គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 9:1-8 Khmer Standard Version (KHSV)

1. ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិនាម​ដ៏​ល្បី‌ល្បាញ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ដូច្នេះ ព្រះ‌នាង​ក៏​យាង​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ល្បង​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ដោយ​ចោទ​សួរ​ជា​ប្រស្នា​ផ្សេងៗ។ ព្រះ‌នាង​យាង​មក​ដល់ ដោយ​មាន​រាជ​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ឋ​ជា​ច្រើន​ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​ពេជ្រ យ៉ាង​សន្ធឹក​សន្ធាប់​ផង។ ព្រះ‌នាង​ចូល​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌នាង​បាន​រិះគិត​ទុក​ជា​មុន។

2. ព្រះ‌បាទ​សាឡូម៉ូន​ឆ្លើយ​នឹង​សំណួរ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌នាង គ្មាន​សំណួរ​ណា​មួយ​ដែល​ស្ដេច​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។

3. ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ឃើញ​វាំង​ដែល​ស្ដេច​បាន​សង់

4. ឃើញ​ព្រះ‌ស្ងោយ​របស់​ស្ដេច លំ‌នៅ‌ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក​សណ្ឋាន​របស់​ពួក​រាជ​បម្រើ ពួក​មហា‌តលិក និង​ឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្ដេច​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​មាន​រាជ​សវនីយ៍​ទៅ​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖

5. «ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា ពិត​ជា​ត្រឹម​ត្រូវ​មែន!

6. មុន​ពេល​ខ្ញុំ​ម្ចាស់​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ម្ចាស់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ពាក្យ​ដែល​គេ​ថ្លែង​ទេ ឥឡូវ​នេះ ខ្ញុំ​ម្ចាស់​យល់​ឃើញ​ថា​អ្វីៗ​ដែល​គេ​រៀប​រាប់​ប្រាប់​ខ្ញុំ​ម្ចាស់ អំពី​ប្រាជ្ញា​ដ៏​ឧត្ដុង្គ‌ឧត្ដម​របស់​ព្រះ‌ករុណា ត្រឹម​ត្រូវ​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ព្រះ‌ករុណា​មាន​ប្រាជ្ញា​ឈ្លាស​វៃ លើស​ពី​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត។

7. ពួក​រាជ​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ព្រះ‌ករុណា ពិត​ជា​មាន​សុភមង្គល​ហើយ ព្រោះ​ពួក​គេ​នៅ​ជា​មួយ​ព្រះ‌ករុណា ហើយ​ឮ​រាជ‌ឱង្ការ​ពោរ‌ពេញ​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា។

8. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដែល​បាន​ប្រោស‌ប្រណី​ព្រះ‌ករុណា ហើយ​ជ្រើស​រើស​ព្រះ‌ករុណា​ឲ្យ​ឡើង​គ្រង​រាជ្យ​ក្នុង​នាម​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ពួក​គេ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ជ្រើស​រើស​ព្រះ‌ករុណា​ឲ្យ​ធ្វើ​ជា​ស្ដេច គ្រប់‌គ្រង​លើ​ពួក​គេ​ដោយ​សុចរិត និង​យុត្តិធម៌»។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 9