គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 14:1-7 Khmer Standard Version (KHSV)

1. លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា សង្កេត​ឃើញ​ថា ស្ដេច​មាន​ព្រះ‌ហឫទ័យ​នឹក​រលឹក​ដល់​សម្ដេច​អាប់‌សាឡុម

2. លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភូមិ​តេកូ‌អា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។

3. បន្ទាប់​មក នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​តាម​ពាក្យ​ខ្ញុំ​បង្គាប់»។ លោក​យ៉ូអាប់​បាន​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​នាង​ត្រូវ​និយាយ។

4. ដូច្នេះ ស្ត្រី​អ្នក​ភូមិ​តេកូ‌អា​នោះ​ក៏​ចូល​ទៅ​គាល់​ស្ដេច។ នាង​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ដោយ​អោន​មុខ​ដល់​ដី ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។

5. ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ខ្ញុំ​ម្ចាស់​ជា​ស្រី​មេម៉ាយ ដែល​ប្ដី​ស្លាប់​ចោល!

6. ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​ពីរ​នាក់ ពួក​វា​ឈ្លោះ​ប្រកែក​គ្នា​នៅ​ឯ​ស្រែ ហើយ​ម្នាក់​បាន​វាយ​ម្នាក់​ទៀត​ស្លាប់ ព្រោះ​គ្មាន​នរណា​ឃាត់​គេ​ទាំង​ពីរ​ឡើយ។

7. ឥឡូវ​នេះ ញាតិ‌សន្ដាន​របស់​ខ្ញុំ​ម្ចាស់ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ម្ចាស់។ ពួក​គេ​ពោល​ថា “ចូរ​ប្រគល់​ឃាតក​មក​ឲ្យ​យើង យើង​នឹង​សម្លាប់​វា ដើម្បី​សង‌សឹក​ជំនួស​បង‌ប្អូន​របស់​វា​ដែល​ស្លាប់​នោះ ហើយ​យើង​ក៏​ចង់​បំផ្លាញ​ពូជ‌ពង្ស​របស់​វា​ផង​ដែរ”។ ពួក​គេ​ចង់​បំផ្លាញ​ក្ដី​សង្ឃឹម​ដែល​ខ្ញុំ​ម្ចាស់​មាន​សេស‌សល់ ហើយ​មិន​ចង់​ទុក​ឲ្យ​វង្ស​ត្រកូល​ប្ដី​របស់​ខ្ញុំ​ម្ចាស់​មាន​កូន​ចៅ បន្ត​ពូជ‌ពង្ស​នៅ​លើ​ផែនដី​នេះ​ឡើយ»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 14