ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 16 Khmer Standard Version (KHSV)

ព្រះ‌បាទ​ដាវីឌ និង​ស៊ីបា

1. ព្រះ‌បាទ​ដាវីឌ​យាង​ផុត​ពី​កំពូល​ភ្នំ​បន្តិច ស្រាប់​តែ​ស៊ី‌បា ជា​អ្នក​បម្រើ​របស់​លោក​មេភី‌បូសែត ក៏​មក​ជួប​ថ្វាយ‌បង្គំ​ស្ដេច គាត់​នាំ​យក​សត្វ​លា​ពីរ​ក្បាល ដែល​មាន​ដឹក​នំប៉័ង​ចំនួន​ពីរ​រយ​ដុំ ទំពាំង‌បាយជូរ​ក្រៀម​ចំនួន​មួយ​រយ​កញ្ចប់ ផ្លែ​ឈើ​ស្រស់​ចំនួន​មួយ​រយ​ផ្លែ ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ​មួយ​ថង់​ស្បែក​ផង។

2. ព្រះ‌រាជា​សួរ​ស៊ីបា​ថា៖ «តើ​អ្នក​យក​របស់​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សត្វ​លា​ទាំង​ពីរ​នេះ​ជា​ជំនិះ​សម្រាប់​ព្រះ‌រាជ‌វង្ស នំប៉័ង និង​ផ្លែ​ឈើ ជា​អាហារ​របស់​ពល​ទាហាន ហើយ​ស្រា​នេះ​ទុក​សម្រាប់​អ្នក​ដែល​អស់​កម្លាំង​នៅ​វាល​រហោ​ស្ថាន»។

3. ព្រះ‌រាជា​សួរ​ថា៖ «តើ​កូន​របស់​ម្ចាស់​អ្នក​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដ្បិត​លោក​គិត​ថា ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រគល់​រាជ្យ​របស់​ជីតា​លោក​មក​ឲ្យ​លោក​វិញ»។

4. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​មេភី‌បូសែត យើង​ប្រគល់​ឲ្យ​អ្នក​ទាំង​អស់»។ ស៊ីបា​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ទ្រង់​ប្រណី​សន្ដោស​ទូលបង្គំ​រហូត​ត​ទៅ!»។

លោក​ស៊ីម៉ាយ​ជេរ​ប្រទេច‌ផ្ដាសា​ព្រះ‌បាទ​ដាវីឌ

5. ពេល​ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​ដល់​ភូមិ​បាហ៊ូ‌រីម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ី‌ម៉ាយ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​អំបូរ​របស់​ស្ដេច​សូល បាន​ចេញ​ពី​ភូមិ ហើយ​ជេរ​ប្រទេច‌ផ្ដាសា​ព្រះ‌បាទ​ដាវីឌ។

6. គាត់​ចោល​ដុំ​ថ្ម​ទៅ​លើ​ព្រះ‌បាទ​ដាវីឌ និង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច ទោះ​បី​មាន​បណ្ដា‌ជន និង​ពល​ទាហាន នៅ​អម​សង​ខាង​ស្ដេច​ក៏​ដោយ។

7. គាត់​ជេរ​ប្រទេច‌ផ្ដាសា​ស្ដេច​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាត‌ក! អា​ចោល‌ម្សៀត!

8. ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង ដើម្បី​សង‌សឹក​ជំនួស​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល ដែល​ឯង​បាន​ដណ្ដើម​រាជ្យ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ដក​រាជ្យ​ពី​ឯង ប្រគល់​ទៅ​ឲ្យ​សម្ដេច​អាប់‌សា‌ឡុម​ជា​កូន​វិញ។ ឥឡូវ​នេះ ឯង​ត្រូវ​រង​ទុក្ខ​វេទនា ដ្បិត​ឯង​ជា​ឃាត‌ក»។

9. លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ម្ដេច​ក៏​ទុក​ឲ្យ​អា​ឆ្កែ​ងាប់​នេះ​ជេរ​ប្រទេច‌ផ្ដាសា​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច្នេះ? ទូលបង្គំ​សូម​ទៅ​កាត់​ក​វា»។

10. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើ​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​គាត់​ដាក់​បណ្ដាសា​យើង​ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្ដី​បន្ទោស​គាត់​ឡើយ!»។

11. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប៊ី‌សាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​បុត្រ​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​បង្គាប់​ដូច្នេះ ទុក​ឲ្យ​អ្នក​ស្រុក​បេន‌យ៉ាមីន​ម្នាក់​នេះ​ជេរ​ប្រទេច‌ផ្ដាសា​យើង​ទៅ!

