គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 7:15-22 Khmer Standard Version (KHSV)

15. ពី​ពេល​នេះ​ទៅ យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ។

16. យើង​ជ្រើស​រើស និង​ញែក​ដំណាក់​នេះ​ទុក​សម្រាប់​នាម​យើង រហូត​ត​ទៅ។ យើង​នឹង​ថែ‌រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​កន្លែង​នេះ​ជា‌និច្ច។

17. រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​តាម​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់ ហើយ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង

18. យើង​នឹង​ធ្វើ​ឲ្យ​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្ថិត‌ស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក តែង​តែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជា‌និច្ច”។

19. ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​ដែល​យើង​ប្រគល់​ឲ្យ​ទេ ឬ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ

20. យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹក​ដី​របស់​យើង គឺ​ទឹក​ដី​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​នឹង​បោះ​បង់​ចោល​ដំណាក់ ដែល​យើង​ញែក​ទុក​សម្រាប់​នាម​យើង​នេះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង​ដែរ។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ និង​ចំអក​ឲ្យ។

21. មនុស្ស‌ម្នា​ដែល​ធ្លាប់​តែ​ឃើញ​ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពេល​ពួក​គេ​ដើរ​កាត់​តាម​នោះ ពួក​គេ​នឹង​ស្រឡាំង‌កាំង ពោល​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។

22. គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា: “មក​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ គឺ​ព្រះ​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា​ដូច្នេះ”»។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 7