គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 8:1-11 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​របស់​ស្ដេច។

2. ព្រះ‌រាជា​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ថ្វាយ​នោះ​ឡើង​វិញ រួច​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទៅ​រស់​នៅ។

3. ព្រះ‌បាទ​សាឡូម៉ូន​លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​ហា‌ម៉ាត់ នៅ​ស្រុក​សូបា ហើយ​កាន់​កាប់​ក្រុង​នោះ។

4. ស្ដេច​ក៏​បាន​សង់​ក្រុង​ថាត់‌ម៉ោរ នៅ​តំបន់​វាល​រហោ‌ស្ថាន ព្រម​ទាំង​ក្រុង​នានា ធ្វើ​ជា​ឃ្លាំង​ដាក់​ស្បៀង នៅ​តំបន់​ហា‌ម៉ាត់។

5. ស្ដេច​បាន​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​លើ និង​បេត‌ហូរ៉ូន​ខាង​ក្រោម ជា​ក្រុង​ដែល​មាន​បន្ទាយ និង​កំពែង​ព័ទ្ធ​ជុំ‌វិញ ហើយ​មាន​ទ្វារ និង​រនុក​ផង។

6. ស្ដេច​ក៏​បាន​សង់​ក្រុង​បាឡាត និង​ក្រុង​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ទុក​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ដាក់​ស្បៀង ឃ្លាំង​សម្រាប់​ដាក់​រទេះ​ចំបាំង និង​សម្រាប់​ពល​សេះ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់ ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​គ្រប់‌គ្រង។

7. ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​សេស‌សល់​ពី​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ។

8. កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បំផ្លាញ​ពួក​គេ​ឲ្យ​ផុត​ពូជ​ឡើយ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ​ឲ្យ​ធ្វើ​ជា​កំណែន រហូត​ដល់​សព្វ​ថ្ងៃ។

9. ព្រះ‌បាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចំបាំង និង​កង‌ពល​សេះ។

10. ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​មេ​ដឹក​នាំ​ចំនួន ២៥០​នាក់ ឲ្យ​ត្រួត‌ត្រា​លើ​ពួក​កំណែន។

11. ព្រះ‌បាទ​សាឡូម៉ូន​បាន​នាំ​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ចាក​ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ស្ដេច​បាន​សង់​ថ្វាយ​ព្រះ‌នាង ដ្បិត​ស្ដេច​មាន​ព្រះ‌តម្រិះ​ថា៖ «មហេសី​របស់​យើង​ពុំ​អាច​គង់​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ទេ ព្រោះ​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ព្រះ‌អម្ចាស់​ជា​កន្លែង​ដ៏‌វិសុទ្ធ»។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 8