គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 10:1-8 Khmer Standard Version (KHSV)

1. ក្រោយ​មក ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន​សោយ​ទិវង្គត ហើយ​បុត្រា​ព្រះ‌នាម​ហា‌នូន ឡើង​សោយ​រាជ្យ​ជំនួស។

2. ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហា‌នូន ជា​បុត្រ​របស់​ព្រះ‌បាទ​ណា‌ហាស ដូច​បិតា​របស់​ស្ដេច​បាន​សម្តែង​ចំពោះ​យើង​ដែរ»។ ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហា‌នូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន

3. មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អាំម៉ូន ទូល​ព្រះ‌បាទ​ហា‌នូន ជា​ម្ចាស់​របស់​ខ្លួន​ថា៖ «តើ​ព្រះ‌ករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះ‌ករុណា​មែន​ឬ? តាម​ពិត ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍​ទីក្រុង ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក»។

4. ពេល​នោះ ព្រះ‌បាទ​ហា‌នូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ឲ្យ​គេ​កោរ​ពុក​ចង្កា​មួយ​ចំហៀង ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ។

5. មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ទ្រង់​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​មន្ត្រី ដែល​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​នោះ។ ស្ដេច​ត្រាស់​បង្គាប់​ដល់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។

6. កាល​ជន‌ជាតិ​អាំ‌ម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់​ពី​ក្រុង​បេត‌រេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កង‌ទ័ព​របស់​ស្ដេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។

7. ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​ចាត់​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ ឲ្យ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។

8. ទ័ព​អាំម៉ូន​បាន​ចេញ​មក​ត្រៀម​នៅ​មាត់​ទ្វារ​ក្រុង រីឯ​ទ័ព​ស៊ីរី​មក​ពី​ស្រុក​សូបា និង​ក្រុង​បេត‌រេហូប ព្រម​ទាំង​ទ័ព​ស្រុក​ថូប និង​ស្រុក​ម៉ាកា ចេញ​មក​ត្រៀម​នៅ​តាម​ទី​វាល។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 10