គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 13:22-36 Khmer Standard Version (KHSV)

22. សម្ដេច​អាប់‌សាឡុម​មិន​និយាយ​រក​សម្ដេច​អាំណូន សូម្បី​មួយ​ម៉ាត់​សោះ​ឡើយ ព្រោះ​ទ្រង់​ស្អប់​សម្ដេច​អាំណូន ដែល​បាន​ចាប់​រំលោភ​ព្រះ‌នាង​តាម៉ារ​ជា​ប្អូន​ស្រី។

23. ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គង្វាល​របស់​សម្ដេច​អាប់‌សាឡុម កាត់​រោម​ចៀម​នៅ​បាល-‌ហាសោរ ជិត​ភូមិ​អេប្រាអ៊ីម។ សម្ដេច​អាប់‌សាឡុម​បាន​អញ្ជើញ​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​មក​ចូល​រួម​ដែរ។

24. សម្ដេច​អាប់‌សាឡុម​បាន​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថា៖ «បពិត្រ​បិតា ពួក​គង្វាល​របស់​ទូលបង្គំ​កំពុង​តែ​កាត់​រោម​ចៀម សូម​បិតា​មេត្តា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ​ជា​មួយ​ពួក​មន្ត្រី​របស់​បិតា​ផង»។

25. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទេ កូន​អើយ យើង​មិន​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ទេ ក្រែង​នាំ​ឲ្យ​កូន​ពិបាក»។ សម្ដេច​អាប់‌សាឡុម​បាន​ទទូច​អង្វរ​ព្រះ‌រាជា តែ​ស្ដេច​ប្រកែក​មិន​ព្រម​ទៅ​ទេ គឺ​ទ្រង់​គ្រាន់​តែ​ប្រទាន​ពរ​ឲ្យ​បុត្រ​ប៉ុណ្ណោះ។

26. សម្ដេច​អាប់‌សាឡុម​ទូល​ថា៖ «បើ​បិតា​មិន​យាង​ទៅ​ទេ សូម​អនុញ្ញាត​ឲ្យ​តែ​បង​អាំណូន​ទៅ​រួម​ជា​មួយ​ពួក​យើង​ក៏​បាន»។ ព្រះ‌រាជា​សួរ​ថា៖ «ហេតុ​អ្វី​ចាំ‌បាច់​ឲ្យ​អាំណូន​ទៅ​ជា​មួយ?»។

27. សម្ដេច​អាប់‌សាឡុម​ទទូច​អង្វរ​សា​ជា​ថ្មី ហើយ​ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ​សម្ដេច​អាំណូន និង​បុត្រ​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

28. សម្ដេច​អាប់​សាឡុម​បាន​បញ្ជា​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ឃ្លាំ​មើល​សម្ដេច​អាំណូន​ឲ្យ​ជាប់ ពេល​ណា​សម្ដេច​អាំណូន​សោយ​ស្រា​ស្រវឹង ហើយ​ពេល​ណា​យើង​បង្គាប់​ថា “ចូរ​ប្រហារ​អាំណូន!” នោះ​ចូរ​សម្លាប់​គេ​ចោល​ទៅ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចូរ​តាំង​ចិត្ត​អង់‌អាច​ក្លាហាន​ឡើង!»។

29. ពួក​អ្នក​បម្រើ​ធ្វើ​តាម​បញ្ជា​របស់​សម្ដេច​អាប់‌សាឡុម ហើយ​សម្លាប់​សម្ដេច​អាំណូន។ បុត្រ​ឯ​ទៀតៗ​របស់​ព្រះ‌បាទ​ដាវីឌ​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​ជិះ​លា​រៀងៗ​ខ្លួន​រត់​ចេញ​ទៅ។

30. បុត្រ​ទាំង​នោះ​កំពុង​តែ​យាង​មក​តាម​ផ្លូវ ព្រះ‌បាទ​ដាវីឌ​ទទួល​ដំណឹង​ថា សម្ដេច​អាប់‌សាឡុម​បាន​សម្លាប់​បុត្រា​ទាំង​អស់​របស់​ស្ដេច គ្មាន​សល់​មួយ​អង្គ​ណា​សោះ​ឡើយ។

31. ពេល​នោះ ព្រះ‌រាជា​ហែក​សម្លៀក‌បំពាក់ ហើយ​ផ្ទំ​ផ្ទាល់​នឹង​ដី។ មន្ត្រី​ទាំង​អស់​នាំ​គ្នា​ឈរ​ជុំ‌វិញ​ស្ដេច ទាំង​ហែក​សម្លៀក‌បំពាក់​ដែរ។

32. ប៉ុន្តែ លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​កុំ​នឹក​ស្មាន​ថា​គេ​ធ្វើ​គុត​បុត្រា​ទាំង​អស់​របស់​ព្រះ‌ករុណា​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត ដ្បិត​សម្ដេច​អាប់‌សាឡុម​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តាំង​ពី​ថ្ងៃ​ដែល​សម្ដេច​អាំណូន​បាន​រំលោភ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​ស្រី​ម៉្លេះ។

33. ហេតុ​នេះ សូម​ព្រះ‌ករុណា​កុំ​នឹក​ស្មាន​ថា បុត្រា​របស់​ព្រះ‌ករុណា​ត្រូវ​សុគត​អស់​នោះ​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត»។

34. សម្ដេច​អាប់‌សាឡុម​គេច​ខ្លួន​រត់​បាត់​ទៅ។ អ្នក​យាម​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចុះ​ពី​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។

35. លោក​យ៉ូណា‌ដាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា បុត្រា​ទាំង​អស់​របស់​ព្រះ‌ករុណា​យាង​មក​ដល់​ហើយ! ដូច​ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​មែន»។

36. លោក​យ៉ូណា‌ដាប់​ទូល​មិន​ទាន់​ផុត​ពី​មាត់​ផង បុត្រា​របស់​ស្ដេច​ក៏​យាង​មក​ដល់។ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហើយ​ស្ដេច និង​មន្ត្រី​ទាំង​អស់​យំ​សោក​យ៉ាង​ខ្លាំង​ដែរ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 13