គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 13:1-5 Khmer Standard Version (KHSV)

1. ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច​ត​ទៅ: សម្ដេច​អាប់‌សាឡុម ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​ប្អូន​ស្រី​ម្នាក់​នាម​ព្រះ‌នាង​តាម៉ារ ដែល​មាន​រូប​ឆោម​ល្អ​ស្អាត។ រីឯ​សម្ដេច​អាំណូន ជា​បុត្រា​មួយ​អង្គ​ទៀត​របស់​ព្រះ‌បាទ​ដាវីឌ មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង។

2. សម្ដេច​អាំណូន​មាន​ចិត្ត​ស្រឡាញ់​ព្រះ‌នាង ជា​ប្អូន​ស្រី​ខ្លាំង​ពេក រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ ដ្បិត​រក​ធ្វើ​អ្វី​នាង​មិន​បាន ព្រោះ​នាង​នៅ​ក្រមុំ​ព្រហ្មចារី។

3. សម្ដេច​អាំណូន​មាន​មិត្ត​ម្នាក់ ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ណាស់ ឈ្មោះ​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ។

4. លោក​យ៉ូណា‌ដាប់​សួរ​សម្ដេច​អាំណូន​ថា៖ «ព្រះ‌អង្គ​ម្ចាស់ ហេតុ​អ្វី​ក៏​មាន​ទឹក​មុខ​ស្រងូត​ជា​រៀង​រាល់​ព្រឹក​ដូច្នេះ? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​បាន​ឬ​ទេ?»។ សម្ដេច​អាំណូន​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​របស់​សម្ដេច​អាប់‌សាឡុម ប្អូន​របស់​ខ្ញុំ»។

5. លោក​យ៉ូណា‌ដាប់​ពោល​ថា៖ «ដូច្នេះ សូម​ទៅ​ផ្ទំ​នៅ​លើ​គ្រែ ហើយ​ធ្វើ​ពុត​ជា​ឈឺ​ទៅ។ កាល​បិតា​របស់​ព្រះ‌អង្គ​ម្ចាស់​យាង​មក​សួរ​សុខ​ទុក្ខ ព្រះ‌អង្គ​ម្ចាស់​ត្រូវ​ទូល​ថា “សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​របស់​ទូលបង្គំ យក​ម្ហូប​អាហារ​មក​ឲ្យ​ទូលបង្គំ​ផង។ នាង​ត្រូវ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​នេះ​នៅ​ចំពោះ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ ហើយ​ទទួល​ម្ហូប​អាហារ​ពី​ដៃ​របស់​នាង​ផ្ទាល់”»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 13