គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 16:6-18 Khmer Standard Version (KHSV)

6. គាត់​ចោល​ដុំ​ថ្ម​ទៅ​លើ​ព្រះ‌បាទ​ដាវីឌ និង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច ទោះ​បី​មាន​បណ្ដា‌ជន និង​ពល​ទាហាន នៅ​អម​សង​ខាង​ស្ដេច​ក៏​ដោយ។

7. គាត់​ជេរ​ប្រទេច‌ផ្ដាសា​ស្ដេច​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាត‌ក! អា​ចោល‌ម្សៀត!

8. ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង ដើម្បី​សង‌សឹក​ជំនួស​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល ដែល​ឯង​បាន​ដណ្ដើម​រាជ្យ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ដក​រាជ្យ​ពី​ឯង ប្រគល់​ទៅ​ឲ្យ​សម្ដេច​អាប់‌សា‌ឡុម​ជា​កូន​វិញ។ ឥឡូវ​នេះ ឯង​ត្រូវ​រង​ទុក្ខ​វេទនា ដ្បិត​ឯង​ជា​ឃាត‌ក»។

9. លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ម្ដេច​ក៏​ទុក​ឲ្យ​អា​ឆ្កែ​ងាប់​នេះ​ជេរ​ប្រទេច‌ផ្ដាសា​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច្នេះ? ទូលបង្គំ​សូម​ទៅ​កាត់​ក​វា»។

10. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើ​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​គាត់​ដាក់​បណ្ដាសា​យើង​ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្ដី​បន្ទោស​គាត់​ឡើយ!»។

11. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប៊ី‌សាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​បុត្រ​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​បង្គាប់​ដូច្នេះ ទុក​ឲ្យ​អ្នក​ស្រុក​បេន‌យ៉ាមីន​ម្នាក់​នេះ​ជេរ​ប្រទេច‌ផ្ដាសា​យើង​ទៅ!

12. ព្រះ‌អម្ចាស់​ប្រហែល​ជា​ទត​ឃើញ​ទុក្ខ​វេទនា​របស់​យើង ហើយ​ធ្វើ​ឲ្យ​ពាក្យ​បណ្ដាសា​នៅ​ថ្ងៃ​នេះ ក្លាយ​ទៅ​ជា​ពាក្យ​ជូន​ពរ​ទៅ​វិញ»។

13. ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​បន្ត​ដំណើរ​ទៅ​មុខ ហើយ​លោក​ស៊ីម៉ាយ​ដើរ​តាម​ចង្កេះ​ភ្នំ​ម្ខាង​ទៀត នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះ‌បាទ​ដាវីឌ។ គាត់​ដើរ​បណ្ដើរ ជេរ​ប្រទេច‌ផ្ដាសា​បណ្ដើរ ព្រម​ទាំង​យក​ដុំ​ថ្ម​គប់ និង​បាច​ដី​មក​លើ​ស្ដេច​ផង។

14. ស្ដេច និង​បណ្ដា‌ជន​ទាំង​មូល​ដែល​រួម​ដំណើរ​ជា​មួយ ក៏​ទៅ​ដល់​ទន្លេ​យ័រដាន់ពួក​គេ​អស់​កម្លាំង ហើយ​ឈប់​សម្រាក​នៅ​ទី​នោះ។

15. ស្ដេច​អាប់‌សា‌ឡុម និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចូល​ដល់​ក្រុង​យេរូ‌សាឡឹម។ លោក​អហ៊ី‌ថូផែល​ក៏​នៅ​ជា​មួយ​ស្ដេច​អាប់‌សា‌ឡុម​ដែរ។

16. លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី ដែល​ជា​មន្ត្រី​ជំនិត​របស់​ព្រះ‌បាទ​ដាវីឌ ចូល​ទៅ​គាល់​ស្ដេច​អាប់‌សា‌ឡុម ពោល​ថា៖ «ជយោ​ព្រះ‌រាជា! ជយោ​ព្រះ‌រាជា!»។

17. ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «ចិត្ត​ស្មោះ​ត្រង់​ចំពោះ​បិតា​ខ្ញុំ ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​នោះ នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​លោក​មិន​ទៅ​តាម​បិតា​ខ្ញុំ?»។

18. លោក​ហ៊ូសាយ​ទូល​ថា៖ «ទេ! បើ​ព្រះ‌អម្ចាស់ និង​ប្រជា‌ជន​អ៊ីស្រា‌អែល ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល ជ្រើស​រើស​ស្ដេច​ណា ទូលបង្គំ​នៅ​ជា​មួយ​ស្ដេច​នោះ​ហើយ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 16