គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 18:1-14 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ​យាង​ត្រួត​ពិនិត្យ​កង‌ទ័ព​ដែល​មក​ជា​មួយ ហើយ​តែង‌តាំង​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច ឲ្យ​ត្រួត​លើ​ពួក​គេ។

2. ស្ដេច​ចែក​ពល​ទ័ព​ជា​បី​កង: កង​ទី​មួយ​ឲ្យ​នៅ​ក្រោម​បញ្ជា​របស់​លោក​យ៉ូអាប់ កង​ទី​ពីរ​នៅ​ក្រោម​បញ្ជា​របស់​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ហើយ​កង​ទី​បី​នៅ​ក្រោម​បញ្ជា​របស់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពល​ទ័ព​ថា៖ «យើង​ចង់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ»។

3. ពល​ទ័ព​ទូល​ថា៖ «ព្រះ‌ករុណា​មិន​ត្រូវ​យាង​ទៅ​ទេ។ ប្រសិន​បើ​យើង​ខ្ញុំ​បាក់​ទ័ព​រត់ គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​យើង​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​យើង​ខ្ញុំ​ត្រូវ​ស្លាប់​អស់​ពាក់​កណ្ដាល ក៏​គ្មាន​នរណា​ចាប់​អារម្មណ៍​ដែរ។ រីឯ​ព្រះ‌ករុណា​មាន​តម្លៃ​ស្មើ​នឹង​ពួក​យើង​មួយ​ម៉ឺន​នាក់​ឯ‌ណោះ ហេតុ​នេះ​គួរ​តែ​ព្រះ‌ករុណា​គង់​នៅ​ក្នុង​ទីក្រុង ចាំ​ជួយ​យើង​ខ្ញុំ​វិញ»។

4. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ធ្វើ​តាម​យោបល់​របស់​អ្នក​រាល់​គ្នា»។ ពេល​នោះ ស្ដេច​គង់​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ហើយ​ពល​ទ័ព​ក៏​ចេញ​ទៅ តាម​កង តាម​ក្រុម​របស់​ខ្លួន។

5. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់‌សា‌ឡុម ជា​បុត្រ​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​រាជ‌ឱង្ការ ដែល​ព្រះ‌បាទ​ដាវីឌ​ផ្ដែ‌ផ្ដាំ​មេ‌ទ័ព​ទាំង​អស់ ស្ដី​អំពី​ស្ដេច​អាប់‌សា‌ឡុម។

6. ពល​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ផ្ទុះ​ឡើង​រវាង​កង‌ទ័ព​ទាំង​ពីរ​នៅ​ក្នុង​ព្រៃ​អេប្រាអ៊ីម

7. កង‌ទ័ព​អ៊ីស្រា‌អែល​ចាញ់​កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ នៅ​ថ្ងៃ​នោះ គេ​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​មាន​ទាហាន​ស្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​នាក់។

8. ការ​ប្រយុទ្ធ​បាន​រាល‌ដាល​ពេញ​ស្រុក​ទាំង​មូល ហើយ​អ្នក​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រៃ មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ​ទៀត។

9. ពេល​កំពុង​ជិះ​លា ស្ដេច​អាប់‌សា‌ឡុម​បាន​ជួប​ប្រទះ​នឹង​កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ។ លា​ដើរ​កាត់​ក្រោម​ដើម​ឈើ​ធំ​មួយ ដែល​មាន​មែក​សាខា ស្រាប់​តែ​ព្រះ‌កេសា​របស់​ស្ដេច​អាប់‌សា‌ឡុម​ទាក់​ជាប់​នឹង​មែក​ឈើ លា​ដើរ​ទៅ​មុខ​ទៀត ទុក​ឲ្យ​ស្ដេច​អាប់‌សា‌ឡុម​នៅ​ព្យួរ​ផុត​ជើង​ពី​ដី។

10. ពល​ទាហាន​ម្នាក់​ឃើញ​ដូច្នេះ ក៏​នាំ​ដំណឹង​ទៅ​ជម្រាប​លោក​យ៉ូអាប់​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​ស្ដេច​អាប់‌សា‌ឡុម​នៅ​ព្យួរ​ជាប់​នឹង​មែក​ឈើ»។

11. លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «ឯង​បាន​ឃើញ​អាប់‌សា‌ឡុម​ឬ! ហេតុ​អ្វី​បាន​ជា​ឯង​មិន​ប្រហារ​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ទៅ? នោះ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ដប់​ស្លឹង និង​ខ្សែ​ក្រវាត់​មួយ​ជា​រង្វាន់​ដល់​ឯង»។

12. ទាហាន​នោះ​តប​ទៅ​លោក​យ៉ូអាប់​ថា៖ «ទោះ​បី​លោក​ឲ្យ​ប្រាក់​ខ្ញុំ​ប្របាទ​មួយ​ពាន់​ស្លឹង​ក្ដី ក៏​ខ្ញុំ​ប្របាទ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្ដេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្ដេច​មាន​រាជ‌ឱង្ការ​ផ្ដែ‌ផ្ដាំ​លោក ព្រម​ទាំង​លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា “សូម​ប្រណី​ដល់​អាប់‌សា‌ឡុម​ផង!”។

13. ប្រសិន​បើ​ខ្ញុំ​ប្របាទ​ធ្វើ​គុត​បុត្រ​របស់​ស្ដេច នោះ​ខ្ញុំ​ប្របាទ​ពុំ​អាច​លាក់​រឿង​នេះ​មិន​ឲ្យ​ស្ដេច​ជ្រាប​បាន​ទេ ហើយ​លោក​ផ្ទាល់​ក៏​មិន​ការ‌ពារ​ខ្ញុំ​ប្របាទ​ដែរ»។

14. លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ចង់​ខាត​ពេល​វេលា​ជា​មួយ​ឯង​ទេ!»។ លោក​ចាប់​យក​ជន្លួញ​បី​ដើម​មក​ចាក់​ទម្លុះ​ត្រង់​បេះ‌ដូង​ស្ដេច​អាប់‌សា‌ឡុម ដែល​នៅ​រស់ ហើយ​ទាក់​ជាប់​នឹង​មែក​ឈើ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 18