គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 11:1-8 Khmer Standard Version (KHSV)

1. មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​រដូវ​ដែល​ស្ដេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក ព្រះ‌បាទ​ដាវីឌ​ចាត់​លោក​យ៉ូអាប់ ព្រម​ទាំង​នាយ​ទាហាន និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​បាន​កម្ទេច​ស្រុក​នោះ ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។

2. មាន​ថ្ងៃ​មួយ នៅ​ពេល​រសៀល ព្រះ‌បាទ​ដាវីឌ​តើន​ពី​ផ្ទំ ហើយ​ស្ដេច​យាង​កំសាន្ត​តាម​ថែវ ដែល​នៅ​ជាន់​ខាង​លើ​ព្រះ‌ដំណាក់។ ស្ដេច​ទត​ឃើញ​ស្ត្រី​ម្នាក់​កំពុង​មុជ​ទឹក ស្ត្រី​នោះ​មាន​រូប​ឆោម​ល្អ​ណាស់។

3. ស្ដេច​ក៏​ស៊ើប‌សួរ​ពី​ស្ត្រី​នោះ គេ​ទូល​ថា «នាង​ឈ្មោះ​បាត‌សេបា ជា​កូន​របស់​លោក​អេលាម និង​ជា​ប្រពន្ធ​របស់​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត»។

4. ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក នាង​មក​ឯ​ដំណាក់​ស្ដេច ហើយ​ស្ដេច​ក៏​រួម​ដំណេក​ជា​មួយ​នាង រួច​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ នាង​ទើប​នឹង​មាន​រដូវ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

5. នាង​បាត‌សេបា​ក៏​មាន​ផ្ទៃ​ពោះ នាង​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ»។

6. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​យ៉ូអាប់​ថា៖ «ចូរ​បញ្ជូន​អ៊ូរី ជា​ជន‌ជាតិ​ហេត មក​ជួប​យើង»។ លោក​យ៉ូអាប់​ក៏​បញ្ជូន​លោក​អ៊ូរី​មក។

7. លុះ​លោក​អ៊ូរី​មក​ដល់ ព្រះ‌បាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​លោក​យ៉ូអាប់ និង​កង‌ទ័ព ព្រម​ទាំង​សភាព​ការណ៍​សឹក។

8. បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ហើយ​ទៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្រួសារ​ចុះ»។ លោក​អ៊ូរី​ចាក​ចេញ​ពី​ដំណាក់ ហើយ​ស្ដេច​ក៏​ឲ្យ​គេ​យក​អំណោយ​ទៅ​ជូន​លោក​តាម​ក្រោយ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 11