គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 8:11-17 Khmer Standard Version (KHSV)

11. ព្រះ‌បាទ​សាឡូម៉ូន​បាន​នាំ​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ចាក​ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ស្ដេច​បាន​សង់​ថ្វាយ​ព្រះ‌នាង ដ្បិត​ស្ដេច​មាន​ព្រះ‌តម្រិះ​ថា៖ «មហេសី​របស់​យើង​ពុំ​អាច​គង់​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ទេ ព្រោះ​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ព្រះ‌អម្ចាស់​ជា​កន្លែង​ដ៏‌វិសុទ្ធ»។

12. គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​ដែល​ស្ដេច​សង់​នៅ​មុខ​ទី‌សក្ការៈ

13. គឺ​តង្វាយ​ប្រចាំ​ថ្ងៃ តង្វាយ​សម្រាប់​ថ្ងៃ​សប្ប័ទ តង្វាយ​សម្រាប់​ថ្ងៃ​ចូល​ខែ​ថ្មី ព្រម​ទាំង​តង្វាយ​សម្រាប់​បុណ្យ​សំខាន់ៗ​បី​ដង ក្នុង​មួយ​ឆ្នាំ គឺ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ស្រប​តាម​បទ‌បញ្ជា​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក។

14. ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ចាត់​ចែង​ទុក​មក។ ស្ដេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ និង​ជួយ​ក្រុម​បូជា‌ចារ្យ​ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្ដេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ព្រះ‌បាទ​ដាវីឌ ជា​ជំនិត​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។

15. គេ​ពុំ​បាន​ប្រព្រឹត្ត​ខុស​នឹង​បញ្ជា​ដែល​ស្ដេច​បាន​ចែង​ទុក ស្ដី​ពី​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឬ​បញ្ជា​ផ្សេង​ទៀត ស្ដី​អំពី​ទ្រព្យ​សម្បត្តិ​របស់​ព្រះ‌ដំណាក់​ឡើយ។

16. ព្រះ‌បាទ​សាឡូម៉ូន​បាន​សម្រេច​គម្រោង‌ការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ចប់​សព្វ​គ្រប់។

17. គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-‌គេប៊ើរ និង​ក្រុង​អេឡុត ដែល​នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 8