គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 12:9-21 Khmer Standard Version (KHSV)

9. ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គាប់​ចិត្ត​យើង គឺ​អ្នក​បាន​ធ្វើ​ឃាត​អ៊ូរី ជា​ជន‌ជាតិ​ហេត ដោយ​ប្រគល់​ទៅ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​សម្លាប់ រួច​យក​ប្រពន្ធ​របស់​អ៊ូរី​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន​ឯង។

10. ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​តែងតែ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ​ជា‌និច្ច ព្រោះ​អ្នក​បាន​មើល‌ងាយ​យើង ដោយ​យក​ប្រពន្ធ​របស់​អ៊ូរី ជា​ជន‌ជាតិ​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន”។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​មាន​រឿង​អពមង្គល​កើត​ចេញ​ពី​ក្នុង​គ្រួសារ​របស់​អ្នក។ យើង​នឹង​យក​ស្ត្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​អ្នក ប្រគល់​ឲ្យ​មនុស្ស​ម្នាក់ ដែល​ជា​សាច់​ឈាម​របស់​អ្នក។ គេ​នឹង​រួម​ដំណេក​ជា​មួយ​ស្ត្រីៗ​នោះ នៅ​កណ្ដាល​វាល ចំពោះ​មុខ​អ្នក​ផង។

12. អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​ស្ងាត់​កំបាំង រីឯ​យើង យើង​នឹង​ប្រព្រឹត្ត​ការ​នេះ​ចំពោះ​អ្នក​វិញ​នៅ​កណ្ដាល​វាល ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ”»។

13. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ហើយ!»។

14. ព្យាការី​ណាថាន​ទូល​ថា៖ «ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ​ព្រះ‌ករុណា ព្រះ‌ករុណា​នឹង​មិន​សោយ​ទិវង្គត​ទេ។ ប៉ុន្តែ ដោយ​ព្រះ‌ករុណា​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​នេះ ជា​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​មើល‌ងាយ​ព្រះ‌អម្ចាស់ បុត្រ​របស់​ព្រះ‌ករុណា​ដែល​ទើប​ប្រសូត​មក​នោះ នឹង​ត្រូវ​សុគត​ជា​មិន​ខាន»។

15. បន្ទាប់​មក ព្យាការី​ណាថាន​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កូន​ដែល​នាង​បាត‌សេបា ជា​ភរិយា​របស់​សព​លោក​អ៊ូរី បាន​បង្កើត​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នោះ​មាន​ជំងឺ។

16. ព្រះ‌បាទ​ដាវីឌ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​កូន​នោះ ទាំង​តម​អាហារ។ កាល​ស្ដេច​យាង​ចូល​ក្រឡា‌បន្ទំ ស្ដេច​ផ្ទំ​ផ្ទាល់​នឹង​ដី។

17. ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្នុង​ដំណាក់​ទទូច​សូម​ឲ្យ​ស្ដេច​តើន​ឡើង ប៉ុន្តែ ទ្រង់​មិន​ព្រម​ទេ ហើយ​ក៏​មិន​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ពួក​គេ​ដែរ។

18. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ កូន​នោះ​ក៏​ស្លាប់។ រាជ​បម្រើ​មិន​ហ៊ាន​ទូល​ដំណឹង​នេះ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​ទេ ព្រោះ​ពួក​គេ​និយាយ​គ្នា​ថា៖ «កាល​កូន​មាន​ជីវិត​នៅ​ឡើយ យើង​បាន​និយាយ​ជា​មួយ​ព្រះ‌ករុណា តែ​ព្រះ‌ករុណា​ពុំ​ព្រម​ស្ដាប់​យើង​ទេ ចុះ​ឥឡូវ​នេះ កូន​ស្លាប់​ហើយ តើ​យើង​ត្រូវ​ទូល​យ៉ាង​ដូច​ម្ដេច ដើម្បី​កុំ​ឲ្យ​ស្ដេច​ធ្វើ​បាប​ខ្លួន​ឯង»។

19. កាល​ព្រះ‌បាទ​ដាវីឌ​ទត​ឃើញ​រាជ​បម្រើ​ខ្សឹប‌ខ្សៀវ​គ្នា ទ្រង់​ក៏​យល់​ថា កូន​នោះ​ស្លាប់​ហើយ។ ព្រះ‌រាជា​សួរ​ពួក​គេ​ថា៖ «កូន​របស់​យើង​ស្លាប់​ហើយ​ឬ?»។ ពួក​គេ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ព្រះ‌ឱរស​នោះ​សុគត​ហើយ»។

20. ព្រះ‌បាទ​ដាវីឌ​ក្រោក​ពី​ដី ស្រង់​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​ព្រះ‌ភូសា រួច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ ពេល​ត្រឡប់​មក​វិញ ស្ដេច​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ព្រះ‌ស្ងោយ ហើយ​ទ្រង់​ក៏​សោយ។

21. ពួក​រាជ​បម្រើ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌ករុណា ស្ដេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ? កាល​ព្រះ‌ឱរស​មាន​ជីវិត​នៅ​ឡើយ ព្រះ‌ករុណា​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ ព្រះ‌ឱរស​សុគត​ផុត​ហើយ ព្រះ‌ករុណា​បែរ​ជា​ក្រោក​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ​វិញ!»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 12