គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 16:1-12 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ​យាង​ផុត​ពី​កំពូល​ភ្នំ​បន្តិច ស្រាប់​តែ​ស៊ី‌បា ជា​អ្នក​បម្រើ​របស់​លោក​មេភី‌បូសែត ក៏​មក​ជួប​ថ្វាយ‌បង្គំ​ស្ដេច គាត់​នាំ​យក​សត្វ​លា​ពីរ​ក្បាល ដែល​មាន​ដឹក​នំប៉័ង​ចំនួន​ពីរ​រយ​ដុំ ទំពាំង‌បាយជូរ​ក្រៀម​ចំនួន​មួយ​រយ​កញ្ចប់ ផ្លែ​ឈើ​ស្រស់​ចំនួន​មួយ​រយ​ផ្លែ ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ​មួយ​ថង់​ស្បែក​ផង។

2. ព្រះ‌រាជា​សួរ​ស៊ីបា​ថា៖ «តើ​អ្នក​យក​របស់​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សត្វ​លា​ទាំង​ពីរ​នេះ​ជា​ជំនិះ​សម្រាប់​ព្រះ‌រាជ‌វង្ស នំប៉័ង និង​ផ្លែ​ឈើ ជា​អាហារ​របស់​ពល​ទាហាន ហើយ​ស្រា​នេះ​ទុក​សម្រាប់​អ្នក​ដែល​អស់​កម្លាំង​នៅ​វាល​រហោ​ស្ថាន»។

3. ព្រះ‌រាជា​សួរ​ថា៖ «តើ​កូន​របស់​ម្ចាស់​អ្នក​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដ្បិត​លោក​គិត​ថា ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រគល់​រាជ្យ​របស់​ជីតា​លោក​មក​ឲ្យ​លោក​វិញ»។

4. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​មេភី‌បូសែត យើង​ប្រគល់​ឲ្យ​អ្នក​ទាំង​អស់»។ ស៊ីបា​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ទ្រង់​ប្រណី​សន្ដោស​ទូលបង្គំ​រហូត​ត​ទៅ!»។

5. ពេល​ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​ដល់​ភូមិ​បាហ៊ូ‌រីម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ី‌ម៉ាយ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​អំបូរ​របស់​ស្ដេច​សូល បាន​ចេញ​ពី​ភូមិ ហើយ​ជេរ​ប្រទេច‌ផ្ដាសា​ព្រះ‌បាទ​ដាវីឌ។

6. គាត់​ចោល​ដុំ​ថ្ម​ទៅ​លើ​ព្រះ‌បាទ​ដាវីឌ និង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច ទោះ​បី​មាន​បណ្ដា‌ជន និង​ពល​ទាហាន នៅ​អម​សង​ខាង​ស្ដេច​ក៏​ដោយ។

7. គាត់​ជេរ​ប្រទេច‌ផ្ដាសា​ស្ដេច​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាត‌ក! អា​ចោល‌ម្សៀត!

8. ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង ដើម្បី​សង‌សឹក​ជំនួស​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល ដែល​ឯង​បាន​ដណ្ដើម​រាជ្យ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ដក​រាជ្យ​ពី​ឯង ប្រគល់​ទៅ​ឲ្យ​សម្ដេច​អាប់‌សា‌ឡុម​ជា​កូន​វិញ។ ឥឡូវ​នេះ ឯង​ត្រូវ​រង​ទុក្ខ​វេទនា ដ្បិត​ឯង​ជា​ឃាត‌ក»។

9. លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ម្ដេច​ក៏​ទុក​ឲ្យ​អា​ឆ្កែ​ងាប់​នេះ​ជេរ​ប្រទេច‌ផ្ដាសា​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច្នេះ? ទូលបង្គំ​សូម​ទៅ​កាត់​ក​វា»។

10. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើ​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​គាត់​ដាក់​បណ្ដាសា​យើង​ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្ដី​បន្ទោស​គាត់​ឡើយ!»។

11. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប៊ី‌សាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​បុត្រ​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​បង្គាប់​ដូច្នេះ ទុក​ឲ្យ​អ្នក​ស្រុក​បេន‌យ៉ាមីន​ម្នាក់​នេះ​ជេរ​ប្រទេច‌ផ្ដាសា​យើង​ទៅ!

12. ព្រះ‌អម្ចាស់​ប្រហែល​ជា​ទត​ឃើញ​ទុក្ខ​វេទនា​របស់​យើង ហើយ​ធ្វើ​ឲ្យ​ពាក្យ​បណ្ដាសា​នៅ​ថ្ងៃ​នេះ ក្លាយ​ទៅ​ជា​ពាក្យ​ជូន​ពរ​ទៅ​វិញ»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 16