គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 15:1-15 Khmer Standard Version (KHSV)

1. ក្រោយ​មក​ទៀត សម្ដេច​អាប់‌សាឡុម​រក​បាន​រទេះ​មួយ ព្រម​ទាំង​សេះ ហើយ​ចាត់​ចែង​មនុស្ស​ចំនួន​ហា‌សិប​នាក់​រត់​ពី​មុខ​ផង។

2. សម្ដេច​តែងតែ​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​តាម​ផ្លូវ​ចូល​ទ្វារ​ក្រុង។ រៀង​រាល់​ពេល​ដែល​មាន​នរណា​ម្នាក់​ចូល​ទៅ​គាល់​ស្ដេច សូម​ស្ដេច​រក​យុត្តិធម៌​ឲ្យ សម្ដេច​អាប់‌សាឡុម​តែង​ហៅ​គេ​មក​សួរ​ថា «អ្នក​មក​ពី​ស្រុក​ណា?»។ ពេល​គេ​ឆ្លើយ​ថា «ទូលបង្គំ​មក​ពី​កុល‌សម្ព័ន្ធ​មួយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

3. សម្ដេច​អាប់‌សាឡុម​តែងតែ​ពោល​ថា៖ «មើល៍! សំណុំ​រឿង​របស់​អ្នក​ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ នៅ​ក្នុង​ដំណាក់​ស្ដេច គ្មាន​នរណា​ម្នាក់​អើ‌ពើ​នឹង​អ្នក​ទេ»។

4. សម្ដេច​អាប់‌សាឡុម​ពោល​ទៀត​ថា៖ «ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​គ្រប់‌គ្រង​លើ​ស្រុក​នេះ អស់​អ្នក​ដែល​មាន​រឿង ហើយ​រត់​មក​រក​ខ្ញុំ​ឲ្យ​ជំនុំ​ជម្រះ​ក្ដី នោះ​ខ្ញុំ​នឹង​រក​យុត្តិធម៌​ឲ្យ»។

5. ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​ក្រាប​ថ្វាយ‌បង្គំ នោះ​សម្ដេច​អាប់‌សាឡុម​តែងតែ​ចាប់​ដៃ​គាត់​លើក​ឡើង ហើយ​ឱប​ផង។

6. សម្ដេច​អាប់‌សាឡុម​តែង​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​មក​រក​ព្រះ‌រាជា​ជំនុំ​ជម្រះ​ក្ដី។ សម្ដេច​អាប់‌សាឡុម​ទាក់‌ទាញ​ចិត្ត​ប្រជា‌ជន​អ៊ីស្រា‌អែល​តាម​របៀប​នេះ​ឯង។

7. បួន​ឆ្នាំក្រោយ​មក សម្ដេច​អាប់‌សាឡុម​ទូល​ស្ដេច​ថា៖ «សូម​បិតា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​ក្រុង​ហេប្រូន ដើម្បី​លា​បំណន់​ដែល​ទូលបង្គំ​បាន​បន់​ព្រះ‌អម្ចាស់​ផង។

8. កាល​ទូលបង្គំ​ស្នាក់​នៅ​ក្រុង​កេស៊ួ‌រី ក្នុង​ស្រុក​ស៊ីរី ទូលបង្គំ​បាន​បន់​ព្រះ‌អម្ចាស់​ថា ប្រសិន​បើ​ព្រះ‌អង្គ​ប្រោស‌ប្រណី​ឲ្យ​ទូលបង្គំ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់»។

9. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​ទៅ​ក្រុង​ហេប្រូន។

10. នៅ​ទី​នោះ សម្ដេច​ចាត់​បក្ស​ពួក​យ៉ាង​សម្ងាត់​ឲ្យ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ត្រែ​បន្លឺ​ឡើង ត្រូវ​នាំ​គ្នា​ប្រកាស​ថា “សម្ដេច​អាប់‌សាឡុម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន!”»។

11. សម្ដេច​អាប់‌សាឡុម​អញ្ជើញ​មនុស្ស​ពីរ​រយ​នាក់ ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជា​មួយ​សម្ដេច ប៉ុន្តែ អ្នក​ទាំង​នោះ​នាំ​គ្នា​ទៅ​ដោយ​សុទ្ធ​ចិត្ត ពុំ​បាន​ដឹង​រឿង​ហេតុ​អ្វី​សោះ។

12. កាល​សម្ដេច​អាប់‌សាឡុម​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា សម្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក​អហ៊ី‌ថូផែល ជា​អ្នក​ស្រុក​គីឡោ។ ដូច្នេះ ចំនួន​មនុស្ស​ដែល​ចូល​រួម​បះ‌បោរ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម បាន​កើន​ច្រើន​ឡើង ហើយ​មាន​កម្លាំង​រឹត​តែ​ខ្លាំង​ឡើង​ដែរ។

13. ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ហើយ!»។

14. ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អាប់‌សា‌ឡុម​បាន​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់‌សា‌ឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ ដោយ​មុខ​ដាវ»។

15. ពួក​មន្ត្រី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទ្រង់​សម្រេច​យ៉ាង​ណា ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 15