គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 7:1-10 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​សាឡូម៉ូន​អធិស្ឋាន*​ចប់ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ឆេះ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់។

2. ពួក​បូជា‌ចារ្យ*​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​បាន​ទេ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

3. ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​លើ​ព្រះ‌ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី​នៅ​លើ​កំរាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​សរសើរ​តម្កើង​ព្រះ‌អង្គ​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។

4. ព្រះ‌រាជា និង​ប្រជា‌ជន​ទាំង​មូល​បាន​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

5. ព្រះ‌បាទ​សាឡូម៉ូន និង​ប្រជា‌ជន​ទាំង​មូល ធ្វើ​ពិធី​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក្នុង​ឱកាស​នោះ ព្រះ‌រាជា​បាន​ថ្វាយ​យញ្ញ‌បូជា គឺ​មាន​គោ ២២ ០០០ ក្បាល និង​ចៀម ១២០ ០០០ ក្បាល។

6. បូជា‌ចារ្យ*​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន រីឯ​ក្រុម​លេវី​កាន់​ឧបករណ៍​ភ្លេង​ផ្សេងៗ គឺ​ឧបករណ៍​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ពេល​ស្ដេច​ចាត់​ក្រុម​លេវី ឲ្យ​ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា «ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ»។ ក្រុម​បូជា‌ចារ្យ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ក្រុម​លេវី នាំ​គ្នា​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង​ដែរ។

7. ព្រះ‌បាទ​សាឡូម៉ូន​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​ដែល​ស្ដេច​បាន​ធ្វើ​នោះ ពុំ​អាច​ដាក់​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​បាន​ទេ។

8. ក្នុង​ឱកាស​នោះ ព្រះ‌បាទ​សាឡូម៉ូន​ប្រារព្ធ​ពិធី​បុណ្យ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​បន្ត​ទៀត រួម​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។

9. នៅ​ថ្ងៃ​ទី​ប្រាំ​បី អង្គ​ប្រជុំ​ជួប‌ជុំ​គ្នា ធ្វើ​ពិធី​ឆ្លង​អាសនៈ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ ហើយ​ប្រារព្ធ​ពិធី​បុណ្យ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។

10. នៅ​ថ្ងៃ​ទី​ម្ភៃ​បី​នៃ​ខែ​ទី​ប្រាំ‌ពីរ ព្រះ‌រាជា​ក៏​ឲ្យ​ប្រជា‌ជន​វិល​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ​ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ព្រម​ទាំង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 7