12. ព្រះ‌អម្ចាស់​ប្រហែល​ជា​ទត​ឃើញ​ទុក្ខ​វេទនា​របស់​យើង ហើយ​ធ្វើ​ឲ្យ​ពាក្យ​បណ្ដាសា​នៅ​ថ្ងៃ​នេះ ក្លាយ​ទៅ​ជា​ពាក្យ​ជូន​ពរ​ទៅ​វិញ»។

13. ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​បន្ត​ដំណើរ​ទៅ​មុខ ហើយ​លោក​ស៊ីម៉ាយ​ដើរ​តាម​ចង្កេះ​ភ្នំ​ម្ខាង​ទៀត នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះ‌បាទ​ដាវីឌ។ គាត់​ដើរ​បណ្ដើរ ជេរ​ប្រទេច‌ផ្ដាសា​បណ្ដើរ ព្រម​ទាំង​យក​ដុំ​ថ្ម​គប់ និង​បាច​ដី​មក​លើ​ស្ដេច​ផង។

14. ស្ដេច និង​បណ្ដា‌ជន​ទាំង​មូល​ដែល​រួម​ដំណើរ​ជា​មួយ ក៏​ទៅ​ដល់​ទន្លេ​យ័រដាន់ពួក​គេ​អស់​កម្លាំង ហើយ​ឈប់​សម្រាក​នៅ​ទី​នោះ។

លោក​ហ៊ូសាយ​ចូល​គាល់​ស្ដេច​អាប់‌សា‌ឡុម

15. ស្ដេច​អាប់‌សា‌ឡុម និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចូល​ដល់​ក្រុង​យេរូ‌សាឡឹម។ លោក​អហ៊ី‌ថូផែល​ក៏​នៅ​ជា​មួយ​ស្ដេច​អាប់‌សា‌ឡុម​ដែរ។

16. លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី ដែល​ជា​មន្ត្រី​ជំនិត​របស់​ព្រះ‌បាទ​ដាវីឌ ចូល​ទៅ​គាល់​ស្ដេច​អាប់‌សា‌ឡុម ពោល​ថា៖ «ជយោ​ព្រះ‌រាជា! ជយោ​ព្រះ‌រាជា!»។

17. ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «ចិត្ត​ស្មោះ​ត្រង់​ចំពោះ​បិតា​ខ្ញុំ ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​នោះ នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​លោក​មិន​ទៅ​តាម​បិតា​ខ្ញុំ?»។

18. លោក​ហ៊ូសាយ​ទូល​ថា៖ «ទេ! បើ​ព្រះ‌អម្ចាស់ និង​ប្រជា‌ជន​អ៊ីស្រា‌អែល ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល ជ្រើស​រើស​ស្ដេច​ណា ទូលបង្គំ​នៅ​ជា​មួយ​ស្ដេច​នោះ​ហើយ។

19. ម្យ៉ាង​ទៀត ទូលបង្គំ​ត្រូវ​បម្រើ​អ្នក​ណា? ព្រះ‌ករុណា​ជា​បុត្រ​របស់​មិត្ត​សម្លាញ់​ទូលបង្គំ ដូច្នេះ ទូលបង្គំ​នឹង​បម្រើ​ព្រះ‌ករុណា ដូច​ទូលបង្គំ​បាន​បម្រើ​បិតា​របស់​ព្រះ‌ករុណា​ដែរ»។

ស្ដេច​អាប់‌សា‌ឡុម និង​ពួក​ស្រី​ស្នំ​របស់​ព្រះ‌បាទ​ដាវីឌ

20. ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អហ៊ី‌ថូផែល​ថា៖ «ចូរ​អស់​លោក​ពិភាក្សា​គ្នា​អំពី​កិច្ចការ ដែល​ពួក​យើង​ត្រូវ​ធ្វើ​នោះ​ទៅ»។

21. លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​យាង​ទៅ​រួម​ដំណេក​ជា​មួយ​ពួក​ស្រី​ស្នំ ដែល​បិតា​របស់​ព្រះ‌ករុណា​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​នោះ​ចុះ។ ធ្វើ​ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌ករុណា​តាំង​ខ្លួន​ជា​សត្រូវ​នឹង​បិតា ហើយ​បក្ស​ពួក​របស់​ព្រះ‌ករុណា​ក៏​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​ដែរ»។

22. គេ​បាន​ដំឡើង​ពន្លា​មួយ​ថ្វាយ​ស្ដេច​អាប់‌សា‌ឡុម តាម​ថែវ នៅ​ជាន់​ខាង​លើ​ដំណាក់ ហើយ​ស្ដេច​អាប់‌សា‌ឡុម​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ស្រី​ស្នំ​របស់​បិតា ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ។

23. នៅ​គ្រា​នោះ យោបល់​របស់​លោក​អហ៊ី‌ថូផែល​មាន​ឥទ្ធិ‌ពល​ដូច​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ព្រះ‌បាទ​ដាវីឌ និង​ស្ដេច​អាប់‌សា‌ឡុម​តែងតែ​ធ្វើ​តាម​យោបល់​ទាំង​ប៉ុន្មាន​របស់​លោក។