គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 36:15-23 Khmer Standard Version (KHSV)

15. ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ បាន​ចាត់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​ទៅ​ដាស់‌តឿន​ពួក​គេ​ជា​ច្រើន​ដង ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ប្រជា‌រាស្ត្រ និង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ផ្ទាល់។

16. ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រមាថ​អ្នក​ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​ទៅ ពួក​គេ​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រមាថ​ពួក​ព្យាកា‌រី រហូត​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំង មិន​អាច​ប្រែ‌ប្រួល​បាន។

17. ពេល​នោះ ព្រះ‌អម្ចាស់​ក៏​បាន​ចាត់​ស្ដេច​នៃ​ជន‌ជាតិ​ខាល់ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្ដេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​សម្លាប់​រង្គាល​ប្រជា‌ជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវ។ ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។

18. ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រមូល​វត្ថុ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​របស់​ទាំង​តូច ទាំង​ធំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​ស្ដេច និង​ផ្ទះ​របស់​ពួក​មន្ត្រី នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។

19. កង‌ទ័ព​បាប៊ី‌ឡូន​បាន​ដុត​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ផ្ដួល​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កម្ទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។

20. ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​កៀរ​ប្រជា‌ជន ដែល​នៅ​សេស‌សល់​ពី​សង្គ្រាម យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន។ អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសករ​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា និង​បុត្រ​របស់​ស្ដេច រហូត​ដល់​អាណា‌ចក្រ​ពែរ្ស​គ្រប់‌គ្រង​ស្រុក។

21. ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​យេរេមា​ថា «ស្រុក​ទេស​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ដូច្នេះ ក្នុង​អំឡុង​ពេល​នោះ ទឹក​ដី​នឹង​បាន​សម្រាក ជំនួស​ឆ្នាំ​សប្ប័ទ*​ដែល​ប្រជា‌ជន​ពុំ​បាន​គោរព»។

22. ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស ព្រះ‌អម្ចាស់​បាន​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះ‌ចៅ​ស៊ីរូស ឲ្យ​ចេញ​ប្រកាស និង​រាជ‌ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្ដេច​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង តាម​រយៈ​លោក​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖

23. «ព្រះ‌ចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី មក​ឲ្យ​យើង​គ្រប់‌គ្រង។ ព្រះ‌អង្គ​បញ្ជា​ឲ្យ​យើង​សង់​ព្រះ‌ដំណាក់​មួយ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះ‌អង្គ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សូម​ឲ្យ​ព្រះ​របស់​គេ​គង់​នៅ​ជា​មួយ​គេ»។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 36