8. កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញពួកគេឲ្យផុតពូជឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះឲ្យធ្វើជាកំណែន រហូតដល់សព្វថ្ងៃ។
9. ព្រះបាទសាឡូម៉ូនពុំបានបង្ខំឲ្យនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រាអែល ធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកងពលរទេះចំបាំង និងកងពលសេះ។
10. ព្រះបាទសាឡូម៉ូនបានតែងតាំងមេដឹកនាំចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។
11. ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោន ចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្ដេចបានសង់ថ្វាយព្រះនាង ដ្បិតស្ដេចមានព្រះតម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្ដេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ជាកន្លែងដ៏វិសុទ្ធ»។
12. គ្រានោះ ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះអម្ចាស់ នៅលើអាសនៈដែលស្ដេចសង់នៅមុខទីសក្ការៈ
13. គឺតង្វាយប្រចាំថ្ងៃ តង្វាយសម្រាប់ថ្ងៃសប្ប័ទ តង្វាយសម្រាប់ថ្ងៃចូលខែថ្មី ព្រមទាំងតង្វាយសម្រាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ស្របតាមបទបញ្ជាដែលលោកម៉ូសេបានចែងទុក។