គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 11:14-27 Khmer Standard Version (KHSV)

14. ព្រលឹម​ឡើង ព្រះ‌បាទ​ដាវីឌ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​លោក​យ៉ូអាប់ តាម​រយៈ​លោក​អ៊ូរី។

15. ក្នុង​សំបុត្រ​នោះ​ស្ដេច​សរសេរ​ថា៖ «ចូរ​ដាក់​អ៊ូរី​ឲ្យ​នៅ​សមរ‌ភូមិ​មុខ ត្រង់​ចំណុច​ដែល​ក្ដៅ​បំផុត រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង ដើម្បី​ឲ្យ​បច្ចា‌មិត្ត​ប្រហារ​ជីវិត​គាត់»។

16. លោក​យ៉ូអាប់​សង្កេត​មើល​ទីក្រុង​ដែល​លោក​ឡោម‌ព័ទ្ធ ហើយ​ដាក់​លោក​អ៊ូរី​នៅ​កន្លែង​ដែល​លោក​ដឹង​ថា មាន​សត្រូវ​ខ្លាំង​ពូកែ។

17. កង‌ទ័ព​សត្រូវ​ចេញ​មក​ច្បាំង​តទល់​នឹង​កង‌ទ័ព​របស់​លោក​យ៉ូអាប់។ ពួក​គេ​សម្លាប់​ពល​ទាហាន​ខ្លះ ក្នុង​ជួរ​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ រីឯ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត ក៏​ស្លាប់​ដែរ។

18. លោក​យ៉ូអាប់​បាន​ចាត់​គេ​ឲ្យ​ទៅ​រាយ‌ការណ៍​ថ្វាយ​ព្រះ‌បាទ​ដាវីឌ យ៉ាង​សព្វ​គ្រប់​អំពី​សភាព​ការណ៍​ចំបាំង

19. គឺ​លោក​បញ្ជា​អ្នក​នាំ​សារ​ថា៖ «ពេល​អ្នក​រាយ‌ការណ៍​អំពី​សភាព​ការណ៍​ចំបាំង​ចប់​សព្វ​គ្រប់​ហើយ

20. ប្រសិន​បើ​ស្ដេច​ខ្ញាល់ ហើយ​មាន​រាជ‌ឱង្ការ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​កំពែង​ក្រុង ក្នុង​ពេល​ប្រយុទ្ធ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ខ្មាំង​បាញ់​ព្រួញ​ពី​លើ​កំពែង​ក្រុង​មក​ទេ​ឬ?

21. តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា លោក​អប៊ី‌មាឡេក ជា​កូន​របស់​លោក​យេរូ‌បាល ត្រូវ​ស្លាប់​នៅ​ថេ‌បេស ព្រោះ​តែ​ស្ត្រី​ម្នាក់​ទម្លាក់​ថ្ម​ត្បាល់​ពី​លើ​កំពែង​មក​ចំ​លោក។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ជិត​កំពែង​ក្រុង​យ៉ាង​នេះ?” នោះ​ត្រូវ​ទូល​ស្ដេច​ថា លោក​អ៊ូរី ជន‌ជាតិ​ហេត ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ក៏​ស្លាប់​ដែរ»។

22. អ្នក​នាំ​សារ​ចេញ​ទៅ រាយ‌ការណ៍​ថ្វាយ​ព្រះ‌បាទ​ដាវីឌ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​យ៉ូអាប់​បាន​បង្គាប់។

23. អ្នក​នាំ​សារ​នោះ​បាន​រៀប​រាប់​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ពួក​ខ្មាំង​មាន​ប្រៀប​ជាង​យើង​ខ្ញុំ គេ​ចេញ​មក​វាយ​យើង​ខ្ញុំ​នៅ​តាម​វាល។ យើង​ខ្ញុំ​បាន​វាយ​បក​ទៅ​វិញ និង​រុញ​ពួក​គេ​រហូត​ដល់​ខ្លោង​ទ្វារ​ក្រុង។

24. ប៉ុន្តែ ពេល​នោះ ពួក​ខ្មាំង​បាន​បាញ់​ព្រួញ​ពី​លើ​កំពែង​តម្រង់​មក​រក​យើង​ខ្ញុំ ធ្វើ​ឲ្យ​ពល​ទាហាន​ខ្លះ​ស្លាប់ រីឯ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត និង​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ក៏​ស្លាប់​ដែរ»។

25. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​នាំ​សារ​នោះ​ថា៖ «ចូរ​លើក​ទឹក​ចិត្ត​លោក​យ៉ូអាប់​ថា កុំ​ឲ្យ​ពិបាក​ចិត្ត ព្រោះ​តែ​រឿង​នេះ​ឡើយ ដ្បិត​ក្នុង​សង្គ្រាម​តែងតែ​មាន​ការ​ស្លាប់​ទាំង​សង​ខាង​ដូច្នេះ។ ចូរ​ខំ​ប្រឹង​ច្បាំង​ឲ្យ​កាន់​តែ​ខ្លាំង‌ក្លា​ឡើង ហើយ​បំផ្លាញ​ក្រុង​នោះ​ឲ្យ​បាន»។

26. ពេល​នាង​បាត‌សេបា​ដឹង​ថា​ប្ដី​ស្លាប់ នាង​ក៏​កាន់​ទុក្ខ។

27. លុះ​ចប់​ពេល​កាន់​ទុក្ខ​ហើយ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​នាង​ចូល​មក​ក្នុង​ដំណាក់ នាង​ធ្វើ​ជា​មហេសី​របស់​ស្ដេច ហើយ​សម្រាល​បាន​បុត្រ​មួយ​ថ្វាយ​ស្ដេច។ អំពើ​ដែល​ព្រះ‌បាទ​ដាវីឌ​ប្រព្រឹត្ត​នេះ​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ឡើយ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 11