គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 9:10-18 Khmer Standard Version (KHSV)

10. ពួក​រាជ​បម្រើ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម និង​ពួក​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ ក៏​បាន​ដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

11. ព្រះ‌បាទ​សាឡូម៉ូន​យក​ឈើ​ខ្លឹមចន្ទន៍​នេះ មក​ធ្វើ​ក្ដារ​ក្រាល​ច្រក​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​ស្ដេច ព្រម​ទាំង​ពិណ និង​ឃឹម សម្រាប់​ក្រុម​ចម្រៀង។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឃើញ​មាន​ឈើ​ខ្លឹមចន្ទន៍​បែប​នេះ នៅ​ស្រុក​យូដា​ឡើយ។

12. រីឯ​ព្រះ‌បាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម ស្ដេច​ប្រគល់​ឲ្យ​ទាំង​អស់។ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​របស់​ទៅ​ព្រះ‌នាង លើស​ពី​អ្វីៗ​ដែល​ព្រះ‌នាង​បាន​យក​មក​ថ្វាយ​ស្ដេច​ទៅ​ទៀត។ បន្ទាប់​មក ព្រះ‌មហា‌ក្សត្រិ‌យានី និង​រាជ​បម្រើ​វិល​ត្រឡប់​ទៅ​ស្រុក​សេបា​វិញ។

13. ក្នុង​មួយ​ឆ្នាំៗ ព្រះ‌បាទ​សាឡូម៉ូន​ទទួល​មាស​ទម្ងន់​ម្ភៃ​បី​តោន។

14. លើស​ពី​នោះ មាន​មាស​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល មាស​ដែល​បាន​មក​ពី​អ្នក​ជំនួញ ព្រម​ទាំង​មាស​ប្រាក់​ដែល​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ាប់ និង​ពួក​ទេសា‌ភិបាល នាំ​យក​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

15. ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ​រយ ខែល​នីមួយៗ​មាន​ទម្ងន់​ប្រាំ​មួយ​គីឡូ​ក្រាម

16. ខែល​តូចៗ​ពី​មាស​ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ​ក្រាម​កន្លះ ហើយ​ព្រះ‌រាជា​យក​ខែល​ទាំង​នោះ ទៅ​ទុក​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់”។

17. ព្រះ‌បាទ​សាឡូម៉ូន​ធ្វើ​បល្ល័ង្ក​មួយ​យ៉ាង​ធំ​ពី​ភ្លុក ស្រោប​មាស​សុទ្ធ។

18. បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ ដែល​មាន​ជណ្ដើរ​ប្រាំ​មួយ​ថ្នាក់ និង​កំណល់​ជើង​មួយ​ធ្វើ​ពី​មាស ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សិង្ហ​ពីរ ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 9