គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 8:14-18 Khmer Standard Version (KHSV)

14. ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ចាត់​ចែង​ទុក​មក។ ស្ដេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ និង​ជួយ​ក្រុម​បូជា‌ចារ្យ​ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្ដេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ព្រះ‌បាទ​ដាវីឌ ជា​ជំនិត​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។

15. គេ​ពុំ​បាន​ប្រព្រឹត្ត​ខុស​នឹង​បញ្ជា​ដែល​ស្ដេច​បាន​ចែង​ទុក ស្ដី​ពី​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឬ​បញ្ជា​ផ្សេង​ទៀត ស្ដី​អំពី​ទ្រព្យ​សម្បត្តិ​របស់​ព្រះ‌ដំណាក់​ឡើយ។

16. ព្រះ‌បាទ​សាឡូម៉ូន​បាន​សម្រេច​គម្រោង‌ការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ចប់​សព្វ​គ្រប់។

17. គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-‌គេប៊ើរ និង​ក្រុង​អេឡុត ដែល​នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។

18. ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​សំពៅ ដឹក​នាំ​ដោយ​ទាហាន​ជើង​ទឹក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ពួក​គេ​ធ្វើ​ដំណើរ​ជា​មួយ​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់​ប្រាំ​មួយ​តោន មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 8