គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 1:2-12 Khmer Standard Version (KHSV)

2. នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ព្រះ‌បាទ​សូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល។ កាល​បាន​ជួប​លោក​ដាវីឌ​ហើយ គាត់​ក្រាប​ថ្វាយ‌បង្គំ។

3. លោក​ដាវីឌ​សួរ​ថា៖ «អ្នក​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​រត់​ចេញ​ពី​ជំរំ​អ៊ីស្រា‌អែល»។

4. លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​ខ្ចាត់‌ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ក៏​សោយ​ទិវង្គត​ដែរ»។

5. លោក​ដាវីឌ​សួរ​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ម្ដេច​ក៏​អ្នក​ដឹង​ថា​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​សុគត?»។

6. យុវ‌បុរស​រៀប​រាប់​ថា៖ «ពេល​កើត​ហេតុ‌ការណ៍​នោះ ខ្ញុំ​បាទ​ក៏​ស្ថិត​នៅ​លើ​ភ្នំ​គីល‌បោ​ដែរ។ ខ្ញុំ​បាទ​បាន​ឃើញ​ព្រះ‌បាទ​សូល​ច្រត់​នៅ​លើ​លំពែង​របស់​ស្ដេច ហើយ​មាន​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​សត្រូវ​ដេញ​តាម​យ៉ាង​ប្រកិត។

7. ព្រះ‌រាជា​ងាក​មក​ទត​ឃើញ​ខ្ញុំ​បាទ ហើយ​ត្រាស់​ហៅ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ឆ្លើយ​ថា “ព្រះ‌ករុណា​ថ្លៃ​វិសេស!”។

8. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ខ្ញុំ​ថា “អ្នក​ជា​នរណា?” ខ្ញុំ​បាទ​ទូល​ថា “ទូលបង្គំ​ជា​ជន‌ជាតិ​អាម៉ា‌ឡេក”។

9. ពេល​នោះ ព្រះ‌រាជា​បង្គាប់​មក​ខ្ញុំ​បាទ​ថា “ចូរ​មក​ជិត​យើង សម្លាប់​យើង​ទៅ! ទោះ​បី​យើង​នៅ​ដឹង​ខ្លួន​ក្ដី ក៏​យើង​កាន់​តែ​ល្វើយ​ទៅៗ”។

10. ខ្ញុំ​បាទ​ចូល​ទៅ​ជិត ហើយ​ធ្វើ​គុត​ព្រះ‌រាជា​ទៅ ដ្បិត​ខ្ញុំ​បាទ​ដឹង​ច្បាស់​ថា ដោយ​ស្ដេច​បរា‌ជ័យ​ដូច្នេះ ទ្រង់​មិន​អាច​រស់​ត​ទៅ​ទៀត​បាន​ឡើយ។ ខ្ញុំ​បាទ​ដោះ​យក​មកុដ និង​ខ្សែ​ដៃ​របស់​ស្ដេច ដែល​ខ្ញុំ​បាទ​សូម​យក​មក​ជូន​លោក​ម្ចាស់​នៅ​ទី​នេះ»។

11. លោក​ដាវីឌ​ទាញ​សម្លៀក‌បំពាក់​របស់​លោក​មក​ហែក ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ក៏​ធ្វើ​ដូច​លោក​ដែរ។

12. ពួក​គេ​កាន់​ទុក្ខ យំ​សោក និង​តម​អាហារ​រហូត​ដល់​ល្ងាច ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សូល សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ព្រម​ទាំង​កង‌ទ័ព​របស់​ព្រះ‌អម្ចាស់ និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 1