ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 13 Khmer Standard Version (KHSV)

សម្ដេច​អាំណូន និង​ព្រះ‌នាង​តាម៉ារ

1. ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច​ត​ទៅ: សម្ដេច​អាប់‌សាឡុម ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​ប្អូន​ស្រី​ម្នាក់​នាម​ព្រះ‌នាង​តាម៉ារ ដែល​មាន​រូប​ឆោម​ល្អ​ស្អាត។ រីឯ​សម្ដេច​អាំណូន ជា​បុត្រា​មួយ​អង្គ​ទៀត​របស់​ព្រះ‌បាទ​ដាវីឌ មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង។

2. សម្ដេច​អាំណូន​មាន​ចិត្ត​ស្រឡាញ់​ព្រះ‌នាង ជា​ប្អូន​ស្រី​ខ្លាំង​ពេក រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ ដ្បិត​រក​ធ្វើ​អ្វី​នាង​មិន​បាន ព្រោះ​នាង​នៅ​ក្រមុំ​ព្រហ្មចារី។

3. សម្ដេច​អាំណូន​មាន​មិត្ត​ម្នាក់ ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ណាស់ ឈ្មោះ​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ។

4. លោក​យ៉ូណា‌ដាប់​សួរ​សម្ដេច​អាំណូន​ថា៖ «ព្រះ‌អង្គ​ម្ចាស់ ហេតុ​អ្វី​ក៏​មាន​ទឹក​មុខ​ស្រងូត​ជា​រៀង​រាល់​ព្រឹក​ដូច្នេះ? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​បាន​ឬ​ទេ?»។ សម្ដេច​អាំណូន​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​របស់​សម្ដេច​អាប់‌សាឡុម ប្អូន​របស់​ខ្ញុំ»។

5. លោក​យ៉ូណា‌ដាប់​ពោល​ថា៖ «ដូច្នេះ សូម​ទៅ​ផ្ទំ​នៅ​លើ​គ្រែ ហើយ​ធ្វើ​ពុត​ជា​ឈឺ​ទៅ។ កាល​បិតា​របស់​ព្រះ‌អង្គ​ម្ចាស់​យាង​មក​សួរ​សុខ​ទុក្ខ ព្រះ‌អង្គ​ម្ចាស់​ត្រូវ​ទូល​ថា “សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​របស់​ទូលបង្គំ យក​ម្ហូប​អាហារ​មក​ឲ្យ​ទូលបង្គំ​ផង។ នាង​ត្រូវ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​នេះ​នៅ​ចំពោះ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ ហើយ​ទទួល​ម្ហូប​អាហារ​ពី​ដៃ​របស់​នាង​ផ្ទាល់”»។

6. សម្ដេច​អាំណូន​ក៏​ទៅ​ផ្ទំ ហើយ​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ព្រះ‌រាជា​យាង​មក​សួរ​សុខ​ទុក្ខ សម្ដេច​ទូល​ថា៖ «សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​ទូលបង្គំ មក​ធ្វើ​នំ​ពីរ នៅ​មុខ​ទូលបង្គំ រួច​ហើយ​នាង​លើក​នំ​នោះ​មក​ឲ្យ​ទូលបង្គំ​ដោយ​ផ្ទាល់​ដៃ ទើប​ទូលបង្គំ​ទទួល​ទាន»។

7. ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ព្រះ‌នាង​តាម៉ារ នៅ​ឯ​ដំណាក់​របស់​ព្រះ‌នាង​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន​ជា​បង​របស់​នាង ហើយ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​ឲ្យ​បង​សោយ​ផង»។

8. ព្រះ‌នាង​តាម៉ារ​យាង​ទៅ​ដល់​ដំណាក់​របស់​សម្ដេច​អាំណូន ជា​បង​ដែល​កំពុង​ផ្ទំ​លើ​គ្រែ។ ព្រះ‌នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។

9. ព្រះ‌នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ថ្វាយ​សម្ដេច​អាំណូន ប៉ុន្តែ សម្ដេច​មិន​ព្រម​សោយ​ទេ។ សម្ដេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។

10. សម្ដេច​អាំណូន​ប្រាប់​ព្រះ‌នាង​តាម៉ារ​ថា៖ «ចូរ​យក​នំ​មក​ឲ្យ​បង​ដល់​គ្រែ​ផង ដើម្បី​ឲ្យ​បង​ទទួល​ទាន​នំ​ពី​ដៃ​របស់​ប្អូន​ផ្ទាល់»។ ព្រះ‌នាង​តាម៉ារ​យក​នំ​ដែល​ខ្លួន​បាន​ធ្វើ​នោះ ទៅ​ថ្វាយ​សម្ដេច​អាំណូន​ដល់​គ្រែ។

11. ពេល​នាង​កំពុង​លើក​នំ​មក​ថ្វាយ​នោះ សម្ដេច​ចាប់​នាង ទាំង​ពោល​ថា៖ «អូន​អើយ! ចូរ​មក​រួម​ដំណេក​ជា​មួយ​បង!»។

