គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 11:8-23 Khmer Standard Version (KHSV)

8. បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ហើយ​ទៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្រួសារ​ចុះ»។ លោក​អ៊ូរី​ចាក​ចេញ​ពី​ដំណាក់ ហើយ​ស្ដេច​ក៏​ឲ្យ​គេ​យក​អំណោយ​ទៅ​ជូន​លោក​តាម​ក្រោយ។

9. ប៉ុន្តែ លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ គឺ​លោក​ទទួល​ទាន​ដំណេក​ជា​មួយ​ពួក​នាយ​ទាហាន នៅ​ខ្លោង​ទ្វារ​ដំណាក់​ស្ដេច។

10. មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ។ ពេល​នោះ ស្ដេច​សួរ​លោក​អ៊ូរី​ថា៖ «អ្នក​ទើប​នឹង​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​វិល​ទៅ​ផ្ទះ​របស់​អ្នក?»។

11. លោក​អ៊ូរី​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល និង​យូដា ស្នាក់​នៅ​ក្នុង​ជំរំ រីឯ​លោក​យ៉ូអាប់ ជា​ចៅហ្វាយ​របស់​ទូលបង្គំ និង​នាយ​ទាហាន ក៏​សម្រាក​នៅ​តាម​វាល​ដែរ។ តើ​ពេល​នេះ ឲ្យ​ទូលបង្គំ​ទៅ​ផ្ទះ ទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ដេក​ឱប​ប្រពន្ធ​ម្ដេច​កើត? ទូលបង្គំ​សូម​ស្បថ​ថា ដរាប​ណា​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​គង់​នៅ ទូលបង្គំ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ!»។

12. ស្ដេច​តប​វិញ​ថា៖ «ថ្ងៃ​នេះ ចូរ​អ្នក​នៅ​ទី​នេះ​សិន​ចុះ ចាំ​ស្អែក យើង​ឲ្យ​អ្នក​ត្រឡប់​ទៅ​វិញ»។ លោក​អ៊ូរី​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​ស្អែក។

13. ព្រះ‌បាទ​ដាវីឌ​អញ្ជើញ​លោក​មក​ជប់‌លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​លោក​ឲ្យ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ទទួល​ទាន​ដំណេក​ជា​មួយ​នាយ​ទាហាន​របស់​ស្ដេច​ដដែល គឺ​លោក​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​ទេ។

14. ព្រលឹម​ឡើង ព្រះ‌បាទ​ដាវីឌ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​លោក​យ៉ូអាប់ តាម​រយៈ​លោក​អ៊ូរី។

15. ក្នុង​សំបុត្រ​នោះ​ស្ដេច​សរសេរ​ថា៖ «ចូរ​ដាក់​អ៊ូរី​ឲ្យ​នៅ​សមរ‌ភូមិ​មុខ ត្រង់​ចំណុច​ដែល​ក្ដៅ​បំផុត រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង ដើម្បី​ឲ្យ​បច្ចា‌មិត្ត​ប្រហារ​ជីវិត​គាត់»។

16. លោក​យ៉ូអាប់​សង្កេត​មើល​ទីក្រុង​ដែល​លោក​ឡោម‌ព័ទ្ធ ហើយ​ដាក់​លោក​អ៊ូរី​នៅ​កន្លែង​ដែល​លោក​ដឹង​ថា មាន​សត្រូវ​ខ្លាំង​ពូកែ។

17. កង‌ទ័ព​សត្រូវ​ចេញ​មក​ច្បាំង​តទល់​នឹង​កង‌ទ័ព​របស់​លោក​យ៉ូអាប់។ ពួក​គេ​សម្លាប់​ពល​ទាហាន​ខ្លះ ក្នុង​ជួរ​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ រីឯ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត ក៏​ស្លាប់​ដែរ។

18. លោក​យ៉ូអាប់​បាន​ចាត់​គេ​ឲ្យ​ទៅ​រាយ‌ការណ៍​ថ្វាយ​ព្រះ‌បាទ​ដាវីឌ យ៉ាង​សព្វ​គ្រប់​អំពី​សភាព​ការណ៍​ចំបាំង

19. គឺ​លោក​បញ្ជា​អ្នក​នាំ​សារ​ថា៖ «ពេល​អ្នក​រាយ‌ការណ៍​អំពី​សភាព​ការណ៍​ចំបាំង​ចប់​សព្វ​គ្រប់​ហើយ

20. ប្រសិន​បើ​ស្ដេច​ខ្ញាល់ ហើយ​មាន​រាជ‌ឱង្ការ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​កំពែង​ក្រុង ក្នុង​ពេល​ប្រយុទ្ធ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ខ្មាំង​បាញ់​ព្រួញ​ពី​លើ​កំពែង​ក្រុង​មក​ទេ​ឬ?

21. តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា លោក​អប៊ី‌មាឡេក ជា​កូន​របស់​លោក​យេរូ‌បាល ត្រូវ​ស្លាប់​នៅ​ថេ‌បេស ព្រោះ​តែ​ស្ត្រី​ម្នាក់​ទម្លាក់​ថ្ម​ត្បាល់​ពី​លើ​កំពែង​មក​ចំ​លោក។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ជិត​កំពែង​ក្រុង​យ៉ាង​នេះ?” នោះ​ត្រូវ​ទូល​ស្ដេច​ថា លោក​អ៊ូរី ជន‌ជាតិ​ហេត ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ក៏​ស្លាប់​ដែរ»។

22. អ្នក​នាំ​សារ​ចេញ​ទៅ រាយ‌ការណ៍​ថ្វាយ​ព្រះ‌បាទ​ដាវីឌ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​យ៉ូអាប់​បាន​បង្គាប់។

23. អ្នក​នាំ​សារ​នោះ​បាន​រៀប​រាប់​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ពួក​ខ្មាំង​មាន​ប្រៀប​ជាង​យើង​ខ្ញុំ គេ​ចេញ​មក​វាយ​យើង​ខ្ញុំ​នៅ​តាម​វាល។ យើង​ខ្ញុំ​បាន​វាយ​បក​ទៅ​វិញ និង​រុញ​ពួក​គេ​រហូត​ដល់​ខ្លោង​ទ្វារ​ក្រុង។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 11