គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 13:13-28 Khmer Standard Version (KHSV)

13. បើ​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រា‌អែល។ សូម​ម្ចាស់​បង​ទូល​បិតា​ទៅ ទ្រង់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ម្ចាស់​ឲ្យ​ម្ចាស់​បង​ឡើយ»។

14. សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​បាន​ចាប់​បង្ខំ ហើយ​រំលោភ​លើ​នាង។

15. បន្ទាប់​មក សម្ដេច​អាំណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្ដេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់ ដែល​សម្ដេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្ដេច​បណ្ដេញ​នាង​ថា៖ «ចេញ​ទៅ!»។

16. ព្រះ‌នាង​ប្រកែក​ថា៖ «ទេ! ម្ចាស់​បង​បណ្ដេញ​ខ្ញុំ​ម្ចាស់​ដូច្នេះ អាក្រក់​ជាង​អំពើ​ដែល​ម្ចាស់​បង​ទើប​នឹង​ប្រព្រឹត្ត​មក​លើ​រូប​ខ្ញុំ​ម្ចាស់​នោះ​ទៅ​ទៀត!»។ ប៉ុន្តែ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ

17. សម្ដេច​ហៅ​ក្មេង​បម្រើ​ម្នាក់​មក បង្គាប់​ថា៖ «ចូរ​ដេញ​ស្រី​នេះ​ចេញ​ពី​មុខ​យើង​ទៅ ហើយ​ខ្ទាស់​ទ្វារ​ឲ្យ​ជិត»។

18. ក្មេង​បម្រើ​របស់​សម្ដេច​អាំណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ ព្រះ‌នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្ដេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។

19. ព្រះ‌នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ ទាំង​ស្រែក​ផង។

20. សម្ដេច​អាប់‌សាឡុម​ជា​បង​សួរ​ថា៖ «តើ​បង​អាំណូន​បាន​រំលោភ​លើ​ប្អូន​ឬ? ចូរ​នៅ​ស្ងៀម​ទៅ ព្រោះ​គាត់​ជា​បង​ប្រុស​របស់​ឯង​ទេ​តើ កុំ​ឈឺ​ចិត្ត​នឹង​រឿង​នេះ​ខ្លាំង​ពេក»។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌នាង​តាម៉ារ​រស់​នៅ​ជា​ស្ត្រី​ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ដំណាក់​របស់​សម្ដេច​អាប់‌សាឡុម ជា​បង។

21. ពេល​ព្រះ‌បាទ​ដាវីឌ​ជ្រាប​រឿង​នេះ ទ្រង់​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង។

22. សម្ដេច​អាប់‌សាឡុម​មិន​និយាយ​រក​សម្ដេច​អាំណូន សូម្បី​មួយ​ម៉ាត់​សោះ​ឡើយ ព្រោះ​ទ្រង់​ស្អប់​សម្ដេច​អាំណូន ដែល​បាន​ចាប់​រំលោភ​ព្រះ‌នាង​តាម៉ារ​ជា​ប្អូន​ស្រី។

23. ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គង្វាល​របស់​សម្ដេច​អាប់‌សាឡុម កាត់​រោម​ចៀម​នៅ​បាល-‌ហាសោរ ជិត​ភូមិ​អេប្រាអ៊ីម។ សម្ដេច​អាប់‌សាឡុម​បាន​អញ្ជើញ​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​មក​ចូល​រួម​ដែរ។

24. សម្ដេច​អាប់‌សាឡុម​បាន​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថា៖ «បពិត្រ​បិតា ពួក​គង្វាល​របស់​ទូលបង្គំ​កំពុង​តែ​កាត់​រោម​ចៀម សូម​បិតា​មេត្តា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ​ជា​មួយ​ពួក​មន្ត្រី​របស់​បិតា​ផង»។

25. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទេ កូន​អើយ យើង​មិន​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ទេ ក្រែង​នាំ​ឲ្យ​កូន​ពិបាក»។ សម្ដេច​អាប់‌សាឡុម​បាន​ទទូច​អង្វរ​ព្រះ‌រាជា តែ​ស្ដេច​ប្រកែក​មិន​ព្រម​ទៅ​ទេ គឺ​ទ្រង់​គ្រាន់​តែ​ប្រទាន​ពរ​ឲ្យ​បុត្រ​ប៉ុណ្ណោះ។

26. សម្ដេច​អាប់‌សាឡុម​ទូល​ថា៖ «បើ​បិតា​មិន​យាង​ទៅ​ទេ សូម​អនុញ្ញាត​ឲ្យ​តែ​បង​អាំណូន​ទៅ​រួម​ជា​មួយ​ពួក​យើង​ក៏​បាន»។ ព្រះ‌រាជា​សួរ​ថា៖ «ហេតុ​អ្វី​ចាំ‌បាច់​ឲ្យ​អាំណូន​ទៅ​ជា​មួយ?»។

27. សម្ដេច​អាប់‌សាឡុម​ទទូច​អង្វរ​សា​ជា​ថ្មី ហើយ​ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ​សម្ដេច​អាំណូន និង​បុត្រ​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

28. សម្ដេច​អាប់​សាឡុម​បាន​បញ្ជា​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ឃ្លាំ​មើល​សម្ដេច​អាំណូន​ឲ្យ​ជាប់ ពេល​ណា​សម្ដេច​អាំណូន​សោយ​ស្រា​ស្រវឹង ហើយ​ពេល​ណា​យើង​បង្គាប់​ថា “ចូរ​ប្រហារ​អាំណូន!” នោះ​ចូរ​សម្លាប់​គេ​ចោល​ទៅ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចូរ​តាំង​ចិត្ត​អង់‌អាច​ក្លាហាន​ឡើង!»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 13