំពះ​លា​លោក​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។

22. ពេល​នោះ លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​លោក​សាដុក ទទូច​សុំ​លោក​យ៉ូអាប់​ម្ដង​ទៀត​ថា៖ «ទោះ​បី​មាន​រឿង​អ្វី​ក៏​ដោយ ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​ជន‌ជាតិ​អេត្យូ‌ពី​នេះ​ផង»។ លោក​យ៉ូអាប់​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រត់​ទៅ​ដូច្នេះ? ដំណឹង​នេះ​មិន​ផ្ដល់​រង្វាន់​អ្វី​ដល់​អ្នក​ទេ!»។

23. លោក​អហ៊ី‌ម៉ាស់​តប​ថា៖ «ទោះ​មាន​រឿង​អ្វី​ក៏​ដោយ ខ្ញុំ​នឹង​រត់​ទៅ!»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «រត់​ទៅ​ចុះ!»។ លោក​អហ៊ី‌ម៉ាស់​រត់​ចេញ​ទៅ​តាម​ផ្លូវ​វាល​ទំនាប​ទន្លេ​យ័រដាន់ ហើយ​រត់​ទៅ​មុន​ជន‌ជាតិ​អេត្យូ‌ពី។

24. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ត្រង់​ចន្លោះ​ទ្វារ​ខាង​ក្រៅ និង​ទ្វារ​ខាង​ក្នុង​នៃ​កំពែង​ក្រុង។ អ្នក​យាម​ម្នាក់​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​សម្លឹង​មើល​ទៅ​ឃើញ​មនុស្ស​ម្នាក់​កំពុង​រត់​តម្រង់​មក។

25. គេ​ស្រែក​ទូល​ស្ដេច ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​គេ​មក​តែ​ម្នាក់​ឯង គេ​មុខ​ជា​នាំ​ដំណឹង‌ល្អ​មក​ហើយ»។ អ្នក​នោះ​រត់​ចូល​មក​កាន់​តែ​ជិត។

26. អ្នក​យាម​ក្រឡេក​ទៅ​ឃើញ​មនុស្ស​ម្នាក់​ទៀត​រត់​តម្រង់​មក គេ​ក៏​ស្រែក​ប្រាប់​អ្នក​យាម​ទ្វារ​ថា៖ «មាន​ម្នាក់​ទៀត​រត់​តម្រង់​មក​ដែរ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​នោះ​ក៏​នាំ​ដំណឹង‌ល្អ​មក​ដែរ»។

27. អ្នក​យាម​ទូល​ថា៖ «តាម​មើល​របៀប​រត់​នេះ ទូលបង្គំ​ស្គាល់​ច្បាស់​ថា​អ្នក​ដែល​រត់​មក​មុន គឺ​លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​លោក​សាដុក»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «គាត់​ជា​មនុស្ស​ល្អ គាត់​ពិត​ជា​នាំ​ដំណឹង‌ល្អ​មក​ហើយ»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 18