គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 7:12-20 Khmer Standard Version (KHSV)

12. ព្រះ‌អម្ចាស់​យាង​មក​ជួប​ស្ដេច នៅ​ពេល​យប់ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន​របស់​អ្នក​ហើយ យើង​ក៏​បាន​ជ្រើស​រើស​កន្លែង​នេះ ទុក​ជា​ដំណាក់​សម្រាប់​ធ្វើ​យញ្ញ‌បូជា។

13. កាល​ណា​យើង​ធ្វើ​ឲ្យ​មេឃ​រាំង គ្មាន​ភ្លៀង កាល​ណា​យើង​បញ្ជា​ឲ្យ​កណ្ដូប​មក​ស៊ី​បំផ្លាញ​ស្រុក ឬ​ចាត់​ជំងឺ​រាត​ត្បាត​មក​ប្រហារ​ប្រជា‌រាស្ត្រ​របស់​យើង

14. ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ប្រជា‌រាស្ត្រ​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​ផ្ទាល់ នាំ​គ្នា​បន្ទាប​ខ្លួន អធិស្ឋាន* និង​ស្វែង​រក​យើង ហើយ​ប្រសិន​បើ​គេ​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន យើង​នឹង​ស្ដាប់​គេ​ពី​ស្ថាន​បរម‌សុខ* យើង​នឹង​លើក‌លែង​ទោស​គេ​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ប្រោស​ស្រុក​គេ​ឲ្យ​បាន​ជា​ផង។

15. ពី​ពេល​នេះ​ទៅ យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ។

16. យើង​ជ្រើស​រើស និង​ញែក​ដំណាក់​នេះ​ទុក​សម្រាប់​នាម​យើង រហូត​ត​ទៅ។ យើង​នឹង​ថែ‌រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​កន្លែង​នេះ​ជា‌និច្ច។

17. រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​តាម​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់ ហើយ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង

18. យើង​នឹង​ធ្វើ​ឲ្យ​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្ថិត‌ស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក តែង​តែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជា‌និច្ច”។

19. ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​ដែល​យើង​ប្រគល់​ឲ្យ​ទេ ឬ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ

20. យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹក​ដី​របស់​យើង គឺ​ទឹក​ដី​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​នឹង​បោះ​បង់​ចោល​ដំណាក់ ដែល​យើង​ញែក​ទុក​សម្រាប់​នាម​យើង​នេះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង​ដែរ។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ និង​ចំអក​ឲ្យ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 7