12. ព្រះ‌នាង​តាម៉ារ​ប្រកែក​ថា៖ «ទេ ម្ចាស់​បង សូម​កុំ​ធ្វើ​បាប​ខ្ញុំ​ម្ចាស់​បែប​នេះ! នៅ​ស្រុក​អ៊ីស្រា‌អែល គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ សូម​ម្ចាស់​បង​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​យ៉ាង​នេះ​ឲ្យ​សោះ។

13. បើ​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រា‌អែល។ សូម​ម្ចាស់​បង​ទូល​បិតា​ទៅ ទ្រង់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ម្ចាស់​ឲ្យ​ម្ចាស់​បង​ឡើយ»។

14. សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​បាន​ចាប់​បង្ខំ ហើយ​រំលោភ​លើ​នាង។

15. បន្ទាប់​មក សម្ដេច​អាំណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្ដេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់ ដែល​សម្ដេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្ដេច​បណ្ដេញ​នាង​ថា៖ «ចេញ​ទៅ!»។

16. ព្រះ‌នាង​ប្រកែក​ថា៖ «ទេ! ម្ចាស់​បង​បណ្ដេញ​ខ្ញុំ​ម្ចាស់​ដូច្នេះ អាក្រក់​ជាង​អំពើ​ដែល​ម្ចាស់​បង​ទើប​នឹង​ប្រព្រឹត្ត​មក​លើ​រូប​ខ្ញុំ​ម្ចាស់​នោះ​ទៅ​ទៀត!»។ ប៉ុន្តែ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ

17. សម្ដេច​ហៅ​ក្មេង​បម្រើ​ម្នាក់​មក បង្គាប់​ថា៖ «ចូរ​ដេញ​ស្រី​នេះ​ចេញ​ពី​មុខ​យើង​ទៅ ហើយ​ខ្ទាស់​ទ្វារ​ឲ្យ​ជិត»។

18. ក្មេង​បម្រើ​របស់​សម្ដេច​អាំណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ ព្រះ‌នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្ដេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។

19. ព្រះ‌នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ ទាំង​ស្រែក​ផង។

20. សម្ដេច​អាប់‌សាឡុម​ជា​បង​សួរ​ថា៖ «តើ​បង​អាំណូន​បាន​រំលោភ​លើ​ប្អូន​ឬ? ចូរ​នៅ​ស្ងៀម​ទៅ ព្រោះ​គាត់​ជា​បង​ប្រុស​របស់​ឯង​ទេ​តើ កុំ​ឈឺ​ចិត្ត​នឹង​រឿង​នេះ​ខ្លាំង​ពេក»។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌នាង​តាម៉ារ​រស់​នៅ​ជា​ស្ត្រី​ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ដំណាក់​របស់​សម្ដេច​អាប់‌សាឡុម ជា​បង។

21. ពេល​ព្រះ‌បាទ​ដាវីឌ​ជ្រាប​រឿង​នេះ ទ្រង់​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង។

22. សម្ដេច​អាប់‌សាឡុម​មិន​និយាយ​រក​សម្ដេច​អាំណូន សូម្បី​មួយ​ម៉ាត់​សោះ​ឡើយ ព្រោះ​ទ្រង់​ស្អប់​សម្ដេច​អាំណូន ដែល​បាន​ចាប់​រំលោភ​ព្រះ‌នាង​តាម៉ារ​ជា​ប្អូន​ស្រី។

សម្ដេច​អាប់‌សាឡុម​ធ្វើ​គុត​សម្ដេច​អាំណូន

23. ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គង្វាល​របស់​សម្ដេច​អាប់‌សាឡុម កាត់​រោម​ចៀម​នៅ​បាល-‌ហាសោរ ជិត​ភូមិ​អេប្រាអ៊ីម។ សម្ដេច​អាប់‌សាឡុម​បាន​អញ្ជើញ​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​មក​ចូល​រួម​ដែរ។

24. សម្ដេច​អាប់‌សាឡុម​បាន​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថា៖ «បពិត្រ​បិតា ពួក​គង្វាល​របស់​ទូលបង្គំ​កំពុង​តែ​កាត់​រោម​ចៀម សូម​បិតា​មេត្តា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ​ជា​មួយ​ពួក​មន្ត្រី​របស់​បិតា​ផង»។

25. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទេ កូន​អើយ យើង​មិន​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ទេ ក្រែង​នាំ​ឲ្យ​កូន​ពិបាក»។ សម្ដេច​អាប់‌សាឡុម​បាន​ទទូច​អង្វរ​ព្រះ‌រាជា តែ​ស្ដេច​ប្រកែក​មិន​ព្រម​ទៅ​ទេ គឺ​ទ្រង់​គ្រាន់​តែ​ប្រទាន​ពរ​ឲ្យ​បុត្រ​ប៉ុណ្ណោះ។

26. សម្ដេច​អាប់‌សាឡុម​ទូល​ថា៖ «បើ​បិតា​មិន​យាង​ទៅ​ទេ សូម​អនុញ្ញាត​ឲ្យ​តែ​បង​អាំណូន​ទៅ​រួម​ជា​មួយ​ពួក​យើង​ក៏​បាន»។ ព្រះ‌រាជា​សួរ​ថា៖ «ហេតុ​អ្វី​ចាំ‌បាច់​ឲ្យ​អាំណូន​ទៅ​ជា​មួយ?»។

