គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 12:15-27 Khmer Standard Version (KHSV)

15. បន្ទាប់​មក ព្យាការី​ណាថាន​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កូន​ដែល​នាង​បាត‌សេបា ជា​ភរិយា​របស់​សព​លោក​អ៊ូរី បាន​បង្កើត​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នោះ​មាន​ជំងឺ។

16. ព្រះ‌បាទ​ដាវីឌ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​កូន​នោះ ទាំង​តម​អាហារ។ កាល​ស្ដេច​យាង​ចូល​ក្រឡា‌បន្ទំ ស្ដេច​ផ្ទំ​ផ្ទាល់​នឹង​ដី។

17. ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្នុង​ដំណាក់​ទទូច​សូម​ឲ្យ​ស្ដេច​តើន​ឡើង ប៉ុន្តែ ទ្រង់​មិន​ព្រម​ទេ ហើយ​ក៏​មិន​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ពួក​គេ​ដែរ។

18. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ កូន​នោះ​ក៏​ស្លាប់។ រាជ​បម្រើ​មិន​ហ៊ាន​ទូល​ដំណឹង​នេះ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​ទេ ព្រោះ​ពួក​គេ​និយាយ​គ្នា​ថា៖ «កាល​កូន​មាន​ជីវិត​នៅ​ឡើយ យើង​បាន​និយាយ​ជា​មួយ​ព្រះ‌ករុណា តែ​ព្រះ‌ករុណា​ពុំ​ព្រម​ស្ដាប់​យើង​ទេ ចុះ​ឥឡូវ​នេះ កូន​ស្លាប់​ហើយ តើ​យើង​ត្រូវ​ទូល​យ៉ាង​ដូច​ម្ដេច ដើម្បី​កុំ​ឲ្យ​ស្ដេច​ធ្វើ​បាប​ខ្លួន​ឯង»។

19. កាល​ព្រះ‌បាទ​ដាវីឌ​ទត​ឃើញ​រាជ​បម្រើ​ខ្សឹប‌ខ្សៀវ​គ្នា ទ្រង់​ក៏​យល់​ថា កូន​នោះ​ស្លាប់​ហើយ។ ព្រះ‌រាជា​សួរ​ពួក​គេ​ថា៖ «កូន​របស់​យើង​ស្លាប់​ហើយ​ឬ?»។ ពួក​គេ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ព្រះ‌ឱរស​នោះ​សុគត​ហើយ»។

20. ព្រះ‌បាទ​ដាវីឌ​ក្រោក​ពី​ដី ស្រង់​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​ព្រះ‌ភូសា រួច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ ពេល​ត្រឡប់​មក​វិញ ស្ដេច​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ព្រះ‌ស្ងោយ ហើយ​ទ្រង់​ក៏​សោយ។

21. ពួក​រាជ​បម្រើ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌ករុណា ស្ដេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ? កាល​ព្រះ‌ឱរស​មាន​ជីវិត​នៅ​ឡើយ ព្រះ‌ករុណា​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ ព្រះ‌ឱរស​សុគត​ផុត​ហើយ ព្រះ‌ករុណា​បែរ​ជា​ក្រោក​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ​វិញ!»។

22. ព្រះ‌បាទ​ដាវីឌ​តប​វិញ​ថា៖ «កាល​កូន​របស់​យើង​រស់​នៅ​ឡើយ យើង​តម​អាហារ និង​សោក​សង្រេង ដោយ​នឹក​ថា ព្រះ‌អម្ចាស់​ប្រហែល​ជា​ប្រណី​សន្ដោស​ដល់​យើង ហើយ​ទុក​ឲ្យ​កូន​នោះ​មាន​ជីវិត​ត​ទៅ​ទៀត។

23. ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​ឲ្យ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ​ដែល​នឹង​មក​ជួប​យើង»។

24. ព្រះ‌បាទ​ដាវីឌ​សម្រាល​ទុក្ខ​នាង​បាត‌សេបា ជា​មហេសី ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​បុត្រ​មួយ​អង្គ រួច​ប្រទាន​នាម​ថា សាឡូម៉ូន។ ព្រះ‌អម្ចាស់​ស្រឡាញ់​បុត្រ​នោះ​ណាស់

25. ព្រះ‌អង្គ​ចាត់​ព្យាការី​ណាថាន​ឲ្យ​ទៅ​ប្រាប់​ព្រះ‌បាទ​ដាវីឌ​ជ្រាប ហើយ​ថ្វាយ​នាម​បុត្រ​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់»។

26. នៅ​គ្រា​នោះ លោក​យ៉ូអាប់​វាយ​យក​ទីក្រុង​រ៉ាបាត ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន ហើយ​ដណ្ដើម​យក​វាំង​របស់​ស្ដេច។

27. លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ទូលបង្គំ​វាយ​ទីក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 12