គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 13:9-18 Khmer Standard Version (KHSV)

9. ព្រះ‌នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ថ្វាយ​សម្ដេច​អាំណូន ប៉ុន្តែ សម្ដេច​មិន​ព្រម​សោយ​ទេ។ សម្ដេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។

10. សម្ដេច​អាំណូន​ប្រាប់​ព្រះ‌នាង​តាម៉ារ​ថា៖ «ចូរ​យក​នំ​មក​ឲ្យ​បង​ដល់​គ្រែ​ផង ដើម្បី​ឲ្យ​បង​ទទួល​ទាន​នំ​ពី​ដៃ​របស់​ប្អូន​ផ្ទាល់»។ ព្រះ‌នាង​តាម៉ារ​យក​នំ​ដែល​ខ្លួន​បាន​ធ្វើ​នោះ ទៅ​ថ្វាយ​សម្ដេច​អាំណូន​ដល់​គ្រែ។

11. ពេល​នាង​កំពុង​លើក​នំ​មក​ថ្វាយ​នោះ សម្ដេច​ចាប់​នាង ទាំង​ពោល​ថា៖ «អូន​អើយ! ចូរ​មក​រួម​ដំណេក​ជា​មួយ​បង!»។

12. ព្រះ‌នាង​តាម៉ារ​ប្រកែក​ថា៖ «ទេ ម្ចាស់​បង សូម​កុំ​ធ្វើ​បាប​ខ្ញុំ​ម្ចាស់​បែប​នេះ! នៅ​ស្រុក​អ៊ីស្រា‌អែល គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ សូម​ម្ចាស់​បង​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​យ៉ាង​នេះ​ឲ្យ​សោះ។

13. បើ​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រា‌អែល។ សូម​ម្ចាស់​បង​ទូល​បិតា​ទៅ ទ្រង់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ម្ចាស់​ឲ្យ​ម្ចាស់​បង​ឡើយ»។

14. សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​បាន​ចាប់​បង្ខំ ហើយ​រំលោភ​លើ​នាង។

15. បន្ទាប់​មក សម្ដេច​អាំណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្ដេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់ ដែល​សម្ដេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្ដេច​បណ្ដេញ​នាង​ថា៖ «ចេញ​ទៅ!»។

16. ព្រះ‌នាង​ប្រកែក​ថា៖ «ទេ! ម្ចាស់​បង​បណ្ដេញ​ខ្ញុំ​ម្ចាស់​ដូច្នេះ អាក្រក់​ជាង​អំពើ​ដែល​ម្ចាស់​បង​ទើប​នឹង​ប្រព្រឹត្ត​មក​លើ​រូប​ខ្ញុំ​ម្ចាស់​នោះ​ទៅ​ទៀត!»។ ប៉ុន្តែ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ

17. សម្ដេច​ហៅ​ក្មេង​បម្រើ​ម្នាក់​មក បង្គាប់​ថា៖ «ចូរ​ដេញ​ស្រី​នេះ​ចេញ​ពី​មុខ​យើង​ទៅ ហើយ​ខ្ទាស់​ទ្វារ​ឲ្យ​ជិត»។

18. ក្មេង​បម្រើ​របស់​សម្ដេច​អាំណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ ព្រះ‌នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្ដេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 13