27. សម្ដេច​អាប់‌សាឡុម​ទទូច​អង្វរ​សា​ជា​ថ្មី ហើយ​ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ​សម្ដេច​អាំណូន និង​បុត្រ​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

28. សម្ដេច​អាប់​សាឡុម​បាន​បញ្ជា​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ឃ្លាំ​មើល​សម្ដេច​អាំណូន​ឲ្យ​ជាប់ ពេល​ណា​សម្ដេច​អាំណូន​សោយ​ស្រា​ស្រវឹង ហើយ​ពេល​ណា​យើង​បង្គាប់​ថា “ចូរ​ប្រហារ​អាំណូន!” នោះ​ចូរ​សម្លាប់​គេ​ចោល​ទៅ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចូរ​តាំង​ចិត្ត​អង់‌អាច​ក្លាហាន​ឡើង!»។

29. ពួក​អ្នក​បម្រើ​ធ្វើ​តាម​បញ្ជា​របស់​សម្ដេច​អាប់‌សាឡុម ហើយ​សម្លាប់​សម្ដេច​អាំណូន។ បុត្រ​ឯ​ទៀតៗ​របស់​ព្រះ‌បាទ​ដាវីឌ​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​ជិះ​លា​រៀងៗ​ខ្លួន​រត់​ចេញ​ទៅ។

30. បុត្រ​ទាំង​នោះ​កំពុង​តែ​យាង​មក​តាម​ផ្លូវ ព្រះ‌បាទ​ដាវីឌ​ទទួល​ដំណឹង​ថា សម្ដេច​អាប់‌សាឡុម​បាន​សម្លាប់​បុត្រា​ទាំង​អស់​របស់​ស្ដេច គ្មាន​សល់​មួយ​អង្គ​ណា​សោះ​ឡើយ។

31. ពេល​នោះ ព្រះ‌រាជា​ហែក​សម្លៀក‌បំពាក់ ហើយ​ផ្ទំ​ផ្ទាល់​នឹង​ដី។ មន្ត្រី​ទាំង​អស់​នាំ​គ្នា​ឈរ​ជុំ‌វិញ​ស្ដេច ទាំង​ហែក​សម្លៀក‌បំពាក់​ដែរ។

32. ប៉ុន្តែ លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​កុំ​នឹក​ស្មាន​ថា​គេ​ធ្វើ​គុត​បុត្រា​ទាំង​អស់​របស់​ព្រះ‌ករុណា​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត ដ្បិត​សម្ដេច​អាប់‌សាឡុម​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តាំង​ពី​ថ្ងៃ​ដែល​សម្ដេច​អាំណូន​បាន​រំលោភ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​ស្រី​ម៉្លេះ។

33. ហេតុ​នេះ សូម​ព្រះ‌ករុណា​កុំ​នឹក​ស្មាន​ថា បុត្រា​របស់​ព្រះ‌ករុណា​ត្រូវ​សុគត​អស់​នោះ​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត»។

34. សម្ដេច​អាប់‌សាឡុម​គេច​ខ្លួន​រត់​បាត់​ទៅ។ អ្នក​យាម​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចុះ​ពី​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។

35. លោក​យ៉ូណា‌ដាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា បុត្រា​ទាំង​អស់​របស់​ព្រះ‌ករុណា​យាង​មក​ដល់​ហើយ! ដូច​ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​មែន»។

36. លោក​យ៉ូណា‌ដាប់​ទូល​មិន​ទាន់​ផុត​ពី​មាត់​ផង បុត្រា​របស់​ស្ដេច​ក៏​យាង​មក​ដល់។ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហើយ​ស្ដេច និង​មន្ត្រី​ទាំង​អស់​យំ​សោក​យ៉ាង​ខ្លាំង​ដែរ។

37. សម្ដេច​អាប់‌សាឡុម​រត់​គេច​ខ្លួន​ទៅ​ជ្រក​នៅ​ជា​មួយ​ព្រះ‌បាទ​តាល‌ម៉ាយ ជា​បុត្រ​របស់​ព្រះ‌បាទ​អាំមី‌ហ៊ូដ និង​ជា​ស្ដេច​ស្រុក​កេស៊ួ‌រី។ ក្នុង​អំឡុង​ពេល​នោះ ព្រះ‌បាទ​ដាវីឌ​កាន់​ទុក្ខ​សម្ដេច​អាំណូន​ជា​បុត្រ។

38. សម្ដេច​អាប់‌សាឡុម​បាន​គេច​ខ្លួន​ទៅ​នៅ​ស្រុក​កេស៊ួ‌រី អស់​រយៈ​ពេល​បី​ឆ្នាំ។

39. ព្រះ‌បាទ​ដាវីឌ​ឈប់​ខ្ញាល់ នឹង​សម្ដេច​អាប់‌សាឡុម​ទៀត ព្រោះ​ស្ដេច​លែង​ព្រួយ​ចិត្ត​អំពី​សម្ដេច​អាំណូន​សោយ​ទិវង្គត។